ធនាគារ ABA គឺជាធនាគារពាណិជ្ជដ៏ធំបំផុតមួយនៅកម្ពុជាដែលមានភាពរីកចម្រើនយ៉ាងឆាប់រហ័សនិងជាធនាគារឈានមុខគេមួយនៅកម្ពុជាលើការផ្ដល់សេវាកម្មហិរញ្ញវត្ថុដ៏សម្បូរបែបដល់ប្រជាជនកម្ពុជានិងអាជីវកម្មក្នុងស្រុកដើម្បីពង្រីកសក្ដានុពលអាជីវកម្មនិងជំរុញកំណើនសេដ្ឋកិច្ច។
ជាក់ស្ដែងបើយោងតាមរបាយការណ៍ដែលមិនទាន់ធ្វើសវនកម្ម នៅត្រឹមត្រីមាសទីមួយឆ្នាំ២០២៤នេះ ធនាគារ ABA មានទ្រព្យសកម្មប្រមាណជាង១២ពាន់លានដុល្លារកើនឡើងចំនួន២៤% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣កន្លងទៅ។ សម្រាប់ត្រីមាសទីមួយឆ្នាំ២០២៤ ធនាគារ ABA រកស៊ីចំណេញបាន៧៩លានដុល្លារដែលស្មើនឹងកំណើន១៥%ធៀបនឹងឆ្នាំ២០២៣។
នៅក្នុងនោះដែរចំនួនប្រាក់បញ្ញើរបស់ABA បានឡើងដល់៩.៦ពាន់លានដុល្លារដែលកើនឡើងចំនួន២២%ខណៈក្នុងឆ្នាំ២០២៣ប្រាក់បញ្ញើមានចំនួន៧.៩ពាន់លានដុល្លារ។ ចំណែកប្រាក់កម្ចីដុលកើនឡើងដល់៨.១ពាន់លានដុល្លារដែលស្មើនឹងកំណើន១៨%ធៀបនឹងឆ្នាំ២០២៣កន្លងទៅនេះ។
លើសពីនេះអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺចំនួនគណនីអតិថិជនមានការកើនឡើងខ្លាំងគួរឲ្យកត់សម្គាល់ពោលគឺត្រឹមត្រីមាសទីមួយឆ្នាំ២០២៤នេះចំនួនគណនីអតិថិជនរបស់ABAឡើងដល់៧.៦លានគណនីដោយកើនឡើងរហូតដល់ទៅ៤១%។
លោក Askhat Azhikhanov នាយកប្រតិបត្តិរបស់ធនាគារ ABA បានឲ្យដឹងថានៅក្នុងត្រីមាសដំបូងនៃឆ្នាំ២០២៤ធនាគារ ABA បានបន្តបង្ហាញនូវលទ្ធផលហិរញ្ញវត្ថុដ៏ល្អប្រសើរគួរឲ្យកត់សម្គាល់ដោយពង្រឹងជំហរជាគ្រឹះស្ថានផ្ដល់ប្រាក់កម្ចីចម្បងមួយនៅក្នុងសេដ្ឋកិច្ចនិងជាចលករដ៏សំខាន់ក្នុងការជំរុញវឌ្ឍនភាពសេដ្ឋកិច្ចកម្ពុជា។
លោកបានបន្តទៀតថាដោយមានយុទ្ធសាស្រ្តក៏ល្អឯកបណ្ដាញធុរកិច្ចប្រាក់បញ្ញើនិងកម្ចីព្រមទាំងផលិតផលហិរញ្ញវត្ថុឌីជីថលបានធ្វើឲ្យABA ក្លាយជាធនាគារឈានមុខគេក្នុងការផ្ដល់នូវដំណោះស្រាយហិរញ្ញវត្ថុដ៏ទំនើប សុវត្ថិភាពនិងជាធនាគារពាណិជ្ជធំបំផុតរបស់កម្ពុជា។
លោកក៏សូមថ្លែអំណរគុណយ៉ាងជ្រាលជ្រៅដល់អតិថិជនទាំងអស់សម្រាប់ទំនុកចិត្តនិងគាំទ្រធនាគារ ABA រហូតមកហើយក៏សូមស្វាគមន៍អតិថិជនថ្មីៗក្នុងការចាប់ផ្ដើមប្រើប្រាស់សេវាធនាគារABA៕