ក្រុមហ៊ុនអាកាសចរណ៍ធំមួយរបស់ប្រទេសវៀតណាមមានឈ្មោះថា Bamboo Airway បានប្រកាសថាខ្លួននឹងតភា្ជប់ជើងហោះហើរថ្មីចេញពីទីក្រុងហាណូយមកកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាប។ នេះតាមការចេញផ្សាយរបស់សារព័ត៌មាន XINHUA កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២។
ប្រភពដដែលបានឱ្យដឹងក្រុមហ៊ុនអាកាសចរណ៍របស់វៀតណាមនេះ បានប្រើប្រាស់យន្តហោះបែបទំនើប Embraer-190 ក្នុងការចាប់ផ្តើមជើងហោះហើថ្មីរបស់ខ្លួន។ ជាមួយគ្នានេះដែរ អាកាសយានដ្ឋានអន្តរជាតិសៀមរាប ក៏បានចាប់ផ្តើមស្វាគមន៍ការវិលត្រឡប់មកវិញជាបណ្ដើៗ សម្រាប់ជើងហោះហើរអន្តរជាតិចាប់ពីខែធ្នូ ចុងឆ្នាំ២០២១ បន្ទាប់ពីការផ្អាករយៈពេល២០ខែ បណ្តាលមកពីវិបត្តិកូវីដ-១៩ ដែលធ្វើឱ្យប៉ះពាល់មកលើការធ្វើដំណើរតាមផ្លូវអាកាស។
បច្ចុប្បន្ននេះអាកាសយានដ្ឋានអរន្តជាតិសៀមរាប មានជើងហោះហើរទៅមកក្រុងបាងកក ប្រទេសថៃ ក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ក្រុងចំនួន៣របស់វៀតណាម ដែលមានក្រុងហូជីមិញ ក្រុងដាណាង និងហាណូយ រួមជាមួយស្រុក២ទៀតរបស់វៀតណាមផងដែរ។
សូមបញ្ជាក់ផងដែរថា ផ្លូវហោះហើរថ្មីដែលតភ្ជាប់ពីទីក្រុងហាណូយ មកកាន់ខេត្តសៀមរាប នេះនឹងមានលក្ខណៈអំណោយផលដល់ការស្ដារឡើងវិញ នូវសេដ្ឋកិច្ចប្រទេសទាំង២ តាមរយៈផ្លូវអាកាសនិង បំពេញតួនាទីដ៏សំខាន់ក្នុងការចូលរួមចំណែកក្នុងការអភិវឌ្ឍនៃប្រទេសទាំងពីរលើគ្រប់វិស័យដូចជាទេសចរណ៍ សេដ្ឋកិច្ច និងវប្បធម៌ជាដើម៕
អត្ថបទដោយ៖ ឌឿក ស្រី នុត រតនៈ