តំបន់កសិ-ឧស្សាហកម្មទំហំ ៦ ពាន់ហិកតានឹងលេចរូបរាងឡើងនៅក្នុងខេត្ដស្ទឹងត្រែង ខណៈរាជរដ្ឋាភិបាលបានអនុញ្ញាត្ដឲ្យក្រុមហ៊ុនឯកជនធ្វើការវិនិយោគនៅទីនោះ។ នេះបើយោងតាមប្រសាសន៍របស់សម្ដេចធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវជាតិលេខ៧១C នៅខេត្ដត្បូងឃ្មុំនិងកំពង់ចាម កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥។
ថ្លែងនៅក្នុងកម្មវិធីខាងលើសម្ដេចធិបតីបានមានប្រសាសន៍ថា «ល្ងាចមិញនេះ ខ្ញុំទើបតែឯកភាពឲ្យមានការរៀបចំកែសម្រួលវិនិយោគជាង ៦០០០ ហិកតាដែលក្រុមហ៊ុន ១ នៅស្ទឹងត្រែងនេះគាត់បានវិនិយោគតែអត់មានលទ្ធភាពធ្វើ ឲ្យទៅក្រុមហ៊ុនមួយទៀតដើម្បីវិនិយោគក្នុងកសិកម្ម។ អុីចឹងនឹងបង្កើតកសិកម្ម ហើយគ្រោងនឹងរៀបចំរោងចក្រអីនៅនោះ ទៅជាខេត្ដកសិ-ឧស្សាហកម្មខេត្ដស្ទឹងត្រែង ខេត្ដដែលល្អនៅនោះ»។
សម្ដេចនាយករដ្ឋមន្ដ្រីបន្ដថា តាមរយៈគម្រោងខាងលើនេះ ទៅពេលខាងមុខអាចនឹងធ្វើឲ្យខេត្ដស្ទឹងត្រែងក្លាយជាខេត្ដល្បីខាងផ្នែកកសិ-ឧស្សាហកម្ម។ ពិសេសគឺផលិតមួយចំនួននៅក្នុងតំបន់។
សម្ដេចក៏បានគូសបញ្ជាក់ដែរថា កាលពីពេលថ្មីៗនេះរាជរដ្ឋាភិបាលបបានដាក់ដំណើរការ កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន (ខេត្ដរតនៈគិរី មណ្ឌលគិរី ក្រចេះ ស្ទឺងត្រែង) ដើម្បីលើកទឹកចិត្ដការវិនិយោគទៅតំបន់ទាំងនោះឲ្យកាន់តែច្រើន។ ខណៈបច្ចុប្បន្នរាជរដ្ឋាភិបាលបានវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់បន្ថែម ដើម្បីឲ្យខេត្ដទាំងនោះចូលកៀកនឹងផ្នែកផ្សេងៗនៃប្រទេស៕