អូស្ត្រាលីគឺជាប្រទេសដែលឈរនៅលេខរៀងទី៦ ជាប្រទេសធំជាងគេនៅក្នុងពិភពលោក ដែលមានផ្ទៃដី ៧,៦១៧,៩៣០ គីឡូម៉ែត្រការ៉េ។ យ៉ាងណាមិញប្រទេសនេះគ្រោងយកដីដែលមានទំហំប្រមាណ៤៧៥,៤៦៥ គីឡូម៉ែត្រការ៉េ ជាឧទ្យានសមុទ្រ ខណៈដីនោះមានទំហំធំប៉ុនប្រទេសអេស្ប៉ាញ ហើយបើប្រៀបធៀបនឹងកម្ពុជាគឺមានទំហំធំជាងជិត ៣ ដងឯណោះ។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Strait Time បានឱ្យដឹងថា ឧទ្យានជាតិដែល ឧទ្យានដ៏ធំមួយននេះគឺការពង្រីកទំហំឧទ្យានសមុទ្យចាស់ដែលមានឈ្មោះថា Macquarie Island Marine Park ឱ្យធំជាងមុន ៣ដង ពោលគឺត្រូវមានផ្ទៃក្រឡារហូតដល់ ៤៧៥,៤៦៥ គីឡូម៉ែត្រការ៉េ។
ឧទ្យានសមុទ្រនេះគឺជាដែនសមុទ្រដោយធ្វើការការពារនិងអភិរក្ស ពោលគឺតំបន់នេះត្រូវបានហាមឃាត់មិនឱ្យមានការនេសាទ ជីកយករ៉ែ និងធ្វើសកម្មភាពអាជីវកម្មណាមួយនោះទេ។
តាមការបញ្ជាក់ពីប្រភពខាងលើ ឧទ្យាននេះគឺជាដែនជម្រករបស់សត្វភេនឃ្វីន សត្វផ្សោត ក៏ដូចជាសត្វដែលជិតផុតពូជជាដើម។ លើពីនេះ នៅក្នុងតំបន់នោះក៏មានមជ្ឈមណ្ឌលវិទ្យាសាស្ត្រ ផងដែរ។ ហើយបើធ្វើការប្រៀបធៀបពីទំហំវិញគឺ ឧទ្យានសមុទ្រ Macquarie Island Marine Park នឹងមានផ្ទៃក្រឡាធំជាងប្រទេសអាឡឺម៉ង់ ជប៉ុន វៀតណាម និងមានទំហំប្រហាក់ប្រហែលនឹងប្រទេសអេស្ប៉ាញ ឬប្រ្ទេសកាមេរូន៕
អត្ថបទដោយ៖ ឌឿក ស្រីនុត