នៅពេលជួបភាពតានតឹងឬស្រ្តេសអ្វីមួយ លោកអ្នកអាចសាកវិធីសាស្រ្តសាមញ្ញ៥យ៉ាងនេះ ដែលប្រើតាមលំដាប់លំដោយទៅលើបញ្ហាណាមួយបាន ដើម្បីឱ្យអ្នកគិតបានមូលស្មារតីជាងមុន និងលែងស្មុគស្មាញ៖
១. សួរខ្លួនឯងថាមកពីអ្វីទើបយើងស្រ្តេស?៖ ជាទូទៅនៅពេលដែលជួបបញ្ហា មនុស្សភាគច្រើនតែងគិតនិងព្រួយបារម្ភអំពីស្ថានភាពជុំវិញខ្លួនដែលអាចនឹងកើតឡើងដោយសារបញ្ហាមួយនោះ។ ប៉ុន្តែក្រៅពីភាពភ័យព្រួយ អ្នកត្រូវសួរខ្លួនឯងថាតើមូលហេតុអ្វីខ្លះដែលបណ្តាលឱ្យកើតស្រ្តេស?
ឧទាហរណ៍អ្នកកំពុងជួបបញ្ហាដាច់លុយមុនដាច់ខែ។ ដូច្នេះដើម្បីជាការឆ្លើយតបអ្នកអាចសញ្ជឹងគិតបន្តិចថាតើមូលហេតុអ្វីដែលធ្វើឱ្យអ្នកដាច់លុយមុនដាច់ខែ។
២.ច្បាស់លាស់អំពីបញ្ហា៖ បន្ទាប់ពីយល់មូលហេតុដែលនាំឱ្យកើតមានបញ្ហា អ្នកត្រូវយល់ពីគ្រប់ជ្រុងនៃបញ្ហាថាវាកើតឡើងបានដោយសារអ្វីខ្លះ ហេតុអ្វីទើបវាកើតឡើង កត្តាអ្វីខ្លះចូលរួមឱ្យវាកើតឡើង។
៣. ឱ្យដំណោះស្រាយខ្លួនឯង៖ សរសេរចុះនូវអ្វីដែលអ្នកគិតថាវាជាដំណោះស្រាយចំពោះបញ្ហា១នោះ តាមដែលអ្នកអាចធ្វើបាន។ ឧទាហរណ៍ដូចជាការឈប់ចាយលើរបស់ដែលមិនត្រូវការ ត្រូវមានលុយសន្សំ២០% ដកពីប្រាក់ចំណូលជារៀងរាល់ខែដើម្បីចំណាយបន្ទាន់ ឬឈប់ទិញសម្ភារៈអនឡាញ និងទទួលទានអាហារក្រៅផ្ទះញាប់ញឹកជាដើម។
៤. វាយតម្លៃដោះស្រាយ៖ ជ្រើសយករបៀបដោះស្រាយជាច្រើនដែលអ្នកបានកត់ត្រាយកមកវាយតម្លៃថាតើមួយដែលច្បាស់លាស់ សិក្តសមជាមួយអ្នកនិងអាចជួយអ្នកឱ្យដោះស្រាយបានដោយធូរស្បើយជាងគេ ឧទាហរណ៍ដូចជាការបឈ្ឍប់សកម្មភាពទិញសម្ភារៈមិនចាំបាច់ឬសម្ភារៈដែលមិនត្រូវការបន្ទាន់ជាដើម។
៥. ធ្វើសកម្មភាពភ្លាមៗ៖ បន្ទាប់ពីយល់ពីមូលហេតុ និងដំណោះស្រាយគ្រប់អស់ហើយត្រូវចាប់ផ្តើមធ្វើសកម្មភាពភ្លាមៗ ជាមួយអ្វីដែលនៅមាន កុំចាំដល់ថ្ងៃស្អែក ចាំខែថ្មីឬឆ្នាំថ្មី ទើបសម្រេចចិត្តប្តូរទម្លាប់និងគោលការណ៍ផ្ទាល់ខ្លួន ពោលគឺចាប់ផ្តើមចាយសន្សំសំចៃតិចតួចតាំងពី១កាក់១សេន រហូតក្លាយជាទម្លាប់បាន។
ជាការពិតណាស់ភាពតានតឹងនិងបញ្ហាស្រ្តេសតែងតែកើតមានលើមនុស្សគ្រប់គ្នាតិចក្តីច្រើនក្តី។ ប៉ុន្តែបញ្ហានេះយើងអាចកាត់បន្ថយឱ្យវាស្ថិតនៅក្នុងកម្រិតទាបបំផុតតាមរយៈការស្វែងរកដំណោះស្រាយផ្សេងៗ និងគ្រប់គ្រងខ្លួនឯងឱ្យបានល្អ៕
អត្ថបទដោយ៖ ពីង ជូអេង