អាជ្ញាធរទេសចរណ៍ថៃ (TAT) បានចាប់ដៃគូជាមួយនឹងប្រព័ន្ធទូរស័ព្ទ True-DTAC បង្កើតយុទ្ធនាការ “Amazing Thailand Expat Privileges” ដោយផ្ដល់ជូនភ្ញៀវទេសចរអន្តរជាតិនូវ ការបញ្ចុះតម្លៃជាច្រើនទៅលើសេវាកម្មសំខាន់ៗរួមមានដូចជា កន្លែងស្នាក់នៅ ភោជនីយដ្ឋាន សេវាសុខភាព និងការធ្វើដំណើរជាដើម។
ប្រភពពី Thailand Business News បានឱ្យដឹងដែរថា ក្នុងកម្មវិធីពិសេសនេះផងដែរ មានការចូលរួមពីគ្រឹះស្ថានជាង២០០ នៅទូទាំងប្រទេសថៃ រួមមានដូចជាសណ្ឋាគារ នាវាកម្សាន្ត ភោជនីយដ្ឋាន ស្ប៉ា ក្លិបហាត់ប្រាណ និងសួនទឹកជាដើម ដែលសុទ្ធសឹងជាដៃគូរបស់ប្រព័ន្ធ True-DTAC ។
មិនតែប៉ុណ្ណោះ TAT ក៏អនុញ្ញាតឱ្យភ្ញៀវទេសចរបរទេសចូលទស្សនាកម្សាន្តឧទ្យានជាតិនៅទូទាំងប្រទេសដោយឥតគិតថ្លៃផងដែរ។ លើសពីនេះគេក៏មានការចែកប័ណ្ណដែលមានតម្លៃជាទឹកប្រាក់ ៥០០បាត សម្រាប់ឱ្យប្រើប្រាស់នីស្ថានីយ៍ប្រេងឥន្ធនៈ Bangchak ថែមទៀតផង។
សូមជម្រាបផងដែរថាយុទ្ធនាការនេះមានចាប់ពីដើមខែធ្នូ ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤។ ភ្ញៀវទេសចរទាំងអស់ដែលទៅលេងប្រទេសថៃអាចប្រើប្រាស់ការផ្ដល់ជូនទាំងនោះបានដោយគ្រាន់តែចូលទៅកាន់ https://expatprivileges.com/
អត្ថបទដោយ៖ SOKLY SO-កូនផ្កាឈូក