ខេត្តបន្ទាយមានជ័យជាខេត្តទី៨ ដែលបានបិទបញ្ចប់ការវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនពលរដ្ឋនៅក្នុងមូលដ្ឋានខេត្ដរបស់ខ្លួន។ ហើយពីនេះទៅមុខ ប្រជាពលរដ្ឋនឹងធ្វើការគ្រប់គ្រងដីធ្លីប្រកបដោយសុវត្ថិភាព និងមានគុណតម្លៃ។ នេះបើយោងតាមការចេញផ្សាយពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
ការបិទបញ្ចប់នេះត្រូវបានរៀបចំធ្វើឡើងនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមសាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្ដម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ។ ហើយក្នុងឱកាសក៏មានពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៦៣៥៥បណ្ណ ជូនប្រជាពលរដ្ឋស្ថិតនៅភូមិសាស្រ្តខេត្តបន្ទាយមានជ័យផងដែរ។
ក្រសួងក៏បានបញ្ជាក់ផងដែរថា ការប្រកាសបញ្ចប់ការវាស់វែងនេះ មិនមែនមានន័យថាក្រសួងបញ្ឈប់ការវាស់វែងនោះទេ ចំពោះក្បាលដីដែលបានរំលង ឬបងប្អូនដែលមិនទាន់បានសុំចុះបញ្ជី យើងនៅតែបន្តចុះបញ្ជីជូន។ នេះគ្រាន់តែជាការបិទបញ្ចប់យុទ្ធនាការវាស់វែងប៉ុណ្ណោះ ប៉ុន្តែការងារប្រចាំថ្ងៃរបស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី នៅតែធ្វើការជូនបងប្អូនជាធម្មតា។
យោងតាមការបញ្ជក់ពីឯកឧត្ដម សាយ សំអាល់ ការវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះនៅទូទាំងប្រទេសកម្ពុជា អាចនឹងបញ្ចប់នៅក្នុងខែធ្នូ ២០២៥ ខាងមុខ។ ប៉ុន្ដែឯកឧត្ដមអាចនឹងត្រូវការពេលវេលបន្ថែមខ្លះ ដើម្បីសម្អាត និងកែតម្រូវការងារដែលនៅសេសសល់។ ជាក់ស្ដែងដូចជាករណីបងប្អូនប្រជាពលរដ្ឋខ្លះ ពេលក្រសួងចុះបញ្ជីជាពលរដ្ឋពួកគាត់មិននៅក្នុងភូមិនោះទេ គាត់ទៅធ្វើការនៅក្រៅ ដូច្នេះក្រសួងនឹងធ្វើការចុះបញ្ជីជូនវិញផងដែរ៕