ABA សហការជាមួយអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល ដើម្បីបង្កើនការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ
Daneth MechDECEMBER 19 2024

កាលពីថ្ងៃទី16 ខែធ្នូ ឆ្នាំ2024 ធនាគារ ABA ដែលជាធនាគារពាណិជ្ជធំជាងគេនៅកម្ពុជា មានកិត្តិយសចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយ អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល (គ.ស.ធ.ឌ) ក្នុងនាមជាធនាគារដៃគូ ក្នុងការជំរុញ និងគាំទ្រការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមរយៈថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលទើបនឹងសម្ពោធដាក់ឲ្យដំណើរការ។ 

ថ្នាលឌីជីថលនេះ ជានវានុវត្តន៍ដែលអភិវឌ្ឍនិងរៀបចំដោយ អគ្គលេខាធិការដ្ឋាន គ.ស.ធ.ឌ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានបង្កើតឡើងក្នុងគោលបំណងសម្របសម្រួលការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីទទួលបានវិញ្ញាបនបត្របញ្ជាក់ស្ថានភាពជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពីរាជរដ្ឋាភិបាល។ 

ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ បានប្រព្រឹត្តទៅក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ នាឱកាសនោះដែរ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន គ.ស.ធ.ឌ និងលោក Askhat Azhikhanov នាយកប្រតិបត្តិនៃធនាគារ ABA លោក Zhiger Atchabarov នាយកប្រតិបត្តិការ ធនាគារ ABA និងថ្នាក់ដឹកនាំជាន់ខ្ពស់របស់ធនាគារដៃគូទាំង 4 ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។ 

យោងតាមអនុស្សរណៈយោគយល់គ្នានេះ ធនាគារ ABA នឹងសម្របសម្រួលអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធគ្រប់រូប ដូចជា កម្មករ-និយោជិតនៃសហគ្រាសធុនមីក្រូ កម្មករ-និយោជិតម្តងម្កាល និងបុគ្គលស្វ័យនិយោជន៍ ក្នុងការចុះឈ្មោះតាមរយៈថ្នាលឌីជីថល ដោយស្ម័គ្រចិត្ត និងឥតគិតថ្លៃ នៅគ្រប់សាខារបស់ធនាគារ ABA។ បន្ថែមពីនេះទៀត ថ្នាលឌីជីថលនេះក៏បានរួមបញ្ចូលក្នុងផ្នែកសេវាកម្មរបស់ ABA Mobile អនុញ្ញាតឲ្យអ្នកក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានភាពងាយស្រួលក្នុងការចុះឈ្មោះតាមទូរស័ព្ទដៃ ដោយឥតគិតថ្លៃ។  

ការចុះឈ្មោះជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ នឹងនាំមកនូវអត្ថប្រយោជន៍ជាច្រើន រួមមានការលើកទឹកចិត្តផ្នែកពន្ធដារ ការបណ្តុះបណ្តាលជំនាញ សេវាកម្មថែទាំសុខភាព និងការគាំទ្រផ្សេងៗទៀតពីរាជរដ្ឋាភិបាលដែលនឹងប្រកាសនាពេលឆាប់ៗនេះ។  

ដោយចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ ធនាគារ ABA មានមោទនភាពក្នុងការរួមចំណែកដល់ការអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ 2023-2028 ណែនាំដោយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឲ្យមានលទ្ធភាពឈានចូលក្នុងប្រព័ន្ធ ហើយក្លាយទៅជាកម្លាំងចលករដ៏សំខាន់ ក្នុងការកែលម្អជីវភាពរបស់ប្រជាជន និង អាចរួមចំណែកជា អតិបរមាក្នុងការឈានទៅសម្រេចបាននូវការអភិវឌ្ឍប្រកប ដោយចីរភាព បរិយាបន្ន ភាពរឹងមាំ និង ភាពធន់ទៅនឹងវិបត្តិ។ 

លោក Zhiger Atchabarov ប្រធានប្រតិបត្តិការនៃធនាគារ ABA មានប្រសាសន៍ថា “យើងខ្ញុំ នៅធនាគារ ABA សូមកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង ប្រកបដោយភាពច្នៃប្រឌិតរបស់រាជរដ្ឋភិបាល ក្នុងការដាក់ឱ្យដំណើរការថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ យើងខ្ញុំ នៅតែប្តេជ្ញាចិត្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។”

លោកក៏បានបន្ថែមថា “តាមរយៈការប្រើប្រាស់បណ្តាញសាខាដ៏ទូលំទូលាយ និងកម្មវិធីធនាគារតាមទូរស័ព្ទដៃរបស់ ABA  យើងខ្ញុំ មានគោលបំណងបង្កើនភាពងាយស្រួលក្នុងដំណើរការចុះឈ្មោះសម្រាប់អ្នកនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងបន្តជំរុញកំណើនសេដ្ឋកិច្ចជាតិបន្ថែមទៀត។” 

ធនាគារ ABA លើកទឹកចិត្តអ្នកដែលបំពេញគ្រប់លក្ខខណ្ឌ អញ្ជើញមកចុះឈ្មោះនៅសាខាធនាគារ ABA ដែលនៅជិតលោកអ្នក ឬ ប្រើប្រាស់អេប ABA Mobile ដើម្បីចូលរួមជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាផ្លូវការ។ 

សម្រាប់ព័ត៌មានបន្ថែមអំពីថ្នាលឌីជីថលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ សូមចូលទៅគេហទំព័រ https://informal.digitaleconomy.gov.kh/km  

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia