ទើបតែវ័យ១៧ឆ្នាំ យុវតីម្នាក់នេះយកប្រាក់សន្សំ២ពាន់$ រកស៊ីលើAmazon រកចំណូលបានជាង៣ម៉ឺន$ក្នុង១ខែ
Toeuy HongJANUARY 9 20242.3 K views

 Bella Lin គឺជាយុវតីវ័យ១៧ឆ្នាំម្នាក់រស់នៅរដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក អាចបង្កើតមុខរបរមួយផ្ទាល់ខ្លួនគឺអាជីវកម្មផលិតនិងលក់ទ្រុងកណ្ដុរលើផ្សារអនឡាញAmazon ថែមទាំងអាចរកចំណូលបានដល់ទៅជាង៣ម៉ឺនដុល្លារក្នុងមួយខែ។

 

 អាជីវកម្មរបស់ Bella Lin មានឈ្មោះថា GuineaLoft ជាអាជីវកម្មផលិតនិងលក់ទ្រុងកណ្ដុរចិញ្ចឹមដោយដាក់លក់នៅលើផ្សារអនឡាញAmazon។ គំនិតអាជីវកម្មចាប់ផ្ដើមផុសឡើងនៅពេលដែលនាងបានឲ្យកណ្ដុរពូជ Guinea Pig ចំនួន៣ក្បាលរត់លេងនៅវាលស្មៅក្រោយផ្ទះរបស់នាងតែជាអកុសលមានសត្វស្ទាំងមួយក្បាលបានហើរមកឆក់យកកូនកណ្ដុរបស់នាងទៅបាត់។

 

បន្ទាប់ពីជួបហេតុការណ៍សត្វស្ទាំងឆក់យកកូនកណ្ដុរទៅបាត់នាងក៏លេចចេញនូវគំនិតអាជីវកម្មមួយគឺនាងបានរចនាទ្រុងកណ្ដុរដែលមានភាពល្អប្រសើរសម្រាប់ដាក់កណ្ដុរឲ្យមានសុវត្ថិភាពដោយនាងបានរចនាគំរូបទ្រុងកណ្ដុរជាច្រើនម៉ូដែល។

 

ក្រោយពីរចនាទ្រុងកណ្ដុរបានច្រើនហើយនោះ នាងបានយកលុយសន្សំចំនួន២ពាន់ដុល្លារចាប់ផ្ដើមអាជីវកម្មមួយឈ្មោះ GuineaLoft ដោយនាងបានប្រាប់ប៉ានាងដែលជា Computer programmer ថានាងចង់ផលិតទ្រុងកណ្ដុរឲ្យកាន់តែល្អប្រសើរ ហើយប៉ានរបស់នាងក៏ទាក់ទងទៅគ្រួសារមួយដែលមានរោងចក្រនៅប្រទេសចិនដើម្បីផលិតទ្រុងសត្វចិញ្ចឹមតូចៗ។ បន្ទាប់ពីនោះនាងចាប់ផ្ដើមយកដើមទុនជាប្រាក់សន្សំ២ពាន់ដុល្លារបង្កើតអាជីវកម្មឈ្មោះថា GuineaLoft ដែលលក់ទ្រុងកណ្ដុរនៅលើAmazon។

 

 Bella Lin ចាប់ផ្ដើម GuineaLoft ជាផ្លូវការនៅខែវិច្ឆិកាឆ្នាំ២០២២ ហើយនៅឆ្នាំ២០២៣កន្លងទៅនេះនាងលក់ទ្រុងកណ្ដុរបានរហូតដល់ទៅ១១,០០០ទ្រុងនិងរកចំណូលបាន៤១ម៉ឺនដុល្លារគិតជាខែជាមធ្យមរកចំណូលបាន៣៤,០០០ដុល្លារក្នុងមួយខែ។

 

មេរៀនរកស៊ីដែលអ្នកគួររៀនពីយុវតី Bella Lin វ័យ១៧ឆ្នាំនោះគឺយកបញ្ហាបង្កើតជាឱកាសរកចំណូលហើយស្វែងរកការជួយជ្រោមជ្រែងពីមនុស្សជុំវិញខ្លួន។ ជាក់ស្ដែងដំបូងសត្វស្ទាំងចាប់យកកណ្ដុរនាងទៅបាត់ធ្វើឲ្យនាងគិតឃើញការផលិតទ្រុងកណ្ដុរកាន់តែល្អប្រសើរ រហូតអាចបង្កើតជាអាជីវកម្មផ្ទាល់ខ្លួនរកចំណូលបានរាប់ម៉ឹនដុល្លារក្នុងមួយខែ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia