ទម្លាប់ផ្ទាល់ខ្លួនគឺជាកត្តាមួយដែលអាចកំណត់ពីភាពជោគជ័យ និងបរាជ័យនៅក្នុងជីវិត។ មនុស្សជាច្រើនខ្លាចការខុសឆ្គង និងការផ្លាស់ប្តូរ ប្រសិនបើយើងពិចារណាពីបុគ្គលដែលជោគជ័យហើយ ពួកគេគឺជាមនុស្សដែលមិនងាយនឹងចុះចាញ់ឡើយ ប៉ុន្តែពួកគេបានរៀនសូត្រពីកំហុសឆ្គងពីអតីតកាលទុកជាមេរៀន។ ដូច្នេះយើងសូមលើកយកទម្លាប់៣យ៉ាង ដែលអាចធ្វើឲ្យអ្នកបរាជ័យក្នុងជីវិត៖
ប្រសិនបើអ្នកដាក់ផែនការជីវិត ឬផែនការបំពេញការងារ ប៉ុន្តែអ្នកមិនអាចធ្វើផែនការនោះបានដោយសារតែអ្នកចូលចិត្តទុកពីមួយថ្ងៃទៅមួយថ្ងៃ ឬគិតថាចាំធ្វើនៅថ្ងៃស្អែកក៏មិនយឺតពេលដែរ រហូតដល់វាក្លាយជាទម្លាប់នោះនឹងធ្វើឲ្យអ្នកក្លាយជាមនុស្សយឺតយ៉ាវនិងខ្វះកម្លាំងជំរុញចិត្តនៅក្នុងការបំពេញការងារ។
ជាដំណោះស្រាយ នៅក្នុងការដាក់ផែនការម្តងៗអ្នកមិនគួរគិតបណ្តែតបណ្តោយ គឺគួរតែកំណត់ឲ្យច្បាស់ទាំងថ្ងៃ និងពេលវេលា រួមទាំងកំណត់ពីលទ្ធផលនិងផែនការបន្ទាន់ដែលនឹងទទួលបាន។ ប្រសិនបើការងារនោះមិនដំណើរការតាមផែនការដែលបានកំណត់ទុក។ នៅពេលដែលធ្វើបែបនេះជាញឹកញាប់ នឹងជួយឲ្យអ្នកអាចធ្វើវាតាមផែនការរបស់អ្នក។
២. ទម្លាប់ខ្លាចការផ្លាស់ប្តូរថ្មីៗ៖
បន្ទាប់ពីកម្ចាត់ទម្លាប់ពន្យាពេលរួចហើយ ជំហានបន្ទាប់ចូលបំបាត់ទម្លាប់ភ័យខ្លាចលើសកម្មភាពថ្មីៗ ព្រោះការសាកល្បងអ្វីដែលថ្មីគឺជាផ្លូវដែលធ្វើឲ្យយើងក្លាហានដើរបន្តទៅមុខទៀតយ៉ាងឆាប់រហ័ស។ មនុស្សជាច្រើនចូលចិត្តខ្លាចរឿងដែលមិនទាន់មកដល់រហូតដល់ធ្វើឲ្យពួកគេមិនហ៊ានធ្វើអ្វីដែលថ្មីព្រោះខ្លាចអាចនឹងខុស។ ដំណោះស្រាយនោះគឺ ផ្លាស់ប្តូរភាពភ័យខ្លាចឲ្យទៅជាភាពក្លាហាន។
៣. ទម្លាប់ព្រមចុះចាញ់ងាយពេក
ពិតណាស់ ការចុះចាញ់ពេលខ្លះជារឿងល្អប៉ុន្តែការព្រមចុះចាញ់ងាយពេកវាគឺជាទម្លាប់ដ៏អាក្រក់មួយផងដែរ។ មនុស្សមួយចំនួនសួរខ្លួនឯងថា ហេតុអ្វីបានជាទៅមិនដល់គោលដៅ។ សាកល្បងត្រឡប់មកសួរខ្លួនឯងម្តងទៀតថាយើងព្រមចុះចាញ់ងាយឬទេ។ អ្នកខ្លះព្រមចុះចាញ់ទាំងខ្លួនមិនទាន់បានព្យាយាម ប្រសិនបើអ្នកមានទម្លាប់បែបនេះទោះបីជាបង្កើតគោលដៅថ្មីរាប់រយទៀតក៏គ្មានថ្ងៃទៅដល់គោលដៅដែរ។
ជាមួយគ្នានេះ ជាដំណោះស្រាយអ្នកត្រូវផ្លាស់ប្តូរខ្លួនឯងឲ្យក្លាយទៅជាមនុស្សមិនព្រមចុះចាញ់ មានការតាំងចិត្តខ្ពស់ និងមិនធ្វើខ្លួនទន់ជ្រាយទៅតាមការញុះញង់ដោយយល់ព្រមលំបាកនឿយហត់ដើម្បីទៅដល់អ្វីដែលអ្នកប្រាថ្នាចង់បាន៕
អត្ថបទដោយ៖ ពីង ជូអេង