ABA និងអង្គការមូលនិធិកុមារកម្ពុជាចាប់ដៃគ្នាបង្កើតកម្មវិធីអភិវឌ្ឍន៍សម្រាប់ទាំងអស់គ្នាជួយដល់កុមារខ្វះខាត
Toeuy HongMAY 25 2023

ធនាគារ ABA ដែលជាធនាគារពាណិជ្ជធំជាងគេបំផុតនៅកម្ពុជា និងជាសាជីវកម្មមានទំនួលខុសត្រូវសង្គមដ៏សកម្ម បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយអង្គការមូលនិធិកុមារកម្ពុជា (CCF) ដើម្បីបង្កើតកម្មវិធីអភិវឌ្ឍន៍សម្រាប់ទាំងអស់គ្នា ក្នុងគោលដៅជួយដល់កុមារជួបការលំបាក ​ក្រោម​ការគ្រប់គ្រងរបស់អង្គការ CCF។

Aba4

អនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានចុះហត្ថលេខាដោយលោក Askhat Azhikhanov នាយកប្រតិបត្តិធនាគារ ABA និង​លោក ស្កុត នីសិន ស្ថាបនិកអង្គការ ​និងនាយកប្រតិបត្តិអង្គការ CCF កាលពីថ្ងៃទី 17 ​ខែឧសភា ឆ្នាំ 2023 នៅមជ្ឈមណ្ឌលសិក្សា CFF ​ស្ថិតនៅអតីតតំបន់គំនរសំរាម ស្ទឹងមានជ័យ រាជធានីភ្នំពេញ។

Aba1

ភាពជាដៃគូនេះ ឆ្លុះបញ្ចាំងអំពីការប្ដេជ្ញាចិត្តរបស់ស្ថាប័នទាំងពីរ ក្នុងការធ្វើឲ្យប្រសើរឡើង នូវជីវភាពរស់នៅរបស់កុមារជួបការលំបាក តាមរយៈការបង្កើនសមត្ថភាព ចំណេះដឹង និងការអភិវឌ្ឍផ្នែកអប់រំ។ ក្រោមលក្ខខណ្ឌនៃអនុស្សរណៈនៃការយោគយល់គ្នានេះ គំនិតផ្ដួចផ្ដើមមួយចំនួន ត្រូវបានព្រមព្រៀងដូចខាងក្រោម៖

ឱកាសការងារ និងឱកាសហាត់ការ

ABA នឹងផ្ដល់ឱកាសការងារ និង​ឱកាសហាត់ការ ដល់សិស្ស និស្សិតពី CCF ដែលបានបញ្ចប់ការសិក្សាពីមហាវិទ្យាល័យ ហើយមានបំណងចង់បម្រើការងារជាមួយ​ធនាគារ និងកសាងអាជីពការងារ នៅក្នុងវិស័យ​ធនាគារ និងហិរញ្ញវត្ថុ។

អាហារូបករណ៍

ABA នឹងផ្ដល់អាហារូបករណ៍ជូនកុមាររបស់អង្គការ CCF ដែលមានសមត្ថភាព និងឆន្ទៈក្នុងការរៀនសូត្រ ហើយបានបញ្ចប់ការសិក្សាថ្នាក់ទី12 ​និង​មានបំណងបន្ដការសិក្សាថ្នាក់ឧត្តមសិក្សានៅតាមបណ្ដាសាកលវិទ្យាល័យនានានៅក្នុងប្រទេស។

ការគាំទ្រផ្នែកហិរញ្ញវត្ថុ សម្រាប់ហេដ្ឋារចនាសម្ពន្ធសាលារៀន

ABA នឹងផ្ដល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ ដើម្បីកែលម្អហេដ្ឋារចនាសម្ពន្ធសាលារៀន ដូចជាថ្នាក់បឋមសិក្សា និងមធ្យមសិក្សា រួមទាំងថ្នាក់មត្តេយ្យសិក្សារបស់អង្គការ CCF។

កិច្ចសហការផ្សព្វផ្សាយឆ្លងស្ថាប័ន

ABA និងអង្គការ CCF នឹងសហការគ្នា ដើម្បីផ្សព្វផ្សាយ និងបង្កើនយល់ដឹងរបស់អតិថិជន ABA អំពីគុណតម្លៃស្នូល គោលដៅ និងបេសកកម្មរបស់ CCF ។ សកម្មភាពទាំងនេះ នឹងលើកទឹកចិត្តអតិថិជន ឲ្យចូលរួមចំណែក និងបរិច្ចាគជូនអង្គការ ដែលនឹងទ្រទ្រង់ដល់ជីវភាពរបស់កុមារជួបការខ្វះខាត។

កម្មវិធីស្ម័គ្រចិត្ត

ABA និងអង្គការ CCF នឹងបង្កើតកម្មវិធីស្ម័គ្រចិត្ត ដើម្បីឲ្យបុគ្គលិក ABA គ្រប់ជាន់ថ្នាក់ និងគ្រប់នាយកដ្ឋាន បានចុះទៅមើលបរិក្ខារ CCF ដើម្បីចែករំលែកជំនាញវិជ្ជាជីវៈរបស់ខ្លួន និងផ្ដល់នូវការបស្វែងយល់បន្ថែមអំពីកុមារ និងរបៀបរបបរស់នៅរបស់ពួកគេ។

លោក Askhat Azhikhanov បានមានប្រសាសន៍ថា "នេះគឺជាកិច្ចសហការជាដៃគូដ៏ថ្មីសន្លាងមួយ ដែលនឹងមានឥទ្ធិពលរួមចំណែកកែប្រែជោគវាសនារបស់កុមារ ដោយផ្តល់ឲ្យពួកគេនូវលទ្ធភាពទទួលបានការអប់រំ ឱកាសការងារ និងលទ្ធភាពចាកផុតពីជីវភាពក្រីក្រ"។

លោកបានបន្ថែមថា “យើងខ្ញុំប្ដេជ្ញាសហការជាមួយអង្គការ CCF ​ដើម្បីរួមចំណែកកែប្រែជីវភាពរបស់សិស្សានុសិស្ស និងគ្រួសាររបស់ពួកគេ ដែលកំពុងស្ថិតក្នុងស្ថានភាពខ្វះខាត។ ភាពជាដៃគូនេះ ជាការគាំទ្រលើសពីការឧបត្ថម្ភផ្នែកហិរញ្ញវត្ថុ ពោល វាគឺជាការវិនិយោគដែលរួមចំណែកដល់ការកសាងអនាគតរបស់ប្រទេសកម្ពុជាទាំងមូល”។

CCF​ គឺជាអង្គការមិនរកប្រាក់កម្រៃ ដែលបានចាប់ផ្ដើមប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ  2004 ក្នុងគោលបំណងធ្វើឲ្យប្រសើរឡើង នូវជីវភាពរស់នៅរបស់កុមារ និងគ្រួសារ តាមរយៈការអប់រំ ការថែទាំសុខភាព និងការអភិវឌ្ឍសេដ្ឋកិច្ច។

អង្គការ CCF បានបង្កើតសាលារៀន, មត្តេយ្យសិក្សា, ទារកដ្ឋាន, គ្លីនិកវេជ្ជសាស្ត្រ, គ្លីនិកធ្មេញ និងមជ្ឈមណ្ឌលថែទាំមាតា។ បន្ថែមលើនេះទៀត អង្គការ CCF បានសាងសង់ផ្ទះជាង 500 ខ្នងនៅក្នុងសហគមន៍ក្រីក្របំផុតផងដែរ។

លោក នីសិន មានប្រសាសន៍ថា “យើងមានសេចក្ដីសោមនស្ស ចំពោះការគាំទ្ររបស់ធនាគារ ABA។ ភាពជាដៃគូនេះ នឹងផ្ដល់លទ្ធភាពឲ្យយើងជួយកុមារ និងគ្រួសារកាន់តែច្រើនបន្ថែមទៀត។ យើងប្ដេជ្ញាធ្វើយ៉ាងណាឲ្យស្ថានភាពរស់នៅរបស់កុមារកម្ពុជា កាន់តែប្រសើរឡើង ហើយយើងជឿថាភាពជាដៃគូនេះ កំពុងដើរក្នុងទិសដៅដ៏ត្រឹមត្រូវបំផុត”។

លោក ស្កុត នីសិន មានអាជីពជាផលិតករហូលីវូដមួយរូប ប៉ុន្ដែ ក្នុងអំឡុងពេលមកលេងប្រទេសកម្ពុជានៅក្នុងឆ្នាំ 2003 ​លោកបានឃើញពីទុក្ខលំបាករបស់ក្មេងៗមួយចំនួន។ ភាពអំណត់អត់ធន់ និងការតស៊ូព្យាយាមរបស់ក្មេងៗទាំងនោះ បានបំផុសគំនិតឲ្យ លោក ស្កុត ចាប់ផ្ដើមបេសកកម្មរបស់ខ្លួន ក្នុងការជួយដល់កុមារកម្ពុជា។

ការលះបង់របស់ លោក ស្កុត ក៏ដូចជាធនធានរបស់លោក ​ធ្វើឲ្យអង្គការមូលនិធិកុមារ លេចចេញជារូបរាង ដោយផ្ដល់ឲ្យកុមារនូវការអប់រំ, ការថែទាំសុខភាព និងការគាំទ្រផ្សេងៗ។

ភាពជាដៃគូរវាងធនាគារ ABA និងអង្គការ CCF គឺជាគំរូដ៏មានឥទ្ធិពលមួយ ដែលឆ្លុះបញ្ចាំងពីកិច្ចការដែលអាចសម្រេចទៅបាន នៅពេលដែលស្ថាប័នឯកជន និងស្ថាប័នមិនរកប្រាក់កម្រៃ ធ្វើការរួមគ្នា ដើម្បីបង្កើតភាពរីកចម្រើននៅតាមសហគមន៍។ តាមរយៈកិច្ចសហការនេះ ស្ថាប័នទាំងពីរ សហការគ្នាជួយដល់កុមារ ដើម្បីធានាថា កុមារគ្រប់រូបនៅក្នុងសហគមន៍ មានឱកាសអភិវឌ្ឍសក្ដានុពលរបស់ខ្លួនបានពេញលេញ៕

Aba2

Aba3

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia