ក្រុមហ៊ុនហាណូយ Airlios បានបង្ហាញរថយន្តអគ្គិសនីហោះ ដែលខ្លួនគ្រោងនឹងលក់ជាលក្ខណៈពាណិជ្ជកម្មនៅឆ្នាំ ២០២៤ខាងមុខនេះ។ ក្រុមហ៊ុនបាននិយាយនៅឯការតាំងពិព័រណ៍នាពេលថ្មីៗនេះថា រថយន្តហោះ Airlios អាចហោះហើរបានកម្ពស់១០ម៉ែត្រ ដោយចាយពេលត្រឹម១០ វិនាទីប៉ុណ្ណោះ ហើយបន្ទាប់មក វាអាចហោះហើរក្នុងល្បឿន១០០គីឡូម៉ែត្រក្នុងមួយម៉ោងឯនោះ។
មិនត្រឹមតែប៉ុណ្ណោះ វាអាចឡើងដល់កម្ពស់ ១២០ ម៉ែត្រ ដែលប្រៀបធៀបស្មើនឹងអគារកម្ពស់ ៤៤ ជាន់។ វាមានថ្មចំនួន៨ ដែលត្រូវបានសាកពេញក្នុងរយៈពេល៧ ទៅ ៩នាទីនៅស្ថានីយ៍សាកថ្ម៣០ គីឡូវ៉ាត់។ វាភាគច្រើនផលិតពីអាលុយមីញ៉ូម និងសរសៃកាបូន ហើយអាចហោះហើរបានទាំងដោយស្វ័យប្រវត្តិ និងដោយដៃ។ គំរូបង្ហាញមួយវាបានហោះបានយ៉ាងជោគជ័យក្នុងរយៈចម្ងាយ ៣៣ គីឡូម៉ែត្រក្នុងរយៈពេល ២០ នាទីក្នុងរយៈកម្ពស់ក្រោម ១២០ ម៉ែត្រ។ វាត្រូវបានសាកល្បងរយៈពេល ១០០ ម៉ោង និង ១០០០ គីឡូម៉ែត្រ។
លោក Mai Thien Vu ប្រធានផ្នែកបច្ចេកវិទ្យារបស់ក្រុមហ៊ុនបានប្រាប់ប្រាប់ VnExpress ថា "ឥឡូវនេះគម្រោងនេះបានបញ្ចប់ 70-80%ហើយ។ យើងគ្រោងនឹងចាប់ផ្តើមការហោះហើរលើកដំបូង ក្នុងទម្រង់ពាណិជ្ជកម្មផ្លូវការរបស់ Airlios នៅចុងឆ្នាំ ២០២៣នេះ" ។ លោកបានបន្ថែមថា អ្នកគ្រប់គ្រង និងវិស្វករនៅក្រុមហ៊ុន Airlios បានចាប់ផ្តើមគិតអំពីការផលិតរថយន្តហោះហើរកាលពីប្រាំឆ្នាំមុនមកម៉្លេះ។ ប្រសិនបើវាត្រូវបានគេដាក់ឱ្យដំណើរការតាមការគ្រោងទុក នោះ Airlios អាចនឹងក្លាយជារថយន្តហោះដំបូងគេនៅអាស៊ីអាគ្នេយ៍។
ចំពោះតម្លៃវិញ កំណែស្តង់ដារនឹងមានតម្លៃប្រហែល ៨១០០០ដុល្លារ ហើយក៏នឹងផ្តល់ជូនម៉ូដែលផ្សេងទៀតដែលមានតម្លៃរហូតដល់ ៩៩០០០ដុល្លារ ដែលតម្លៃនេះជាតម្លៃមួយដ៏ខ្ពស់មិនចាញ់រថយន្តអគ្គីសនីរបស់មហាសេដ្ឋី Elon Musk នោះទេ។ មួយរយៈចុងក្រោយនេះ មានអាជីវកម្មបង្កើតថ្មីជាច្រើន នៅក្នុងប្រទេសមួយចំនួនបានចាប់ផ្តើមធ្វើការស្រាវជ្រាវលើការបង្កើតរថយន្តអាចហោះហើរបាន។ ទន្ទឹមនឹងនេះដែរ សិង្ហបុរី ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី ក៏គ្រោងនឹងបើកដំណើរការសេវាកម្មតាក់ស៊ីហោះហើរនាពេលអនាគតផងដែរ៕