យោងតាមការចុះផ្សាយរបស់សារព័ត៌មាន yahoo កាលពីពេលថ្មីៗនេះបានឱ្យដឹងថា បន្ទាប់ពីក្រុមហ៊ុន Apple បានបើកដំណើរការហាងធំនៅក្នុងប្រទេសថៃនឹងសិង្ហបុរី ពេលនេះក្រុមហ៊ុនរៀបចំបើកហាងលក់រាយផ្ទាល់ខ្លួនរបស់ខ្លួនមួយទៀតនៅលើទឹកដីប្រទេសម៉ាឡេស៊ី បន្ថែមមួយទៀត។
ប្រភពដដែលមានឱ្យដឹងទៀតថា ក្រុមហ៊ុន Apple Inc បានចាប់ផ្តើមប្រកាសជ្រើសរើសបុគ្គលិកជាច្រើនផ្នែកដើម្បីបំរើការនៅក្នុងហាងរបស់ខ្លួន សម្រាប់ការជំរុញការលក់រាយទៅកាន់ប្រទេសម៉ាឡេស៊ី ក្នុងទីក្រុងកូឡាឡាំពួរឱ្យកាន់តែខ្លាំងឡើង។ មិនតែប៉ុណ្ណោះ ការនាំចូលខ្សែសង្វាក់ដ៏ធំរបស់ខ្លួនទៅកាន់ប្រទេសអាស៊ីនេះគឺជាលើកដំបូងតែម្តង។
គួរជម្រាបផងដែរថា ក្រៅពីការត្រៀមខ្លួនបើកហាងនៅម៉ាឡេស៊ី ថ្មីៗនេះ ក្រុមហ៊ុនក៏បានចាប់ផ្តើមផ្សព្វផ្សាយការចុះបញ្ជីការងារសម្រាប់ទីតាំងដំបូងរបស់ខ្លួននៅក្នុងប្រទេសឥណ្ឌា ដែលត្រូវបានគ្រោងទុកជាច្រើនឆ្នាំមកហើយផងដែរ៕