នៅក្នុងបទសម្ភាសន៍ជាមួយលោកគ្រូ សំ កុសល កាលពីពេលថ្មីៗ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាបានចែករំលែកពីស្ថានភាពសេដ្ឋកិច្ចកម្ពុជានាពេលបច្ចុប្បន្នហើយក៏បានពន្យល់ច្បាស់ចំពោះមូលហេតុដែលពលរដ្ឋតែងតែឆ្ងល់ថាចំណូលជាតិនិងសេដ្ឋកិច្ចជាតិកើន ប៉ុន្ដែហេតុអ្វីពលរដ្ឋម្នាក់ៗគ្មានលុយនិងពិបាករកលុយ។
ជុំវិញចម្ងល់ខាងលើ លោកបណ្ឌិត គី សេរីវឌ្ឍន៍បានលើកឡើងថាចំណូលរបស់កម្ពុជាយើងកើនឡើងចំនួន៦%ប៉ុន្ដែអ្នករកស៊ីតឹងពិបាករកចំណូលនេះមិនមែនទើបតែតឹងនៅក្នុងឆ្នាំ២០២៤នោះទេពោលគឺតឹងតាំងពីពាក់កណ្ដាលឆ្នាំ២០២៣បន្ទាប់ពីចូលឆ្នាំខ្មែរហើយ។
យ៉ាងណាមិញលោកបណ្ឌិតក៏បានបញ្ជាក់ផងដែរថាចាប់ពីខែកុម្ភៈឆ្នាំ២០២៤មកដល់បច្ចុប្បន្ននេះស្ថានភាពការចាយវាងរបស់ប្រជាពលរដ្ឋហាក់ប្រសើរជាងមុនបន្តិច។ ប៉ុន្ដែអ្វីដែលជាបញ្ហាគឺចាប់ពីខែមិថុនាឆ្នាំ២០២៣ដល់ខែកុម្ភៈឆ្នាំ២០២៤គឺពលរដ្ឋជាច្រើនមានសម្ពាធបំណុលខ្ពស់។ យ៉ាងណាមិញមកដល់ពេលនេះពលរដ្ឋមួយចំនួនបានធូស្រាលពីបំណុលគឺដោយសារការរៀបចំឥណទានឡើងវិញដែលរដ្ឋាភិបាលអនុញ្ញាតឲ្យធនាគារមានការៀបចំឥណទានឡើងវិញជូនពលរដ្ឋ។
ស្រាយចម្ងល់ពលរដ្ឋដែលឆ្ងល់ថាចំណូលជាតិកើនតែពលរដ្ឋអត់លុយ លោកបណ្ឌិតពន្យល់ថាចំណូលជាតិកើនយើងអាចមើលវិស័យដែលកើន។ ត្រង់លោកបណ្ឌិតថាវិស័យសេវាកម្មគឺជាវិស័យដែលធ្វើការផ្ទាល់ជាមួយប្រជាជនហើយវិស័យនេះមិនមានការរីកចម្រើនទេ ពោលគឺសណ្ឋារភ្ញៀវទេសចរចុះថយ សេវាដឹកជញ្ជូល សេវាម្ហូបអហារចាប់ផ្ដើមដើរយឺតដោយសារតែគ្មានភ្ញៀវទេសចរ អត់មានលំហូរចំណូល។
យ៉ាងណាមិញអ្វីដែលរួមចំណែកក្នុងកំណើនសេដ្ឋកិច្ចគឺវិស័យឧស្សាហកម្ម។ ប៉ុន្ដែវិស័យឧស្សាហកម្មក្រុមហ៊ុនភាគច្រើនមិនមែនម្ចាស់ជាខ្មែរនោះទេពោលគឺខ្មែរបានតែកម្លាំងពលកម្ម ប្រាក់ខែ ប្រាក់ឈ្នួលពលកម្ម ថ្លៃទឹកថ្លៃភ្លើង ថ្លៃជួលអនាគារនិងចាយវាយលើម្ហូបអាហារបន្តិចៗប៉ុណ្ណោះ។
ត្រង់នេះលោកបណ្ឌិតក៏បានបញ្ជក់ផងដែរថារាប់ពីការនាំចេញគឺចាត់ទុកជាចំណូលហើយប៉ុន្ដែការបែងចែកចំណូលមកចែកប្រជាពលរដ្ឋគឺចែកមិនស្មើគ្នានោះទេដោយមួយចំណែកធំទៅម្ចាស់រោងចក្រហើយនេះគឺជាបញ្ហាប្រឈមដែលយើងឃើញបច្ចុប្បន្ននេះ៕