មេធំ AEON MALL ប្រើយុទ្ធសាស្រ្តដឹកនាំ៤c អាចពង្រីកខ្លួន៣សាខានៅស្រុកខ្មែរ មនុស្សចូលណែនៗ
Kan DaraMARCH 10 2023822 views

ឆ្លងកាត់មហាវិថីសម្តេចសុធារស បងប្អូនប្រហែលជាមិនភ្លេចក្រឡេកមើលអគារធំលាតសន្ធឹងក្បែរបេះដូងរាជធានីភ្នំពេញទេ នោះគឺផ្សារទំនើបអ៊ីនអនម៉លទី១។ ផ្សារទំនើបលក់រាយខ្នាតយក្សដំបូងគេ ដែលចូលមកស្រុកខ្មែរអំឡុងឆ្នាំ២០១៤ រហូតដល់បច្ចុប្បន្ននេះ អាចពង្រីកខ្លួន៣សាខា ភ្ញៀវចូលណែនៗ ក្រោមការគ្រប់គ្រងរបស់មេធំ១រូប ដែលប្រើយុទ្ធសាស្រ្តដឹកនាំធំៗ៤c ឆក់បេះដូងអ្នកចូលចិត្តដើរផ្សារ។

លោក Tsuboya Masayuki នាយក​គ្រប់គ្រងនៃក្រុមហ៊ុន​អ៊ីអនម៉លកម្ពុជាបានលើកឡើងថាចក្ខុវិស័យបេសកកម្មធំ១របស់ AEON គឺ "បំពេញជីវិតប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាជាមួយនឹងលទ្ធភាពថ្មីៗ" លោកគឺជាបុគ្គលដែលឈរពីក្រោយក្រុមហ៊ុនមួយនេះអស់រយៈពេលជិត១០ឆ្នាំកន្លងមកហើយ អមជាមួយនឹងយុទ្ធសាស្រ្តដឹកនាំ៤៖

១. សុំក្លាយជាបេះដូង១ចំហៀងរបស់អតិថិជន ( Customers )

ក្រុមហ៊ុនជប៉ុន១នេះគឺរៀបចំខ្លួនយ៉ាងណា ដើម្បីឱ្យក្លាយជាផ្នែកមួយនៃការរស់នៅប្រចាំថ្ងៃរបស់អតិថិជន និងខ្វះមិនបានរបស់ប្រជាជនកម្ពុជា ស្ទាបស្ទង់អំពីទឹកចិត្តអតិថិជន សម្រួចគោលដៅឱ្យក្លាយខ្លួនជាយីហោលក់រាយលំដាប់ទី​១ក្នុងស្រុកខ្មែរ ដែលធ្វើឱ្យមនុស្សរំភើបចិត្តពេលបានទៅដល់និងដើរទិញទំនិញទុកបំពេញតម្រូវការ ក្នុងជីវភាពប្រចាំថ្ងៃ។

២. ភាពជាដៃគូ ( Commercial Partners )

AEON មកពីពាក្យជាអក្សរឡាតាំងហើយប្រែថា​ "និរន្ត៍" ភាពជាដៃគូរបស់យីហោគឺនេះផ្សាភ្ជាប់ជាមួយអតិថិជននិងដៃគូសហការជារៀងរហូត ទោះបីជាស្ថានភាពល្អឬអាក្រក់យ៉ាងណាក៏ដោយគឺត្រូវដំណើរការជាមួយទំនុកចិត្ត ការគាំទ្រគ្នាទៅវិញទៅមកក្នុងភាពជាដៃគូជាមួយយីហោទាំងអស់ ទាំងក្នុងនិងក្រៅប្រទេស ដើម្បីធ្វើឱ្យយីហោដែលរកស៊ីជាមួយក្រុមហ៊ុន AEON រីកចម្រើនរយៈពេលវែង។

៣. ជាផ្ទះទី២ ( Colleagues Be a Second Home )

ធ្វើខ្លួនជាផ្ទះទី២ ដែលអតិថិជនត្រូវការអ្វីក៏មាន ធ្វើជាផ្ទះទី២ ដែលមនុស្សអាចគោរពគ្នាទៅវិញទៅមកប្រៀបដូចជាគ្រួសារ ធ្វើជាកន្លែងការងារដែលការខិតខំប្រឹងប្រែងរបស់បុគ្គលិកគ្រប់ផ្នែកទាំងអស់ត្រូវបានទទួលស្គាល់ ដើម្បីរួមគ្នាធ្វើការប្រកួតប្រជែងឆ្ពោះទៅរកភាពរីកចម្រើន​ ហើយស្វែងរកលទ្ធផលថ្មីៗជូនអតិថិជន។

៤. ប្រទេសកម្ពុជា ( Cambodia )

កម្ពុជាគឺជាគោលដៅរបស់យីហោជប៉ុនមួយនេះ ដោយមើលឃើញថាកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍមានភាពរីកចម្រើនមិនលួសថ្ងៃ។ ដូច្នេះហើយដើម្បីក្លាយជាចំណែកមួយ ក្នុងការបំភ្លឺអនាគតរបស់ដែនដីសុវណ្ណភូមិនេះ ក្រុមហ៊ុនមួយនេះចង់រួមចំណែកធ្វើឱ្យសេដ្ឋកិច្ចរីកចម្រើន បង្កើនចំណេះដឹងថ្មីៗ ផ្លាស់ប្តូរវប្បធម៌និងពិភពលោក ដើម្បីទុកជាគុណតម្លៃជូនមកកាន់អតិថិជនកម្ពុជាវិញ។

សូមរំលឹកឡើងវិញផងដែរថា​ក្រុមហ៊ុន AEON Mall គឺជាបុត្រសម្ព័ន្ធដ៏ធំមួយប្រៀបដូចសំបុកពីងពាង ដែលមានក្រុមហ៊ុនជាសមាជិក១៧៩ទាំងក្នុងក្រៅប្រទេសជប៉ុន ដោយបានបង្កើតឡើងជាង២៥០ឆ្នាំមកហើយៗក៏ជាយីហោលក់រាយចំណាស់ជាងគេមួយនៅជប៉ុន។

គួរជម្រាបផងដែរថាយីហោមួយនេះក៏បានឈរជើង​នៅប្រទេសកម្ពុជាជិត១០ឆ្នាំមកហើយដែរ ពោលគិតចាប់តាំងពីថ្ងៃសម្ពោធដាក់ឱ្យប្រើប្រាស់ ហើយបានពង្រីកខ្លួន៣សាខាធំៗ រួមមាន AEON MALL Phnom Penh I , AEON MALL Sen Sok City II និង , AEON MALL Mean Chey III ៕

អត្ថបទដោយ៖ ពីង ជូអេង 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia