ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (ឆ្វេងដៃខាងមុខ) ប្រគល់វិញ្ញាបនបត្របញ្ជាក់សមាជិកភាពជាសមាជិករបស់ថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (CamDX) ជូន នាយកប្រតិបត្តិ ធនាគារ ABA
ធនាគារ ABA ដែលជាធនាគារពាណិជ្ជធំបំផុតនៅកម្ពុជា និងជាអ្នកផ្ដល់ដំណោះស្រាយសេវាធនាគារដ៏ទំនើបចម្បងមួយ បានចុះអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌ សេដ្ឋកិច្ចឌីជីថល និងការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ នៅក្នុងប្រទេសកម្ពុជា។ ភាគីទាំងពីរ នឹងធ្វើការយ៉ាងជិតស្និទ្ធ ដើម្បីជំរុញ និងគាំទ្រកិច្ចសហប្រតិបត្តិការផ្សេងៗ ដែលរួមចំណែកដល់ការអភិវឌ្ឍវិស័យ បច្ចេកវិទ្យាហិរញ្ញវត្ថុ នៅក្នុងប្រទេសកម្ពុជា ស្របតាមគោលការណ៍ថ្នាក់ជាតិ និងនិន្នាការពិភពលោក។
ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ ត្រូវបានធ្វើឡើងនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី 26 ខែមេសា និងក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តមបណ្ឌិត គង់ ម៉ារី អនុរដ្ឋលេខាធិការ និងជារដ្ឋលេខាធិការ នៃអគ្គលេខាធិការគណៈ កម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល។ ភាគីធនាគារ ABA តំណាងដោយលោក Askhat Azhikhanov នាយកប្រតិបត្តិ អមដំណើរដោយ លោក Yves Jacquot ប្រធានក្រុមប្រឹក្សាភិបាល និងលោក Madi Akmambet អភិបាលប្រតិបត្តិ រួមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។
លោក Askhat Azhikhanov នាយកប្រតិបត្តិ ធនាគារ ABA (ឆ្វេងដៃខាងមុខ) និង ឯកឧត្តមបណ្ឌិត គង់ ម៉ារី អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ បន្ទាប់ពីចុះអនុស្សរណៈយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌ សេដ្ឋកិច្ចឌីជីថល និងការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ នៅក្នុងប្រទេសកម្ពុជា
តាមរយៈអនុស្សរណៈយោគយល់គ្នានេះ ធនាគារ ABA បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការគាំទ្រ និងអនុវត្តកម្មវិធីនានា នៅក្នុងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ និងសេដ្ឋកិច្ចឌីជីថល ស្របតាមក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា 2021-2035 និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា 2022-2035 ។ ធនាគារ ក៏នឹងចូលរួមក្នុងការប្រើប្រាស់ និងផ្តល់ការចូលប្រើប្រាស់ផលិតផលព័ត៌មានវិទ្យា (IT) ដូចជាប្រព័ន្ធ ចេញវិក្កយបត្រអេឡិកត្រូនិក (e-Invoicing), ថ្នាល CamDX និងប្រព័ន្ធសម្គាល់អត្តសញ្ញាណអតិថិជន CamDigiKey ផងដែរ។
ជាផ្នែកនៃកិច្ចសហការនេះ ធនាគារ ABA បានក្លាយជាសមាជិកថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (CamDX) ជាផ្លូវការ ដែលជាថ្នាលផ្លាស់ប្ដូរទិន្នន័យមួយឈរនៅកណ្ដាល ដើម្បីផ្ដល់សេវាកម្មអនឡាញជូនស្ថាប័នរដ្ឋ និងឯកជន។
លោក Askhat Azhikhanov មានប្រសាសន៍ថា “យើងខ្ញុំមានកិតិ្តយសក្នុងកិច្ចសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឆ្ពោះទៅគោលដៅរួម គឺការលើកកម្ពស់សេដ្ឋកិច្ចឌីជីថលនវានុវត្ត ប្រកបដោយប្រពលភាពក្នុងប្រទេស។
លោកបន្ថែមថា “ABA តែងតែប្តេជ្ញាក្នុងការប្រើបច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយគុណតម្លៃ និងមានប្រសិទ្ធភាព ជូនដល់អតិថិជន។ យើងខ្ញុំជឿជាក់យ៉ាងមុតមាំថា ការសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងអាចឲ្យយើងខ្ញុំបង្កើតឱកាសកាន់តែច្រើនជូនដល់អតិថិជន និងពន្លឿនវឌ្ឍនភាពនៅក្នុងប្រព័ន្ធអេកូឡូស៊ីនៃបច្ចេកវិទ្យាហិរញ្ញវត្ថុទាំងមូល។”
តាមរយៈសេវាធនាគារឌីជីថលនវានុវត្តរបស់ខ្លួន ABA សង្ឃឹមថានឹងអាចចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា និងជំរុញ ឌីជីថលូបនីយកម្មនៃសេវាកម្មហិរញ្ញវត្ថុ និងរដ្ឋាភិបាលនៅក្នុងប្រទេស។
ធនាគារ ABA ត្រូវបានចាត់ទុកជាធនាគារពាណិជ្ជកម្ពុជាដ៏ធំបំផុតគិតលើទ្រព្យសកម្ម, ប្រាក់បញ្ញើ, កម្ចីដុល, ប្រាក់បញ្ញើអតិថិជននិងប្រាក់ចំណេញ ផ្អែកលើរបាយការណ៍ត្រួតពិនិត្យប្រចាំឆ្នាំ 2021 របស់ធនាគារជាតិនៃកម្ពុជា។
វិញ្ញាបនបត្របញ្ជាក់សមាជិកភាពជាសមាជិកផ្លូវការរបស់ថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (CamDX) ប្រគល់ជូន ធនាគារ ABA នៅថ្ងៃទី 26 ខែមេសា ឆ្នាំ2023