មកស្គាល់ម្ចាស់កោះសង្សារ ដែលបានប្រែកោះតម្លៃ ១៥០០០$ ទៅជារីសតលំដាប់អភិជន មិនចាញ់ម៉ាឌីវ
Ping Chou EngDECEMBER 4 20241.7 K views

អ្នកស្រី Melita Koulmandas គឺនាយកប្រតិបត្តិនិងជាម្ចាស់កោះសង្សាររីសតប្រណីតលំដាប់អភិជន នៅខេត្តព្រះសីហនុស្អាតមិនចាញ់កោះម៉ាឌីវ បានចំណាយលុយ១៥០០០$ ទិញកោះសង្សារ ក្នុងឆ្នាំ២០០៦ កំឡុងពេលដែលតំបន់កោះ នេះស្ថិតនៅប្រជុំកោះរ៉ុងនឹងត្រូវបានហ៊ុំព័ន្ធដោយជីវៈចម្រុះដែលត្រូវបានបំផ្លាញ។  

 

កំពង់សោម កោះសង្សារ២

 

ថ្លែងប្រាប់កាសែត CNA អ្នកស្រី Melita Koulmandas បាន​ឱ្យដឹងថាកាលពីឆ្នាំ២០០៦ អ្នកស្រីនិងស្វាមីបានមកលេងទឹកដីវប្រទេសកម្ពុជា  ក្នុងអំឡុងពេលវិស្សមកាល និងបានឈានទៅលេងតំបន់ប្រជុំកោះរ៉ុងហើយត្រូវបានអ្នកស្រុកនិយាយបញ្ចុះបញ្ចូលឱ្យទិញកោះសង្សារនេះក្នុងតម្លៃ១ម៉ឺន៥ពាន់ដុល្លារ។

 

ដោយសារពួកគេចង់បានប្រាក់ទៅសាងជីវិតថ្មីលើដីគោកវិញ ត្បិតការអាស្រ័យផលជាមួយកោះ ដោយរបរនេសាទ មិនអាចផ្តត់ផ្គង់ជីវភាពគ្រួសារគ្រប់នោះឡើយ។

 

តម្លៃ១៥០០០ពាន់ដុល្លារអាមេរិកបានធ្វើឱ្យប្តីប្រពន្ធអូស្រ្តាលីមួយគូនេះសម្រេចចិត្តទិញទាំងអាល់អែក និងបាន​ឡើង​ទៅ​ភ្នំពេញ ធ្វើ​ឯកសារ​ទិញដូរយកឈ្មោះជាម្ចាស់កោះ ស្ថិតក្រោមការអនុញ្ញាតិកុងត្រា៩៩ឆ្នាំ។

 

Song Saa Private Island Melita Koulmandas

 

ដំបូងឡើយក្រោយទិញកោះនេះ ពួកគាត់ពុំមានបំណង បង្កើតរីសតនោះទេ ព្រោះតែគោលបំណងដំបូងគឺបង្កើតមូលនិធិការពារជីវចម្រុះក្នុងតំបន់ប៉ុណ្ណោះ។ ប៉ុន្តែដោយមើលឃើញថា ប្រជាជននៅតំបន់ប្រជុំកោះរ៉ុងនេះមិនមានការងារធ្វើ ជាពិសេសស្រ្តី​ដែលពឹងកម្លាំងលើប្តីចេញនេសាទ។

 

អ្នកស្រីក៏បានសម្រេចចិត្តថាបើកកោះសង្សារ ជារមណីយដ្ឋានលំហែឯកជន​នៅក្នុងឆ្នាំ២០១២  ដើម្បីបង្កើតឱកាសការងារសម្រាប់អ្នកភូមិក្នុងតំបន់កោះ និងដើម្បីទ្រទ្រង់មូលនិធិការពារជីវចម្រុះរបស់សមុទ្រផង។

 

ក្រោមការអភិវឌ្ឍន៍និងគ្រប់គ្រងរបស់ស្រ្តីជនបរទេសរូបនេះជាង២០ឆ្នាំ កោះសង្សារ បានក្លាយជាកោះឋានសួគ៌ មានកោះអូន និងកោះបង ដែលតភ្ជាប់ដោយស្ពានថ្មើរជើងលើតំបន់អភិរក្សសមុទ្រ បានក្លាយជាកោះស្អាតដាច់គេ រំលេចរូបរាងយ៉ាងស្រស់អស្ចារ្យស្ថិតនៅលើផ្ទៃមហាសាគរភាគនិរតីនៃតំបន់ឆ្នេរសមុទ្រកម្ពុជា។  

 

A298cc25 Fbed 4399 875b E4020261510e

 

កោះនេះត្រូវបានគេប្រសិទ្ធនាមថាជា ឋានសួគ៌ក្រោមមេឃ និងជាប់ជាកោះស្អាតបំផុតមួយនៅអាស៊ីអាគ្នេយ៍ បើយោងតាមការវាយតម្លៃដោយ travelandeisureasia ដែលមនុស្សគ្រប់គ្នាគួរតែទៅកម្សាន្តឲ្យបានម្តងក្នុងមួយឆាកជីវិត។

 

ដោយថ្មីៗនេះកាលពីដើមឆ្នាំ ២០២៤ សណ្ឋាគារ និងរីស៊តកោះសង្សារ (Song Saa Private Island )បានជាប់ក្នុងបញ្ជីមាសប្រចាំឆ្នាំ២០២៤ ជាសណ្ឋាគារ និងរីសតដែលល្អបំផុតនៅលើពិភពលោក «The best hotels and resorts in the world: The Gold List 2024» ថែមទៀតផង។ 

 

វីឡាស្នាក់នៅលើកោះអភិជននេះបាន បែងចែកទៅជាបីប្រភេទគឺ Overwater, Jungle និង Ocean View ឯតម្លៃនៃការស្នាក់លើកោះនេះ ដោយនៅផ្អែកលើសេវាកម្មនិងគុណភាពនៃការស្នាក់នៅ គឺក្នុង១យប់មានតម្លៃចន្លោះពី៨៩០ដុល្លារ ទៅដល់៥ពាន់ដុល្លារ (តម្លៃអាចមានការប្រែប្រួលឡើងថ្លៃ ឬចុះថោកអាស្រ័យទៅតាមរដូវកាល)។ ក្នុងនោះអ្នកស្រី Koulmandas ក៏បានបញ្ជាក់ថាគោលដៅ​ភ្ញៀវ​ធំ ​បំផុត​របស់​រមណីយដ្ឋានកោះសង្សារ​គឺ​ អ្នក​ក្រេប​ទឹកឃ្មុំ ៕

 

0465d5dc 83dd 457b B5ed 3b643d226248

 

E8d0581e Dd30 495c 9a51 Ba2d0d751fcb

អត្ថបទដោយ៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia