ធនាគារអភិវឌ្ឍន៍អាស៊ី ដែលហោះកាត់ថា ADB បានអនុម័តផ្ដល់ប្រាក់កម្ចីផ្អែកលើគោលនយោបាយចំនួន ៤០ លានដុល្លារ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាការពង្រឹងបន្ថែម ការផ្តល់សេវាសាធារណៈដោយរដ្ឋបាលមូលដ្ឋាន តាមរយៈកំណែទម្រង់ជាបន្តបន្ទាប់ក្នុងវិស័យហិរញ្ញវត្ថុសាធារណៈ និង វិមជ្ឈការ។
យោងតាមការចេញផ្សាយរបស់ ADB នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ បានឲ្យដឹងថា កម្ចីកម្មវិធីរងទីពីរ និងចុងក្រោយ ក្រោមកម្មវិធីអភិវឌ្ឍន៍វិស័យសេវាសាធារណៈ និងការគ្រប់គ្រងហិរញ្ញវត្ថុដែលបានធ្វើវិមជ្ឈការ លើកទីពីរនេះ នឹងបញ្ចប់កំណែទម្រង់ជាបន្តបន្ទាប់ ដើម្បីពង្រឹងតួនាទី និងសមត្ថភាពរបស់រដ្ឋបាលមូលដ្ឋាន ក្នុងការផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព។
កំណែទម្រង់ក្រោមកម្មវិធីរងទីពីរនេះ ត្រូវបានរៀបចំឡើងដើម្បីពង្រឹងការធ្វើផែនការនិងរៀបចំថវិកា ការគ្រប់គ្រង ចំណូលនិងចំណាយ និងសមត្ថភាពបុគ្គលិកនៅកម្រិតរដ្ឋបាលមូលដ្ឋានដើម្បីផ្តល់សេវាកម្មប្រសើរឡើង, លើកកម្ពស់ការធ្វើផែនការរដ្ឋាភិបាលមូលដ្ឋាន, និង កែលម្អលទ្ធភាពទទួលបានសេវាសាធារណៈរបស់ ប្រជាពលរដ្ឋ។
ក្នុងនោះដែរលោកស្រី Jyotsana Varma នាយិកា ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជាបានលើកឡើងថា៖ “កំណែទម្រង់និងដំណោះស្រាយឌីជីថលដែលត្រូវបានអនុវត្តន៍ក្នុងកម្មវិធីនេះនឹងជួយតម្រង់ផែនការកម្រិតមូលដ្ឋានជាមួយនឹងថវិកាជាតិ និងខេត្តសម្រាប់ការផ្តល់សេវាសាធារណៈនៅមូលដ្ឋានប្រកបដោយប្រសិទ្ធភាពនិងសមធម៌ដូចជាការទទួលបានទឹកស្អាតអនាម័យនិងការអប់រំជាដើម។ វិធានការដែលអនុវត្តក្នុងកម្មវិធីនេះក៏នឹងជំរុញការចូលរួមរបស់ស្ត្រីក្នុងការធ្វើសេចក្តីសម្រេចចិត្តក្នុងកម្រិតមូលដ្ឋានផងដែរ”៕
អត្ថបទដោយ៖ ឌឿក ស្រីនុត