ស្ទើរមិនជឿ! ទម្លាប់ពេលព្រឹកដែលគេមើលរំលង ៦ អាចជួយដោះបំណុលជាង ៤២ម៉ឺនដុល្លារបាន
ឡុង វឌ្ឍនៈAPRIL 20 202266.9 K views

លោក Hal Elord បច្ចុប្បន្នគឺជាអ្នកនិពន្ធ គ្រូបង្វឹកភាពជោគជ័យ និងជាវាគ្មិនមួយរូបផងដែរ។ សៀវភៅដ៏ល្បីល្បាញមួយក្បាលដែលលោកបាននិពន្ធឡើងគឺមានចំណងជើងថា The Miracle Morning ឬអាចបកប្រែជាភាសាខ្មែរថា ពេលព្រឹកព្រលឹមដ៏អស្ចារ្យ។ សៀវភៅនេះគឺបាននិយាយពីប្រវត្តិ និងទម្លាប់ពេលព្រឹកព្រលឹមចំនួន ៦យ៉ាង ដែលលោកបានស្រាវជ្រាវ ​និងអនុវត្តន៍នៅខណៈពេលដែលជីវិតរបស់លោកធ្លាក់ចុះដល់បាតព្រោះតែជំពាក់បំណុលគេរហូតដល់ទៅ ៤២៥,០០០ ដុល្លារ ប៉ុន្តែលោកអាចធ្វើឱ្យជីវិតរបស់លោកអាចងើបឡើងវិញចាកចេញពីភាពខ្មៅងងឹងទាំងនោះបាន។

រំលឹកទៅកាន់ប្រវត្តិរបស់លោកលោកបានបញ្ជាក់ថា ជីវិតរបស់លោកគឺបានធ្លាក់ចុះដល់បាតចំនួន ២ដង។ ទី១ គឺនៅពេលដែលលោកមានអាយុខ្ទង់ ២០ ឆ្នាំ គឺលោកបានជួបនូវគ្រោះថ្នាក់ចរាចរណ៍ដែលធ្វើឱ្យប៉ះពាល់ដល់ខួរក្បាល បាក់ឆ្អឹងរហូតដល់ទៅ ១១កំណាត់ និងរបួសពាសពេញរាងកាយយ៉ាងដំណំ។ មនុស្សជាច្រើនបានគិតថាលោកប្រហែលជាអាចនឹងក្លាយជាមនុស្សពិការអស់មួយជីវិតហើយព្រោះតែការបាក់ឆ្អឹង និងការប៉ះពាល់ខួរក្បាលរបស់លោកបានធ្វើឱ្យលោកមានការភ្លេចភ្លាំងច្រើន។ ប៉ុន្តែអ្វីគ្រប់យ៉ាងដូចជាមានរឿងអច្ឆរិយកើតឡើងចំពោះលោក គឺលោកបានជាសះស្បើយ ហើយត្រឡប់មកក្លាយជាមនុស្សធម្មតាវិញ។

ចំណុចដែលជីវិតលោកធ្លាក់ចុះជាលើកទី ២គឺនៅក្នុងឆ្នាំ ២០០៧ នៅខណៈពេលសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកបានចាប់ផ្ដើមមានវិបត្តិ ដែលធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ប្រាក់ចំណូលរបស់លោក ដែលជាហេតុធ្វើឱ្យជីវិតរបស់លោកមានភាពក្រឡាប់ចាក់ក្នុងរយៈពេលលឿនបំផុត ទាំងដែលលោកមិនបានត្រៀមខ្លួនរួចរាល់នៅឡើយ។ លោកបានខ្វះប្រាក់ដើម្បីបង់ទៅលើវិក័យបត្រចំណាយផ្សេងៗ ហើយការចំណាយដ៏ធំរបស់លោកគឺការបង់ប្រាក់កម្ចីទិញផ្ទះ ដែលបានធ្វើឱ្យជីវិតរបស់លោកធ្លាក់ទៅក្នុងបំណុលរហូតដល់ទៅ ៤២៥០០០ ដុល្លារ។ ចាប់ពីពេលនោះមកជីវិតរបស់លោកបានប្រែប្រួលខ្លួនក្លាយជាមនុស្សដែលធ្លាក់ទឹកចិត្ត អស់សង្ឃឹម​ និងចូលចិត្តនៅស្ងៀមស្ងាត់តែឯងដើម្បីរិះរកដំណោះស្រាយ។

ក្រោយមកនៅក្នុងឆ្នាំ ២០០៨ ជីវិតរបស់លោកក៏ចាប់ផ្ដើមប្រែប្រួលត្រឡប់មកជាល្អប្រសើរជាងមុន នៅពេលដែលលោកបានយកបញ្ហារបស់លោកទៅនិយាយប្រាប់ដល់មិត្តភក្តិជិតស្និទ្ធម្នាក់របស់លោក។ ចម្លើយតបដែលមិត្តរបស់លោកជួយគឺឱ្យលោកចាប់ផ្ដើមហាត់ប្រាណឱ្យបានទៀងទាត់ ដើម្បីឱ្យស្មារតីមានភាពល្អប្រសើរជាងមុន។ ក្រោយមកលោកបានអាចសៀវភៅមួយក្បាលរបស់លោក Jim Rohn ដែលបាននិយាយពាក្យដ៏មានអត្ថន័យមួយឃ្លាថា “កម្រិតនៃភាពជោគជ័យរបស់អ្នកគឺនឹងមិនអាចលើសពីកម្រិតនៃការអភិវឌ្ឍខ្លួនរបស់អ្នកនោះទេ ព្រោះភាពជោគជ័យគឺជាអ្វីដែលអ្នកអាចទាក់ទាញវាបានតាមរយៈការអភិវឌ្ឍខ្លួនឱ្យក្លាយជាមនុស្សបែបណាមួយ”។ ក្រោយពីយល់ពីអានពាក្យមួយឃ្លានេះហើយ លោកក៏ចាប់ផ្ដើមខិតខំស្រាវជ្រាវពីវិធីសាស្ត្រផ្សេងៗ ដើម្បីអភិវឌ្ឍន៍ខ្លួនឯងឡើងវិញ រហូតដល់លោកអាចបង្កើតចេញជាទម្លាប់ពេលព្រឹកមួយដែលលោកបានដាក់ថា S.A.V.E.R.S។

១. Silence (S) មានន័យថា ភាពស្ងៀមស្ងាត់ ដែលដំបូងឡើយនៅពេលដែលលោកក្រោកពីដំណេកលោកត្រូវ អង្គុយតាំងសមាធិដើម្បីធ្វើចិត្តឱ្យស្ងប់ កាត់បន្ថយអារម្មណ៍ស្ត្រេសមុននឹងចាប់ផ្ដើមថ្ងៃថ្មីរបស់លោក។ នៅក្នុងចំណុចនេះអ្នកអាចធ្វើការតាំងសមាធិ ​ធ្វើការបួងសួងដល់អ្វីដែលអ្នកមានជំនឿ ធ្វើការដឹងគុណដល់អ្វីៗដែលមានគុណលើអ្នក ដងដង្ហើមឱ្យបានវែងៗ ឬឆ្លុះបញ្ចាំងពីខ្លួនឯងអំពីអ្វីដែលអ្នកបានធ្វើជាដើម។

២. Affrimation (A) មានន័យថា ការប្រើពាក្យល្អៗបញ្ជាក់ប្រាប់ខ្លួនឯង។ អ្នកអាចសរសេរពាក្យល្អៗដែលអ្នកនឹងប្រើដើម្បីបញ្ជាក់ប្រាប់ខ្លួនឯងជារៀងរាល់ថ្ងៃ។ អ្វីដែលអ្នកគួរសរសេរគឺ តើអ្វីដែលអ្នកពិតជាចង់បានខ្លាំងបំផុត? ហេតុអ្វីបានជាអ្នកចង់បានវា? តើអ្នកត្រូវធ្វើខ្លួនបែបណាដើម្បីទទួលបានវា? ធ្វើការប្ដេជ្ញាចិត្តចំពោះសកម្មភាពអ្វីខ្លះដែលអ្នកនឹងធ្វើដើម្បីទទួលបានវា។

៣. Visualization (V) មានន័យថាស្រមៃឱ្យឃើញជារូបភាព។ នៅក្រោយពេលដែលអ្នកប្រើពាក្យល្អៗ និងនិយាយចេញនូវអ្វីដែលអ្នកចង់បានហើយ អ្នកត្រូវធ្វើការស្រមៃអំពីវាឱ្យចេញជារូបភាពផងដែរ។ ប្រសិនបើអ្នកចង់បានអ្វីអ្នកអាចស្រមៃថាអ្នកកំពុងតែទទួលបានវា និងទទួលអារម្មណ៍រំភើបផ្សេងៗពេលដែលអ្នកជោគជ័យជាដើម។ ការស្រមៃថាអ្នកកំពុងទទួលបាននូវអ្វីដែលអ្នកចង់បាន គឺវានឹងផ្ដល់នូវថាមពល និងជំនឿចិត្តឱ្យអ្នកដើម្បីសម្រេចនូវរាល់អ្វីៗដែលអ្នកចង់បាន។

៤. Exercise (E) មានន័យថា ការហាត់ប្រាណ។ អ្នកត្រូវធ្វើការហាត់ប្រាណដើម្បីឱ្យឈាមក្នុងខ្លួនរបស់អ្នករត់ល្អ និងធ្វើឱ្យអ្នកមានអារម្មណ៍ស្រស់ថ្លាមុននឹងចាប់ផ្ដើមថ្ងៃថ្មី។ អ្នកអាចជ្រើសរើសនូវប្រភេទលំហាត់ប្រាណផ្សេងៗដែលអ្នកចូលចិត្ត ដើម្បីឱ្យអ្នកមានអារម្មណ៍ល្អក្នុងការធ្វើវា និងមិនមានភាពធុញទ្រាន់។

៥. Reading (R)មានន័យថា ការអាន។ បន្ទាប់ពីហាត់ប្រាណហើយ អ្នកត្រូវចាប់ផ្ដើមអាន។ អ្នកអាចអាននូវសៀវភៅផ្សេងៗដែលអ្នកចូលចិត្ត និងត្រូវជាមួយនឹងគោលដៅដែលអ្នកចង់សម្រេចបាន។ សម្រាប់អ្នកថ្មីៗដែលមិនសូវចូលចិត្តការអាន លោកផ្ដល់ជាយោបល់ថាគួរតែធ្វើការប្ដេជ្ញាចិត្តដាក់គោលដៅអានឱ្យបានយ៉ាងហោចណាស់ ១០ទំព័រឡើងដែរ ឬនិយាយមួយបែបទៀតអានយ៉ាងតិច ៣០នាទីជាប្រចាំ។

៦. Scribling (S)មានន័យថា ការសរសេរ។ បន្ទាប់ពីអានចប់អ្នកត្រូវសរសេរចូលនូវរាល់ចំណុចសំខាន់ៗ ឬចំណេះដឹងថ្មីៗដែលអ្នកទទួលបានចូលទៅក្នុងក្រដាស ឬកូនសៀវភៅរបស់អ្នក។ ការសរសេរវាអាចធ្វើឱ្យអ្នកចងចាំបានយូរ ចំណេញពេលវេលា និងងាយស្រួលក្នុងការស្វែងរកវា។ ជាចុងក្រោយនៅពេលដែលអ្នកទទួលបាននូវអ្វីថ្មីៗ កុំភ្លេចព្យាយាមយកវាទៅអនុវត្តន៍ផងព្រោះចំណេះដឹងដែលមិនបានយកវាទៅអនុវត្តន៍គឺវាគ្មានន័យនោះទេ។

ជាសង្ខេបមកវិញនេះគឺជាបទពិសោធន៍ក៏ដូចជាទម្លាប់របស់លោក Hal Elrod ដែលជីវិតរបស់់លោកបានធ្លាក់ដល់បាត បន្ទាប់មកក្រោយពីពេលដែលលោកបានរកឃើញនៅទម្លាប់ទាំងអស់នេះ ហើយបានយកវាទៅអនុវត្តន៍ធ្វើឱ្យជីវិតរបស់លោកមានការប្រែប្រួលល្អប្រសើរជាងមុន ការងារក៏ចាប់ផ្ដើមរីកចម្រើនទៅមុខ ចំណូលក៏កើនឡើងច្រើនជាងមុន និងអាចរំដោះខ្លួនចេញពីបំណុលជាង ៤០ម៉ឺនដុល្លារទៀតផង។ លោកបាននិយាយថាក្រោយពេលដែលលោកយកទម្លាប់ទាំងនេះមកអនុវត្តន៍គឺ ជីវិតរបស់លោកបានល្អប្រសើរជាងជីវិតរបស់លោកកាលពីមុនកើតមានវិបត្តិសេដ្ឋកិច្ចនៅអាមេរិកនោះទៅទៀត។ ជាចុងបញ្ចប់ ក្រោយពេលដែលមិត្តអ្នកអានបានដឹងពីទម្លាប់ដ៏អស្ចារ្យទាំង ៦របស់លោក Hal Elrod ដែលលោកប្រើដើម្បីអភិវឌ្ឍន៍ខ្លួនឱ្យប្រសើរឡើង និងអាចរកចំណូលបានជាច្រើន រហូតដល់អាចដោះបំណុលដែលខ្លួនជំពាក់គេចំនួន ៤២៥០០០ ដុល្លារបាន លោកអ្នកក៏អាចយកទម្លាប់ទាំងនោះទៅអនុវត្តន៍តាមផងដែរ ដើម្បីអាចកែប្រែខ្លួនឯងឱ្យក្លាយជាមនុស្សម្នាក់ដែលមានសមត្ថភាពខ្ពស់ អាចរកចំណូលបានកាន់តែច្រើនដើម្បីអាចដោះបំណុល និងកសាងនូវទ្រព្យសម្បត្តិឱ្យកាន់តែមានជីវភាពធូរធារផងដែរ៕

តាមដានគំនិតល្អៗ ប្រចាំថ្ងៃជាច្រើននៅក្រុមចែករំលែកពិសេស ដោយឥតគិតថ្លៃ https://t.me/LongVathanak777

អត្ថបទដោយ៖ ឡុង វឌ្ឍនៈ (ប្រធាននិពន្ធផ្នែកដឹកនាំ)

តេឡេក្រាម៖ 096 351 7713 

សៀវភៅ "ស្មុគស្មាញ" ជួយឱ្យជីវិតអ្នក រស់នៅមានក្ដីសុខច្រើនជាងមុន !

01 Bc 02

 

 

ឡុង វឌ្ឍនៈ
ក្រោយចំណាយពេលជាង ០៤ឆ្នាំ សម្ភាសន៍អ្នកជំនួញតូចធំរាប់រយនាក់ និងធ្លាប់បានសរសេរលើសពី ១០០០អត្ថបទ ទាក់ទងនឹងផ្នែកដឹកនាំ ខ្ញុំនៅតែស្រលាញ់ចូលចិត្តជំនាញដឹកនាំ និងរកឃើញរឿងគួរឱ្យចាប់អារម្មណ៍កាន់តែច្រើនឡើងក្នុងផ្នែកនេះ។ ក្ដីស្រមៃធំមួយរបស់ខ្ញុំ គឺចង់ជួយដល់ម្ចាស់អាជីវកម្មតូចធំនៅកម្ពុជា អាចទទួលជោគជ័យទាំងក្នុងការដឹកនាំអាជីវកម្មផង និងកសាងសុភមង្គលក្នុងគ្រួសារជាទីស្រលាញ់របស់ពួកគាត់ប្រកបដោយតុល្យភាព។ ប្រសិនបើអ្នក ចង់ចែករំលែកគំនិតល្អៗ ឬចង់ផ្សព្វផ្សាយ រុញអាជីវកម្មអ្នកឱ្យគេស្គាល់កាន់តែច្រើន កុំខ្លាចក្នុងការជជែក ឬទំនាក់ទំនងជាមួយខ្ញុំ។ Telegram: 096 351 7713។ តាមដានគំនិតល្អៗជាច្រើនទៀតពីខ្ញុំតាមឆាណែលតេឡេក្រាម @LongVathanakOfficial ឬ Fb Page: Long Vathanak - ឡុង វឌ្ឍនៈ

អត្ថបទសរុប៖ 558

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia