ព្រះអង្គម្ចាស់ Abdul Mateen ត្បិតតែប្រសូតក្នុងគ្រួសាររាជវង្ស មានទ្រព្យសម្បត្តិ២០ពាន់លានដុល្លារ ប៉ុន្តែព្រះបុត្រានៃព្រុយណេ មុននឹងមានសមត្ថភាពនិងមានរាងកាយពេញអង្គបែបនេះ ទ្រង់ធ្លាប់ទទួលបានមេរៀនឈឺចាប់ និងការហាត់ពត់លត់ដំជាខ្លាំង ក្នុងយុវភាព១៨ ព្រះវស្សា។
ថ្លែងនៅក្នុងព្រះរាជសន្ទុរកថាមួយកាលពីខែធ្នូ ឆ្នាំ២០២០ ព្រះអង្គបានមានព្រះបន្ទូលយ៉ាងដូច្នេះថា “កាលខ្ញុំមានអាយុ១៨ឆ្នាំ ខ្ញុំត្រូវបានបញ្ជូនឱ្យទៅរៀនសាលាយោធានៅចក្រភពអង់គ្លេសហើយទីនោះហើយជាទីកន្លែងដែលឱ្យខ្ញុំដកស្រង់នូវបទពិសោធន៍នៃការអត់ធ្មត់និងការជំរុញដើម្បីឈ្នះលើខ្លួនឯងលើសដែនកំណត់ម្តងហើយម្តងទៀតរហូតដល់មានពេលខ្លះខ្ញុំគិតម្តងៗ ថានឹងបោះបង់ចោលព្រោះមិនអាចទ្រាំទ្រនឹងការលំបាកតទៀតបានទេ”។
ថ្លែងជាមួយនឹងការចែករំលែកបទពិសោធន៍បន្តទៀតយ៉ាងដូច្នេះថា “ប៉ុន្តែទោះជាយ៉ាងណាខ្ញុំមិនត្រូវបោះបង់ចោលកណ្តោលទីនោះទេ ខ្ញុំចាំបានថាមានពេលមួយនោះ ខ្ញុំត្រូវបំពេញបេសកកម្មមួយ គឹការប្រណាំងប្រជែងជាមួយក្រុមដោយត្រូវដើររយៈចំងាយ៧២គីឡូម៉ែត្រ នៅភ្នំ Black Mountains Wales ភ្ជាប់ជាមួយកាបូបដែលមានទម្ងន់២០គីឡូក្រាម កំណត់ពេល២៤ ទៅ២៥ ម៉ោងដោយមិនអាចសម្រាកបាននោះឡើយ។ ខ្ញុំពិតជាមិនដឹងទេថាខ្ញុំអាចទ្រាំទ្របានប៉ុនណាទៀតទេនៅពេលនោះ ប៉ុន្តែរឿងមួយដែលខ្ញុំគិតដល់គឺផ្តោតលើការបោះជំហានទៅមុខ ទីបំផុតខ្ញុំអាចធ្វើបានយ៉ាងជោគជ័យបន្ទាប់ពី២៣ម៉ោងនឹង១១នាទី"។
ជាចុងក្រោយព្រះអង្គម្ចាស់បាននិយាយអំពីមេរៀនជីវិតដែលទ្រង់បានរៀននៅក្នុងសាលាទាហានយ៉ាងដូច្នេះថា “បទពិសោធន៍នៅសាលាយោធា បានប្រាប់ខ្ញុំថាយើងត្រូវជម្នះខ្លួនឯង មិនត្រូវខ្លាចការផ្លាស់ប្តូរ សាកល្បងធ្វើរឿងថ្មីឬលំបាកៗ នោះឡើយ។ ពិតណាស់ព្រោះថាការដាក់ចិត្តកាយតតាំងជាមួយការលំបាកនឹងបង្រៀនយើងឱ្យក្លាយជាមនុស្សរឹងមាំនិងមានការតស៊ូខ្ពស់បំផុត៕
អត្ថបទដោយ៖ ពីង ជូអេង