Aii និង AIS សាខាចោមចៅ បើកការដ្ឋានសាងសង់អគារសិក្សាបន្ថែមថ្មីទី៣ លើផ្ទៃដី៣ហិកតាក្បែរទីតាំងចាស់
Sopheak PichDECEMBER 18 2023

កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅនេះ នៅសាខាចោមចៅ នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀប​ចំពិធីបុកគ្រឹះបើកការដ្ឋានសាងសង់អគារសិក្សាបន្ថែមថ្មីទី៣ នៅក្បែរអគារសិក្សាទី១ និងទី២ ដែលមានទីតាំងស្ថិតក្នុងភូមិ​ជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

អគារសិក្សាបន្ថែមថ្មីទី៣ នៅសាខាចោមចៅនេះត្រូវបានសាងសង់នៅលើផ្ទៃដីសរុបប្រមាណជា៣ហិកតា ដែលមានរូបរាងអគារជាអក្សរយូ (U) កម្ពស់៤ជាន់ មានបរិវេណទីធ្លាធំទូលាយបំពាក់ទៅដោយសម្ភារសិក្សា​ ទំនើបៗលើសពីតម្រូវការអប់រំ មានទីធ្លាហាត់កីឡា បន្ទប់ពិសោធ បន្ទប់គេហកិច្ច បន្ទប់សិល្បៈ បន្ទប់ប្រឹក្សាយោបល់ ការិយាល័យកិច្ចការសិស្ស កន្លែងកុមារលេង អាហារដ្ឋាន ហាងកាហ្វេ ស្មាតម៉ាត ហាងលក់ទំនិញ  បន្ទប់សិក្សាមានផាសុកភាព អនាម័យ និងខ្យល់បរិសុទ្ធចេញចូលគ្រប់គ្រាន់ និងមានសុវត្ថិភាពអាចបំពេញនូវតម្រូវការអប់រំដ៏កក់ក្តៅពេញ​លក្ខណៈដល់សិស្សានុ​សិស្សប្រកបដោយប្រសិទ្ធភាព និងគុណភាព។

Photo 2023 12 18 15 47 00

Photo 2023 12 18 15 46 58

Photo 2023 12 18 15 47 06

Photo 2023 12 18 15 47 09

Photo 2023 12 18 15 47 12មជ្ឈ​មណ្ឌលភាសា អេ អាយ អាយ និងសាលារៀន​ អន្តរទ្វីប អាមេរិកាំង សាខាចោមចៅ ត្រូវបានបើកដំណើរនៅក្នុង ឆ្នាំ២០១៩ ហើយមូលហតុនៃការសាងសង់ពង្រីកនូវអគារសិក្សាថ្មីបន្ថែមដ៏មានវិសាលភាពនេះ គឺដោយសារនៅ សាខាចោមចៅជាតំបន់​ដ៏សក្តានុពលបំផុត ដែលមានកំណើនសិស្សានុសិស្សសិក្សា​កើន​ឡើងជាខ្លាំងនៅក្នុងឆ្នាំនេះ ស្របពេលដែលសង្គមជាតិមាន​ស្ថេរភាព កំណើនសេដ្ឋកិច្ច ជាពិសេសគឺ​ដើម្បីឆ្លើយតប​ទៅនឹងសំណូមពរដ៏ច្រើនពី​សំណាក់មាតាបិតា អ្នកអាណាព្យា​បាល សិស្សានុសិស្ស និងស្របតាម​តម្រូវការ​ទីផ្សារអប់រំជាក់ស្តែងផងដែរ ខណៈអគារសិក្សាទី១ និងទី២ បច្ចុប្បន្នបានទទួលសិស្សពេញ និងផ្អាកទទួលសិស្សានុសិស្សមួយរយៈពេល។ អគារសិក្សាថ្មីនេះ គ្រោងនឹងបញ្ចប់ការសាងសង់នៅពាក់កណ្តាលឆ្នាំ២០២៤ ដើម្បីបំពេញឱ្យទាន់នូវតម្រូវការ ទទួលសិស្សា​នុសិស្ស​ថ្មីដែលសិក្សាថ្នាក់ភាសាអង់គ្លេស ភាសាចិន និងភាសាថៃ នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងថ្នាក់ចំណេះដឹងទូទៅខ្មែរ ចាប់ពីថ្នាក់ក្រោម​មត្តេយ្យសិក្សា (អាយុ២ឆ្នាំ) ដល់ថ្នាក់ទី១២ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង។

Photo 2023 12 18 15 46 50គួរបញ្ជាក់ផងដែរថា មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន​ អន្តរទ្វីប អាមេរិកាំង ជាគ្រឹះស្ថានអប់រំ មានកេរ្តិ៍ឈ្មោះល្បីល្បាញទាំង​ក្នុងរាជធានី/ខេត្ត និងក្រៅ​ស្រុក ដែលបានចូលរួមបម្រើក្នុងវិស័យអប់រំចាប់តាំងពី ឆ្នាំ២០០៥ និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាព វិន័យ និងសេវាកម្មល្អ ហើយបច្ចុប្បន្ននេះគ្រឹះស្ថានអប់រំទាំងពីរនេះបានក្លាយជាគ្រឹះស្ថានសិក្សាអប់រំឯកជនទី១ ដំបូងគេក្នុងព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានទទួលសិទ្ធិក្នុងការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិសាធារណៈ (IPO) ចាប់តាំងពីខែមិថុនា ឆ្នាំ២០២៣ កន្លងមក ព្រមទាំងបាននិងកំពុងដំណើរការពង្រីកសាខានៅក្នុងរាជធានីភ្នំពេញ និងខេត្ត ដែលរួមមានសាខាម៉ៅសេទុង (ការិយាល័យកណ្តាល) ទួលគោក ចាក់អង្រែ ចោមចៅ ផ្សារថ្មី ជ្រោយចង្វារ សែនសុខ ច្បារអំពៅ សៀមរាប តាកែវ និងទីតាំងសាខាជាច្រើនទៀតក្នុងពេលឆាប់ៗខាងមុខ៕

Sopheak Pich

អត្ថបទសរុប៖ 681

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia