ត្រឹមពេលជាង២ឆ្នាំ ធនាគារ SME ផ្ដល់កម្ចីខ្ទង់ ៤២៣លាន$ ដល់សហគ្រាសធុនតូចនិងមធ្យម ជាង៣ពាន់ នៅកម្ពុជា
SOKLY SODECEMBER 8 2022

ក្រោយពេលបង្កើតជាផ្លូវការបានរយៈពេលជាង២ឆ្នាំ ធនាគារសហគ្រាសធុនតូច និងមធ្យម នៃកម្ពុជា បានបញ្ចេញប្រាក់កម្ចីប្រមាណ ៤២៣លានដុល្លារ ដើម្បីជួយសម្រួលដល់សហគ្រាសធុនតូច និងមធ្យមជាង ៣,១៣៥សហគ្រាស នៅកម្ពុជាក្នុងអំឡុងពេលមានវិបត្តិសេដ្ឋកិច្ច ក៏ដូចជាជំងឺរាតត្បាតកូវីដ-១៩។

នៅក្នុងសន្និសីទសារព័ត៌មានស្ដីពី សមិទ្ធផលនៃការអនុវត្តគម្រោងហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យមរបស់ធនាគារ SME នាយកប្រតិបត្តិលោក លឹម អូន បានលើកឡើងថា កម្ចីទាំង ៤២៣លានដុល្លារ បានទៅដល់ដៃម្ចាស់សហគ្រាសជាង ៣ពាន់សហគ្រាសនៅជុំវិញប្រទេសកម្ពុជា តាមរយៈការដាក់ចេញនូវគម្រោងហិរញ្ញប្បទានសំខាន់ៗមួយចំនួន។

១. Co-Financing Scheme បានបញ្ចេញឥណទានក្នុងទំហំទឹកប្រាក់ប្រមាណ ៣៦៩លានដុល្លារ

២. Direct Lending បានបញ្ជេញឥណទានដោយផ្ទាល់ជូន SME ក្នុងទំហំទឹកប្រាក់ប្រមាណ ៤៤លានដុល្លារ

៣. Wholesale lending បានបញ្ចេញឥណទានជូនដល់ SME ក្នុងទំហំទឹកប្រាក់ ១០លានដុល្លារ

លោក លឹម អូន បានបន្តទៀតថា​ ដំណើរប្រតិបត្តិការផ្ដល់ហិរញ្ញប្បទាននេះ ជោគជ័យទៅបាន ដោយសារតែមានការចូលរួម ពីសំណាក់ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុជាដៃគូ ទាំង៣៣ គ្រឹះស្ថាន ជួយឱ្យហិរញ្ញប្បទាន ឆាប់បានទៅដល់ SME ដែលមានតម្រូវការចាំបាច់។

នាយកប្រតិបត្តិ ធនាគារ SME បានគូសបញ្ជាក់ផងដែរថា ធនាគារនេះត្រូវបានបង្កើតឡើងដោយមានការជ្រោមជ្រែងពីរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជា។ មានគោលបំណងជួយសម្រួលផ្នែកហិរញ្ញវត្ថុ ដល់សហគ្រាសធុនតូច និងមធ្យមទាំងអស់នៅកម្ពុជា ដែលកំពុងតែជួបជាមួយនឹងបញ្ហាវិបត្តិសេដ្ឋកិច្ច ដោយការផ្ដល់ជូននូវអត្រាការប្រាក់ទាបជាងធម្មតា៕

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia