លោក Ali Abdaal គឺជាអតីតគ្រូពេទ្យជនជាតិអង់គ្លេស អ្នកនិពន្ធសៀវភៅនិងជាអ្នកផលិតមាតិកាឌីជីថលមួយរូប ដែលមានអ្នកតាមដានជិត៤លាននាក់នៅលើយូធូបផ្ទាល់ខ្លួន។ ដូច្នេះហើយក្នុងនាមជាបុគ្គលមានសក្តានុពលម្នាក់ លោកក៏បានរកឃើញរបៀបធ្វើការបែបផ្ទាល់ខ្លួនចំនួន៥ ដែលធ្វើឱ្យគាត់អាចចំណេញពេល៣ម៉ោងក្នុង១ថ្ងៃ ដើម្បីសន្សំពេលវេលា៖
១, ចាប់ផ្តើម៥នាទីដំបូងឱ្យល្អបំផុត
នៅពេលដែលគាត់ចាប់ផ្តើមធ្វើការអ្វីមួយមិនថាការងារនោះលំបាកឬមិនសូវលំបាក ពេញចិត្តនិងធ្វើឬមិនសូវពេញចិត្តនិងធ្វើទេគាត់តែងតែចាប់ផ្តើមធ្វើឱ្យមានសន្ទុះខ្លាំងបំផុតឱ្យបាន៥នាទីដំបូងដោយមិនពន្យារពេលអ្វីទាំងអស់ ពោលគឺមានការងារអ្វីធ្វើគឺផ្តោត៥នាទីដំបូងឱ្យល្អបំផុត នោះគាត់នឹងមានអារម្មណ៍ថាមានផលិតភាពការងារនៅនាទីបន្ទាប់ៗ ហើយការងាររបស់គាត់លឿន និងចំណេញពេល២០នាទីសម្រាប់ការងារ១នោះខុសពីធម្មតា សម្រាប់ការប្រើ ទម្លាប់ចាប់ផ្តើមវិន័យ៥នាទីដំបូងនេះ។
២, ធ្វើការងារធំៗមុន
ការងារផលិតយូធូបពីមួយដំណាក់កាលទៅមួយដំណាក់កាលរបស់លោកគឺទាមទារឱ្យមានគុណភាពនិងបច្ចេកទេសច្រើនក្នុងការផលិត ដូច្នេះជំនួសឱ្យការភ្លេចការងារណាមួយ គឺការសរសេរវាដាក់ទៅក្នុង App ដែលមិនប្រើអ៊ីនធើណេត ជៀសវាសគាត់ចំណាយពេលអង្គុយរកនឹក ចំណាយពេលសរសេរដាក់ក្រដាស ព្រោះបើសរសេរដាក់ក្រដាសគឺនិងមានរឿងលើសពីចំណុចសំខាន់ចេញមកច្រើនពីខួរក្បាល។ ដូច្នេះជំនួសឱ្យការសរសេរច្រើន គឺលោកតែងតែសរសេរនៅអេបកំព្យូទ័រតែរឿងធំៗ សំខាន់បំផុត៣ ដែលពាក់ព័ន្ធឱ្យការងារទាំងអស់ក្នុង១ថ្ងៃ ការធ្វើបែបនេះអាចធ្វើឱ្យលោកចំណេញពេល២៥នាទីសម្រាប់ការងារ។
៣, ទូរស័ព្ទ Focused
ស្មាតហ្វូនរបស់លោកគឺដាក់កម្មវិធីផ្តោត ជារៀងរាល់ពេលដែលលោកធ្វើការព្រោះវាអាចជួយឱ្យលោកគ្មានសំឡេងរំខានពីសារអេឡិចត្រូនិចហើយលោកអាចចំណេញពេលវេលាមិនក្រឡេកមើលទូរស័ព្ទដល់ទៅ៣០នាទីឯណោះ ។ ព្រោះលោកមានអ្នកគាំទ្រផង ដូច្នេះសារទូរស័ព្ទមានច្រើនបំផុត ប៉ុន្តែក្រៅពីនេះមានតែលេខទំនាក់ទំនងដែលសំខាន់ៗប៉ុណ្ណោះដែលអាចទាក់ទងលោកបាន។
៤, ប្រើនាឡិការោទ៍
សម័យទូរស័ព្ទមនុស្សកាន់គ្រប់ដៃ ម៉ោងរោទ៍ភាគច្រើនមនុស្សដាក់នៅលើស្មាតហ្វូន ដោយឡែកសេដ្ឋីវ័យក្មេងរូបនេះ គឺប្រើនាឡិការោទ៍លើតុជំនួស ព្រោះវាបានជួយគាត់ច្រើនណាស់នៅពេលព្រឹក។ សម្រាប់វិធីនេះគឺលោកចំណេញពេលវេលាដល់ទៅ២៥នាទីឯណោះ ព្រោះគាត់មិនប្រើពេលទៅបិទវា ដូចពេលប្រើទូរស័ព្ទឡើយ ដោយសារពេលគាត់ប្រើទូរស័ព្ទជាម៉ោងរោទ៍នៅពេលដឹងខ្លួនពីដំណេកមកបិទវាលោកនឹងចំណាយពេលជាង១ម៉ោងឯណោះនៅលើគ្រែដើម្បីចុចទូរស័ព្ទ។
៥, មិនចំណាយពេលកម្សាន្តលើគ្រឿងអេឡិចត្រូនិច
ត្រង់ចំណុចលោកចូលចិត្តដាក់សម្ពាធឱ្យខ្លួនឯងបន្តិច គឺលោកមិនមើលទូរទស្សន៍ មើលរឿងភាគ លេងហ្គេមអ្វីនោះទេលុះត្រាតែជួបជុំមិត្តភ័ក្តិយូរៗម្តងទើបលោកកម្សាន្តជុំពួកគេ ព្រោះលោកយល់ថាលោកធ្វើវាពីក្មេងឆ្អែតឆ្អន់ហើយ។ ប៉ុន្តែពេលទំនេរជំនួសឱ្យការមើលទូរស្សន៍ មើលទូរស័ព្ទ គឺលោកនឹងដើរហាត់ប្រាណ ធ្វើដំណើរកម្សាន្តជាមួយធម្មជាតិជាដើម ព្រោះការធ្វើបែបនេះវានឹងធ្វើឱ្យលោកមានសុខភាពល្អ ចំណេញពេលវេលាច្រើនបំផុត ហើយខួរក្បាលល្អទៀតផង។
យ៉ាងណាមិញរបៀបខាងលើនេះគឺជារបៀបធ្វើការផ្ទាល់ខ្លួនរបស់សេដ្ឋីយូធូបវ័យក្មេងដែលបានអនុវត្តក្នុងជីវិតប្រចាំថ្ងៃរបស់លោក ដើម្បីផលិតភាពការងារនិងសន្សំសំចៃពេលវេលាបានច្រើនសម្រាប់ការងារដ៏មមាញឹកដែលលោកមានជាប្រចាំថ្ងៃ។ ដូច្នេះហើយសម្រាប់ប្រិយមិត្តដែលគិតថាទម្លាប់ក្នុងការធ្វើការមួយណាសាកសមនិងមានប្រសិទ្ធិភាពសម្រាប់់បងប្អូនគឺអាចពិចារណាសាកល្បងបាន។
សូមជម្រាបផងដែរថាបច្ចុប្បន្នបុរសវ័យ២៨ឆ្នាំរូបនេះបានអាចរកចំណូលបានខ្ទង់ម៉ឺនដុល្លារក្នុង១ខែៗពីការផលិតមាតិកាទាក់ទងនឹងរបៀបក្នុងការសិក្សា ការអានសៀវភៅល្អៗប្លែកៗ គន្លឹះដើម្បីបង្កើនផលិតភាពការងារ បទពិសោធន៍ជីវិត កម្មវិធីបច្ចេកវិទ្យាប្លែកៗ មេរៀនហិរញ្ញវត្ថុក្នុងការកសាងទ្រព្យ សន្សំលុយ និងចែករំលែកអំពីគំនិតក៏ដូចជារបៀបក្នុងការបង្កើតចំណូលអកម្ម ហើយទម្រាំឈានមកដល់ចំណុចនេះលោកបានចាយពេលអស់៦ឆ្នាំជាមួយយូធូបនិងប្រើពេលជាច្រើនជិត១០ឆ្នាំ កសាងជំនាញឌីហ្សាញ ថតវីដេអូ រៀនសរសេរកូដ រៀនដុកទ័រ ហើយចុងក្រោយចេះច្របាច់ជំនាញទាំងនោះបញ្ចូលគ្នា ទើបអាចមានលទ្ធផលដូចថ្ងៃនេះ៕
អត្ថបទដោយ៖ ពីង ជូអេង