នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមហ៊ុន Aegies Fund Management Plc., បានរៀបចំពិធីសន្និសីទសារព័ត៌មានរបស់គម្រោង Aegies CIS Fund ដើម្បីណែនាំអំពីគម្រោងវិនិយោគរួម (CIS) ដែលនឹងមកដល់នាពេលខាងមុខរបស់ខ្លួននៅសណ្ឋាគារ Hyatt Regency Phnom Penh។
នៅក្នុងពិធីដ៏ពិសេសនេះដែរត្រូវបានរៀបចំឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា ព្រមទាំងមានការចូលរួមជាសាក្សីពីសំណាក់ ភ្ញៀវកិត្តិយសតំណាងឱ្យសា្ថប័នធនាគារធំៗ ស្ថាប័នបរធនបាលកិច្ច គណនេយ្យករ ក្រុមហ៊ុនច្បាប់ និងដៃគូយុទ្ធសាស្ត្រផ្សេងទៀត។
ឆ្លៀតឱកាសនៃពិធីសំខាន់មួយនេះ លោកស្រីបណ្ឌិត Sarah Hsu នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Aegies Fund Management Plc., បានលើកឡើងដោយសេចក្ដីសោមនស្សថា «គម្រោងវិនិយោគរួម (CIS) មានគោលបំណងប្រមូលផ្តុំមូលនិធិនៃក្រុមវិនិយោគិន យកមកគ្រប់គ្រង និងវិនិយោគឱ្យពួកគេដោយអ្នកគ្រប់គ្រងមូលនិធិ តាមរយៈក្រុមហ៊ុនគ្រប់គ្រងមូលនិធិដែលមានវិជ្ជាជីវៈច្បាស់លាស់មួយ»។ គម្រោងនេះអាចបង្កើតផលលាភត្រឡប់មកវិញនៃការវិនិយោគបានកាន់តែប្រសើរ និងមានសុវត្ថិភាពសម្រាប់វិនិយោគិន ស្របទៅតាមគោលការណ៍នៃការចែករំលែកអត្ថប្រយោជន៍ និងហានិភ័យ។
ទន្ទឹមនឹងនោះ មូលនិធិទីផ្សាររូបិយវត្ថុ ត្រូវបានវិនិយោគជាចម្បងលើឧបករណ៍រយៈពេលខ្លីដែលមានប្រាក់ចំណូលថេរ ដូចជាប្រាក់បញ្ញើមានកាលកំណត់របស់ធនាគារ ឯកសារពាណិជ្ជកម្ម សញ្ញាបណ្ណរដ្ឋាភិបាលរយៈពេលខ្លី និងសញ្ញាបណ្ណសាជីវកម្ម ការទិញមូលបត្របំណុល និងមូលបត្ររយៈពេលខ្លីផ្សេងទៀត។
មូលបត្រទាំងនេះ ផ្តល់នូវការត្រឡប់មកវិញប្រកបដោយស្ថេរភាពសាច់ប្រាក់ងាយស្រួល និងសុវត្ថិភាពខ្ពស់ ដូច្នេះជាទូទៅត្រូវបានប្រើប្រាស់ជាជម្រកសុវត្ថិភាពដើម្បីរក្សាទុកសាច់ប្រាក់មុនពេលធ្វើការវិនិយោគថ្មី។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងប្រទេសដែលមានអត្រាការប្រាក់ខ្ពស់គួរសម (ដូចជាប្រទេសកម្ពុជា) ការវិនិយោគមិនត្រឹមតែមានលំហូរសាច់ប្រាក់ខ្ពស់ប៉ុណ្ណោះទេ ថែមទាំងជាឧបករណ៍វិនិយោគដែលមានស្ថេរភាពជាមួយនឹងប្រាក់ចំណូលខ្ពស់ជាងផងដែរ។
បន្ថែមពីនោះ ឯកឧត្តម ស៊ូ សុជាតិ ក៏បានលើកឡើងដែរថា «កម្មវិធីសន្និសីទសារព័ត៌មាននៅថ្ងៃនេះ បានបង្ហាញពីវឌ្ឍនភាពមួយនៃទីផ្សារគម្រោងវិនិយោគរួមនៅកម្ពុជា ដោយក្រុមហ៊ុន អេជី ហ្វាន់ មេនេចម៉ិន ម.ក បានបង្ហាញឱ្យឃើញពីឆន្ទៈនៃការចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍទីផ្សារមូលបត្រនៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈគម្រោងនៃការកៀរគរមូលនិធិ ការបោះផ្សាយលក់ឯកតាមូលនិធិនៃគម្រោងវិនិយោគរួម»។
មិនតែប៉ុណ្ណោះ ឯកឧត្តម ក៏បានពោលកោតសរសើរ ក្រុមហ៊ុន អេជី ហ្វាន់ មេនេចម៉ិន ម.ក ដែលបានរៀបចំកម្មវិធីសន្និសីទសារព័ត៌មានមុនពេលបើកដំណើរការនៃការបោះផ្សាយលក់ឯកតាមូលនិធិក្នុងគម្រោងវិនិយោគរួមនាពេលមុខ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍលើគម្រោងវិនិយោគរួមក្នុងវិស័យមូលបត្រនៅកម្ពុជា។
គួរជម្រាបផងដែរថា នៅឆ្នាំ២០១៩ ក្រុមហ៊ុន AEGIES FUND MANAGEMENT PLC. ត្រូវបានចុះបញ្ជីនៅក្នុងប្រទេសកម្ពុជា និងទទួលបានអាជ្ញាបណ្ណពីនិយ័តករមូលបត្រកម្ពុជា (SERC) កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១។ AEGIES ជាក្រុមហ៊ុនឯករាជ្យគ្រប់គ្រងទ្រព្យសកម្ម ឈានមុខគេ។ Aegies បាននាំស្ថាប័នធនាគារធំៗក្នុងស្រុក ស្ថាប័នបរធនបាលកិច្ចដែលប្រកបដោយវិជ្ជាជីវៈ ស្ថាប័នគណនេយ្យករកំពូលទាំងបួនរបស់ពិភពលោក និងកិច្ចសហប្រតិបត្តិការរបស់ក្រុមហ៊ុនច្បាប់ដែលមានវិជ្ជាជីវៈ ជាមួយនឹងក្រុមវិនិយោគតៃវ៉ាន់ ដើម្បីផ្តល់ជូនវិនិយោគិនទូទាំងពិភពលោកនូវផលិតផលហិរញ្ញវត្ថុដែលគិតគូរពីសុវត្ថិភាព និងប្រាក់ចំណូលខ្ពស់។
ក្នុងនាមជាផ្នែកមួយនៃឧស្សាហកម្មគ្រប់គ្រងមូលនិធិរបស់កម្ពុជា ក្រុមហ៊ុន Aegies បានប្តេជ្ញាចិត្តក្នុងការជំរុញទីផ្សារមូលបត្ររបស់កម្ពុជា។ តាមរយៈការប្រើប្រាស់បទពិសោធដ៏ទូលំទូលាយរបស់ខ្លួនក្នុងការគ្រប់គ្រងមូលនិធិដែលប្រមូលបានក្នុងរយៈពេលជាច្រើនឆ្នាំ នាយកប្រតិបត្តិ Aegies លោកស្រីបណ្ឌិត Sarah Hsu បានបង្ហាញពីទំនុកចិត្តរបស់ខ្លួនក្នុងការផ្តល់នូវសេវាកម្មវិនិយោគមូលនិធិ CIS ស្តង់ដារខ្ពស់បំផុតដល់វិនិយោគិននៅក្នុងប្រទេសកម្ពុជា និងទូទាំងពិភពលោក៕