Silvergate គឺជាធនាគារធំ១របស់អាមេរិក រកស៊ីទៅលើវិស័យគ្រីបតូ បានដំណើរការអស់រយៈពេល៣៥ឆ្នាំមកហើយ ដែលទើបតែប្រកាសក្ស័យធនក្តៅៗ និងបិទដំណើរការចោលទាំងស្រុង ក្រោយទីផ្សាររបស់ធនាគារនេះបានធ្លាក់ចុះខ្ពាក់ៗក្រោមការគ្រប់គ្រងរបស់ លោក Alan Lane ដែលជានាយកប្រតិបត្តិក្នុងក្រុមហ៊ុននេះអស់រយៈពេលជាង១៥ឆ្នាំ ។
បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ចពីសកលវិទ្យាល័យ San Diego ជាមួយបទពិសោធន៍ដឹកនាំ៣៥ឆ្នាំលើ ស្ថាប័នហិរញ្ញវត្ថុនិងក្រុមហ៊ុនកំពូលៗជាច្រើន ដូចជា លោក Alan Lane ធ្លាប់ជានាយកប្រតិបត្តិនៅ Southwest Community Bancorp, ជាអនុប្រធានប្រតិបត្តិនៅ Financial Data Solutions, Inc. និងជាប្រធាននាយកប្រតិបត្តិ នៃ Business Bank of California ។
បន្ទាប់លោកក៏បានចូលកាន់តំណែងនៅ Silvergate Capital នេះចាប់តាំងពីខែធ្នូ ឆ្នាំ២០០៨ ដែលជាបុគ្គលដែលគេចាត់ទុកថាដើរតួនាទីយើងសំខាន់បំផុតក្នុងក្រុមហ៊ុន។ នាពេលបច្ចុប្បន្ន បុរសវ័យ៥៣ឆ្នាំរូបនេះ មានទ្រព្យសម្បត្តិសរុប១.៤៤លានដុល្លារ និងទទួលបានប្រាក់ខែចន្លោះពី១៦ម៉ឺនដុល្លារ។ នេះបើយោងតាមការប៉ាន់ស្មានរបស់គេហទំព័រ Wallmine។
គួរជម្រាបផងដែរថា Silvergate Capital គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ធនាគារ Silvergate ដែលបានបង្កើតឡើងក្នុងឆ្នាំ១៩៨៧ជាធនាគារកម្ចី និងងាករកស៊ីវិស័យគ្រីបតូក្នុងឆ្នាំ២០១៣ ធនាគារនេះមានទីស្នាក់ការកណ្តាលនៅទីក្រុង La Jolla រដ្ឋ California ដែលនាពេលថ្មីៗនេះភាគហ៊ុនរបស់ធនាគារនេះបានធ្លាក់ចុះជាង ៣៦%ឯណោះ ប៉ុន្តែក្រុមហ៊ុនបានសន្យាថា ប្រាកដជាបង្វិលប្រាក់បញ្ញើរបស់អតិថិនគ្រប់គ្នាត្រឡប់មកវិញ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters ៕
អត្ថបទដោយ៖ ពីង ជូអេង