នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុន AEON Mall បានកំពុងវាយលុកទីផ្សារកម្ពុជាយ៉ាងខ្លាំង ខណៈគិតមកដល់ពេលនេះ ក្រុមហ៊ុនជប៉ុនមួយនេះ បានពង្រីកផ្សារទំនើបខ្នាតយក្សរបស់ខ្លួននៅក្នុងប្រទេសចំនួន ៣ ហើយ។ ដោយផ្សារទី១ មានទីតាំង ស្ថិតនៅក្បែរកោះពេជ្យ ផ្សារទី២ មានទីតាំងស្ថិតនៅខណ្ឌសែនសុខ និងផ្សារទី៣ ដែលត្រៀមបើកដំណើរការនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ ខាងមុននេះមានទីតាំងនៅខណ្ឌមានជ័យ ជាប់នឹងបណ្ដោយផ្លូវ ៦០ ម៉ែត្រ។
យ៉ាងណាក្រៅពីផ្សារទំនើបទាំង ៣ ខាងលើ បច្ចុប្បន្នក្រុមហ៊ុន AEON Mall ក៏បាននឹងកំពុងសាងសង់គម្រោងថ្មីរបស់ខ្លួនមួយទៀត ដែលមានទីតាំងស្ថិតនៅក្នុងខេត្ដព្រះសីហនុផងដែរ។
យោងតាមការបញ្ជាក់ពីក្រុមហ៊ុន AEON Mall កាលពីពេលកន្លងទៅបានឲ្យដឹងថា ខ្លួនបានកំពុងសាងសង់មជ្ឈមណ្ឌលភណ្ឌាគារគយ (Customs Bonded Warehouse) ដែលគម្រោងនេះជាគំនិតផ្តួចផ្តើមថ្មីនៃអាជីវកម្មភស្តុភារនៅតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែនៅក្នុងក្រុងព្រះសីហនុ។
គម្រោងខាងលើនេះត្រូវបានសម្ពោធបើកការដ្ឋានសាងសង់ កាលពីអំឡុងខែឧសភា ឆ្នាំ ២០២២ ។ ហើយតាមការគ្រោងទុក គម្រោងនេះនឹងចាប់ផ្តើមប្រតិបត្តិការនៅឆ្នាំ ២០២៣ ដើម្បីសម្រេចបាននូវកំពង់ផែពាណិជ្ជកម្មសេរីដែលត្រូវបានផ្ដួចផ្ដើមដោយរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាជាមួយនឹងកិច្ចសហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលជប៉ុន និង JICA។
តាមរយៈការខិតខំប្រឹងប្រែងទាំងនេះ AEON Mall នឹងចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជា បន្ថែមទៀត តាមរយៈការធ្វើឱ្យប្រសើរឡើង និងផ្តល់នូវភាពងាយស្រួលសម្រាប់អតិថិជនដោយផ្តល់ឱកាសអាជីវកម្ម និងសេវាកម្មដល់អាជីវកម្មជាច្រើនប្រភេទ រួមទាំងអាជីវកម្មរបស់ AEON Mall ផ្ទាល់ផងដែរ។
សម្រាប់លោកអ្នកដែលចង់ដឹងព័ត៌មានអំពីការនាំប្រេនចូលទៅក្នុងផ្សារ AEON Mall ឬចង់នាំផលិតផលទៅលក់ក្នុងផ្សារទំនើបមួយនេះ អាចទំនាក់ទំនងតាមលេខ 089 756 133 ឬតាមរយៈហ្វេសប៊ុកផេក AEON MALL Mean Chey
អត្ថបទ៖ កឹម ប៊ុនធឿន