ជាការពិត អ្នកមាននិងអ្នកក្រ សុទ្ធតែជាមនុស្សធម្មតាដូចគ្នាទេ ប៉ុន្តែអ្វីដែលខុសគឺ ការគិត ការអនុវត្ត និងការរៀបចំជីវិតប្រចាំថ្ងៃ។ ក្នុងនោះដែរការចាត់ចែងលុយកាក់ក៏ផ្ទុយស្រឡះពីគ្នា ខណៈចំណុចមួយនេះហើយដែលធ្វើឱ្យអ្នកក្រនៅតែក្រ ហើយអ្នកមានកាន់តែមានឡើងៗ។
ខាងក្រោមនេះជាទម្លាប់ចាយលុយខុសក្បួនទាំង៧ ដែលអ្នកក្រភាគច្រើនចំណាំធ្វើ ប៉ុន្តែក្រុមមនុស្សអ្នកមានៗដូចជា Bill Gates ឬ Warren Buffett តែងជៀសវាងមិនធ្វើជាដាច់ខាត។
១. ខ្ជះខ្ជាយលុយលើសេវាកម្ម ឬការពិន័យ
អ្នកមានមិនប្រហែសឱ្យខ្លួនឯងខកខាន បង់វិក្កយបត្រសេវាកម្ម ធនាគារ ឬបង់ថ្លៃជួលមិនទាន់ពេលវេលាឡើយ ព្រោះពួកគេមិនចង់ខាតលុយលើថ្លៃពិន័យ។ ដើម្បីបង្ការកុំឱ្យខ្លួនឯងភ្លេចបង់ថ្លៃសេវាទាំងនោះ ពួកគេតែងតែប្រើការបង់ស្វ័យប្រវត្តិ ដោយកាត់លុយពីគណនីធនាគារទៅតាមពេលវេលាកំណត់ជាប្រចាំ។
២. មិនយកចិត្តទុកដាក់លើពិន្ទុឥណទាន
អ្នកមានមិនបំផ្លាញក្រេឌីតខ្លួនឯងឡើយ ព្រោះថាពិន្ទុឥណទានសំខាន់ខ្លាំងណាស់ ប្រសិនបើពិន្ទុនេះខ្ពស់វាអាចជួយឱ្យអ្នកខ្ចីលុយធនាគារមកប្រើបានច្រើនពេលមានតម្រូវការចាំបាច់។ ដើម្បីរក្សាពិន្ទុឥណទាន ពួកគេតែងតែពិនិត្យរបាយការណ៍ពិន្ទុជារៀងរាល់ខែ រក្សាកម្រិតបំណុលឱ្យនៅទាប និងបង់វិក្កយបត្រឱ្យទាន់ពេលវេលា។
ឧទាហណ៍ថា អ្នកជំពាក់លុយធនាគារមួយ តែមិនដែលបង់លុយប្រចាំខែឱ្យគេទៀងទាត់សោះ វានឹងធ្វើឱ្យក្រេឌីតរបស់អ្នកធ្លាក់ចុះ ខាងធនាគារនឹងដកពិន្ទុឥណទានជាបន្តបន្ទាប់ទៅតាមកំហុសដែលអ្នកបង្កើតឡើង។ មិនតែប៉ុណ្ណោះគេនឹងបញ្ជូនព័ត៌មានរបស់អ្នកទៅកាន់ធនាគារផ្សេងៗទៀត ហើយបើថ្ងៃណាមួយអ្នកមានការបន្ទាន់ត្រូវខ្ចីលុយធនាគារទៀត អ្នកច្បាស់ជាខ្ចីមិនបានច្រើន ឬបើធ្ងន់ធ្ងរគេលែងឱ្យខ្ចីតែម្ដងក៏ថាបាន។
៣. ចំណាយដោយអន្ទះសារ
មនុស្សឆ្លាតមិនចេះតែចាយតាមចិត្តចង់ឡើយ ជាពិសេសគេមិនឱ្យអារម្មណ៍នាំមុខពេលចង់ទិញទំនិញថ្មីនោះទេ។ អ្នកមានគេជ្រើសរើសការសន្សំសំចៃ ជាក់ស្ដែងដូចជាមហាសេដ្ឋី Bill Gates ពាក់នាឡិកាតម្លៃ ១០ដុល្លារ ឯ Warren Buffett វិញញ៉ាំអាហារពេលព្រឹកមិនលើសពី ៣.១៧ដុល្លារឡើយ។ ពួកគេកំណត់ចំណាំថា ការចាយទាំងបង្ខំនាំឱ្យខ្ជះខ្ជាយ ចំណាយលើស និងបំណុល ជារឿង៣ ដែលមនុស្សគួរជៀសវាង។
៤. ចាញ់បោកការធ្វើទីផ្សារ
ការលក់ដូរទំនិញ គេតែងតែឃោសនានៅគ្រប់ទីកន្លែង ដើម្បីកុំឱ្យចាញ់បោកអ្នកធ្វើទីផ្សារ មុនទិញទំនិញអ្នកត្រូវធ្វើការប្រៀបធៀប។ គំនិតរបស់អ្នកមានគឺ សម្លឹងរូបភាពធំ ដែលសំខាន់ជាងតម្លៃគឺ គុណភាព និងគុណប្រយោជន៍នៃទំនិញ។ ពួកគេសុខចិត្តទិញរបស់មួយដែលមានតម្លៃថ្លៃជាង ប៉ុន្តែប្រើប្រាស់បានយូរ អាចសន្សំពេលវេលា និងមិនខាតលុយលើការយកទៅជួសជុលម្ដងហើយម្ដងទៀត។
៥. ប្រញាប់ចង់បានផលចំណេញ
មហាសេដ្ឋី អតីតនាយកប្រតិបត្តិ Google លោក Eric Schmidt បានលើកឡើងថា “ការជួញដូររយៈពេលខ្លី មិនធ្វើឱ្យអ្នកក្លាយជាអ្នកមាននោះទេ”។ ការវិនយោគដែលអាចផ្ដល់ផលចំណេញច្រើន គឺការវិនិយោគរយៈពេលវែង បើអ្នកចង់បានឆាប់វាក៏ប្រថុយជាមួយនឹងហានិភ័យខាតបង់ខ្ពស់ដូចគ្នា។
៦. ប្រភពចំណូលតែមួយ
ការមានប្រភពចំណូលច្រើននឹងជួយឱ្យអ្នករកលុយបានកាន់តែច្រើន ហើយអ្នកមានទាំងអស់មិនពឹងផ្អែកលើប្រភពចំណូលតែមួយនោះទេ។ ពួកគេប្រើប្រាស់ជំនាញដែលខ្លួនឯងកំពុងតែមាន ដើម្បីទាញយកប្រាក់ចំណូលបន្ថែម តាមរយៈការវិនិយោគ ការបើកវគ្គបង្រៀន ឬសរសេរសៀវភៅជាដើម។
៧. ប្រៀបធៀបខ្លួនឯងនឹងមនុស្សជុំវិញខ្លួន
មិនថាសង្គមមនុស្សជុំវិញគេបង្អួតភាពឡូយឆាយ ប្រើរបស់ទំនើបៗ ដេញសេរីគ្នាដល់កម្រិតខ្ពស់ប៉ុនណាទេ ក៏អ្នកមានមិនដែលទៅខ្វាយខ្វល់ចង់ចូលរួមអួតនឹងគេឡើយ។ តួយ៉ាងដូចជា Warren Buffett គាត់ជាមហាសេដ្ឋីតែគាត់មិនដែលដេញសេរី iPhone ឡើយ។
មនុស្សជុំវិញខ្លួនរបស់អ្នកអាចនឹងមានសម្ភារៈល្អដែលជាសេរីថ្មីចុងក្រោយបង្អស់សម្រាប់ប្រើប្រាស់ ប៉ុន្តែមិនមែនមានន័យថាអ្នកក៏ត្រូវការរបស់ទាំងអស់នោះដូចគេដែរទេ។ ការពិតមួយដែលអ្នកគួរតែដឹងនោះគឺ ភាពជាខ្លួនឯងវាសំខាន់ជាងអ្វីដែលជាការយល់ឃើញរបស់អ្នកដទៃ ដូច្នេះវាគ្មានហេតុផលអ្វីដែលអ្នកត្រូវចាយលុយដើម្បីផ្គាប់ភ្នែកគេឡើយ៕
អត្ថបទដោយ៖ សូ សុខលី