ការស្រាវជ្រាវ៖ សញ្ញា៥បង្ហាញថា អ្នកជាមនុស្សឆ្លាត មានទេពកោសល្យខ្ពស់ តែខ្ជិលច្រអូសបន្តិច
Ping Chou EngMAY 8 20249.1 K views

បញ្ញានិងភាពឆ្លាតវៃគឺកូនសោ ឯវិន័យនិងសកម្មភាពជាស្ពានចម្លងឆ្ពោះទៅរកភាពជោគជ័យ។ ផ្ទុយទៅវិញមនុស្ស​ខ្លះ​ពោរពេញ​ដោយ​ភាព​ឆ្លាត​វៃ តែបែរជាពិបាកស្វែងរកភាពជោគជ័យក្នុងជីវិត។

យ៉ាងណាមិញបើតាមអ្នកជំនាញចិត្តសាស្រ្ត អ្នកស្រី Jeanette Brown បានសិក្សាស្រាវជ្រាវឃើញថា មានសញ្ញា៥ប្រភេទខាងក្រោមនេះ បង្ហាញថាអ្នកជាមនុស្សម្នាក់មានបញ្ញាឆ្លាតវៃ មានទេពកោសល្យខ្ពស់ក្នុងខ្លួន​ តែមានភាពខ្ជិលច្រអូសបន្តិច ទើបមិនអាចសម្រេចគោលដៅជោគជ័យ។

សញ្ញាទី១. ត្រូវការភាពឥតខ្ចោះមនុស្សដែលមានភាពវៃឆ្លាតតែខ្ជិលច្រអូស តែងចូលចិត្តភាពល្អឥតខ្ចោះ​ តែគុណវិបត្តិរបស់មនុស្សប្រភេទនេះ គឺត្រូវការភាពល្អឥតខ្ចោះខ្លាំងពេកលើការងារដែលខ្លួនចង់ធ្វើ ឬកំពុងធ្វើ ហើយបើសិនជាមិនបានដូចចិត្ត ឬដូចគម្រោងដែលគេប៉ងនោះ ពួកគេនឹងខ្ជិលធ្វើកិច្ចការនោះឬគេចវេសពីការងារនោះតែម្តង។

សញ្ញាទី២. ជឿជាក់ជ្រុលហួសហេតុ៖ មនុស្សដែលមានភាពវៃឆ្លាតតែខ្ជិលច្រអូស តែងដឹងច្បាស់ពីសមត្ថភាពរបស់ពួកគេ ប៉ុន្តែពេលខ្លះពួកគេអាចមានជំនឿជាក់លើសលប់ពេក ធ្វើឱ្យពួកគេមើលស្រាលស្ថានភាពឬដៃគូប្រជែង ជាហេតុធ្វើឱ្យគេមានការធ្វេសប្រហែសលើការរៀបចំឬខ្ជិលត្រៀមខ្លួនក្នុងការប្រកួតអ្វីមួយ។

សញ្ញាទី៣. ពន្យារពេល៖ មនុស្សដែលមានភាពវៃឆ្លាតតែខ្ជិលច្រអូសភាគច្រើននៃពួកគេចូលចិត្តរៀនសូត្រនៅគំនិតថ្មីៗ ប៉ុន្តែភាគច្រើនពួកគេមិនបានយកគំនិតនោះទៅសម្រេចជាអ្វីទេ​ ពោលគឺតែងតែពន្យារពេលហើយវង្វេងជាមួយពិភពគំនិត ភ្លេចការងារនៅនឹងមុខ ធ្វើឱ្យពួកគេទៅជាមនុស្សសុញ គិតច្រើននិងពិបាកក្នុងការគ្រប់គ្រងពេលវេលា រហូតទៅជាខ្ជិលច្រអូស។

សញ្ញាទី៤. ធ្វើមិនជាប់លាប់៖ មនុស្សដែលមានភាពវៃឆ្លាតតែខ្ជិលច្រអូស តែងមានគំនិតល្អៗ ប៉ុន្តែពួកគេតែងតែគ្មានទម្លាប់ជាប់លាប់ទៅលើគំនិត ឬអត់ធ្មត់ធ្វើសកម្មភាពនោះប៉ុន្មានទេ​។ អ្នកចិត្តវិទ្យាក៏បានឱ្យដឹងថាភាគច្រើននៃមនុស្សប្រភេទនេះតែងតែយល់ថាភាពជោគជ័យអាចកើតឡើងក្នុងពេលត្រឹមតែមួយយប់ ជាហេតុធ្វើឱ្យពួកគេមើលរំលងជំហានតូចៗ ហើយរង់ចាំតែភាពជោគជ័យធំដុំប៉ុណ្ណោះ។

សញ្ញាទី៥. ពិបាកគ្រប់គ្រងអារម្មណ៍៖ មនុស្សដែលមានភាពវៃឆ្លាតតែខ្ជិលច្រអូស ភាគច្រើនងប់ងុលនិងយល់ថាខ្លួនត្រូវតែទទួលជោគជ័យគ្រប់ពេលវេលា ដូច្នេះពួកគេមិនចូលចិត្តទទួលអារម្មណ៍នៃការខកបំណងណាមួយនោះឡើយ។ ដូច្នេះពួកគេតែងពិបាកក្នុងការគ្រប់គ្រងអារម្មណ៍នៅពេលទទួលបរាជ័យណាមួយ ដូចជាស្រ្តេស ឆេវឆាវ គេចវេស បណ្តែតបណ្តាយ ឬអសកម្មតែម្តង។

ជាការពិតណាស់​ភាពឆ្លាតវៃ ទេពកោសល្យ វិន័យនឹងសកម្មភាព គឺត្រូវតែដើរទន្ទឹមគ្នានិងមានតុល្យភាព ដោយមិនអាចមានមួយខ្វះមួយបានឡើយ ដើម្បីទទួលបានភាពជោគជ័យក្នុងជីវិត។ ដូចពាក្យមួយឃ្លារបស់ Albert Einstein ថា "ទេពកោសល្យ ១% និង​ ៩៩% គឺការខិតខំ ភាពវៃឆ្លាតជាធនធានដែលមិនទាន់កៃច្នៃ តែ​បើ​គ្មាន​វិន័យគ្មានការ​ខិតខំ​ប្រឹងប្រែង ធនធាននោះនៅតែឥតបានការ

អត្ថបទដោយ៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia