សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជានឹងអាចបង្កើតប៉ូលសេដ្ឋកិច្ចទី៥ នៅខេត្ដភូមិភាគឦសាន លើផ្អែកកសិ-ឧស្សាហកម្ម ដែលមានខេត្ដស្នូលចំនួន ៤ រួមមាន៖ ខេត្ដក្រចេះ ខេត្ដស្ទឹងត្រែង ខេត្ដរតនៈគិរី និងខេត្ដមណ្ឌលគិរី។
ថ្លែងនៅក្នុងពិធីបិទសន្និបាតបូកសរុបកាងារ កសិកម្ម រុក្ខប្រមាញ់ និងនេសាទ ឆ្នាំ២០២២ និងលើកទិសដៅ ឆ្នាំ២០២៣ កាលថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២៣ សម្ដេចតេជោនាយករដ្ឋមន្ដ្រីបានមានប្រសាសន៍ថា «ខ្ញុំសង្ឃឹមថាយើងអាចបង្កើតប៉ូលសេដ្ឋកិច្ចទី៥នៅភូមិភាគឦសាន ដោយយកវិស័យកសិ-ឧស្សាហកម្មជាស្នូលរួមមានក្រចេះ ស្ទឹងត្រែង រតនៈគិរី មណ្ឌលគិរី»។
គួរជម្រាបផងដែរថា បច្ចុប្បន្នកម្ពុជាមានតំបន់ប៉ូលសេដ្ឋកិច្ចទី១ នៅភ្នំពេញ, ទី២នៅខេត្ដព្រះសីហនុ ទី៣នៅខេត្ដសៀមរាប ខណៈថ្មីៗនេះទើបប្រកាសបង្កើតប៉ូលសេដ្ឋកិច្ចទី៤នៅភាគពាព្យ័យ ដោយយកខេត្ដចំនួន៤ រួមមាន ខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងប៉ៃលិន ហើយប៉ូលសេដ្ឋកិច្ចថ្មីនេះគឺផ្សាភ្ជាប់នឹងច្រកមច្ឆា និងអង្ករ ដើម្បីកៀរគរវិនិយោគ ក្នុងនិងក្រៅប្រទេស មកចូលរួមជំរុញផលិតកម្ម ការកែច្នៃ និងការនាំចេញ កសិផល វារីវប្បកម្ម និងបសុសត្វ ទៅកាន់ទីផ្សារចិន និងអន្តរជាតិ៕
អត្ថបទ៖ កឹម ប៊ុនធឿន