ក្រុមហ៊ុនយក្សចិន ដាក់គោលដៅអភិវឌ្ឍតំបន់សំខាន់មួយរបស់ប្រទេសកម្ពុជា
Bunthoeun KoemDECEMBER 2 2024745 views

ក្រុម​ហ៊ុន Yunnan Investment Group មានមូលដ្ឋាននៅប្រទេសចិនបានបង្ហាញពីគម្រោងអភិវឌ្ឍតំបន់ជុំវិញព្រលានយន្ដហោះអន្ដរជាតិសៀមរាបអង្គរ ដែលមានទីតាំងស្ថិតក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្ដសៀមរាប។ ខណៈកាលពីពេលកន្លងទៅក្រុមហ៊ុនបានបោះទុនវិនិយោគប្រមាណ ១ ពាន់លានដុល្លារដើម្បីសាងសង់ព្រលានយន្ដហោះថ្មីនេះ។

 

Img 1153

 

យោងតាមការដកស្រង់ពីក្រសួងព័ត៌មាន បានឲ្យដឹងថា កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ លោក Lu Wei ប្រធានក្រុមប្រឹក្សាភិបាលនៃព្រលានយន្ដអន្ដរជាតិសៀមរាបអង្គរ បានជួបពិភាក្សាការងារជាមួយនឹងឯកឧត្ដម ហែម វណ្ណឌី រដ្ឋមន្ដ្រី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនរានុវត្ដន៍។ នៅក្នុងនោះជំនួបនោះលោក Wei បានស្នើសុំកិច្ចសហការជាមួយក្រសួងលើគម្រោងអភិវឌ្ឍតំបន់ជុំវិញ ដោយផ្តោតលើការទាក់ទាញឧស្សាហកម្មដែលបង្កើតតម្លៃបន្ថែមខ្ពស់។ លោកបានលើកឡើងថា ក្រុម​ហ៊ុន Yunnan Investment Group គ្រោងវិនិយោគបន្ថែម​ដើម្បី​អភិវឌ្ឍ​អាកាសយានដ្ឋាន និង​តំបន់​ជុំវិញ​។

 

ជាការឆ្លើយតប ឯកឧត្តម ហែម វណ្ណឌី បានកោតសរសើរក្រុមហ៊ុនដែលបានសម្រេចចិត្តវិនិយោគរយៈពេលវែងនៅកម្ពុជា និងបានអបអរចំពោះកំណើនអ្នកដំណើរ។ ឯកឧត្តមបានបញ្ជាក់ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការគាំទ្រក្រុមហ៊ុន ដើម្បីទាក់ទាញទាំងភ្ញៀវទេសចរ និងឧស្សាហកម្មមកកាន់តំបន់នេះ។

 

Img 1156

 

ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា៖ "យើងចង់ឱ្យក្រុមហ៊ុនវិនិយោគ ទាំងតូច និងទាំងធំ ទទួលជោគជ័យ។ នៅពេលដែលឧស្សាហកម្មក្នុងស្រុករីកចម្រើន ការដឹកជញ្ជូនតាមផ្លូវអាកាសនឹងកើនឡើង ដែលនឹងជំរុញការអភិវឌ្ឍអាកាសយានដ្ឋាននេះ និងតំបន់ជុំវិញបន្ថែមទៀត។”

 

សូមជម្រាបថា ព្រលានយន្ដហោះអន្ដរជាតិសៀមរាបអង្គរ ដែលមានចំងាយប្រមាណ ៥០ គីឡូម៉ែត្រពីទីក្រុងសៀមរាប ត្រូវបានបើកដំណើរការជាផ្លូវការក្នុងខែតុលា ឆ្នាំ២០២៣។ ព្រលាននេះមានសមត្ថភាពទទួលអ្នកដំណើររហូតដល់ ៧ លាននាក់ក្នុងមួយឆ្នាំ ដោយផ្តល់ជាច្រកចេញចូលដ៏ទំនើបមួយទៅកាន់តំបន់បេតិ​កភណ្ឌពិភពលោករបស់អង្គការយូណេស្កូ រួមមានប្រាង្គប្រាសាទអង្គរវត្ត និងប្រាសាទបុរាណជាច្រើន៕

 

97fba748 Fead 4a71 A567 1c53574d0323

62b4bedb E904 4401 8365 2924e5894ca9

441aa42a Daa9 4b76 A5cd Bfedb64a3404

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia