បុគ្គលិ.កធ្វើ CV ថ្មីហើយ! ព្រោះហេតុផល៥នេះ ធ្វើឱ្យក្រុមហ៊ុន បាត់បង់បុគ្គលិ.កល្អៗ លាឈប់ម្តងម្នាក់ៗ
Ping Chou EngMARCH 18 20246.4 K views

បុគ្គលិកគឺជាសរសៃឈាមអាជីវកម្ម ប្រសិនបើមានបុគ្គលិកល្អៗធ្វើការឱ្យ ក្រុមហ៊ុនក៏រីកចម្រើនទៅមុខតាមគោលដៅ។ យ៉ាងណាមិញបើតាមការស្រាវជ្រាវរបស់ Michael Employer Centre បានឱ្យដឹងថាមានក្រុមហ៊ុនមួយចំនួន ធ្វើឱ្យបាត់បង់បុគ្គលិកល្អៗលាឈប់ម្តងម្នាក់ៗ ដោយសារហេតុផល៥ ដូចខាងក្រោម។

ហេតុផលទី១. មិនស្តាប់តម្រូវការ៖ ហេតុផលដែលបាត់ប​ង់បុគ្គលិកល្អៗនៅក្នុងស្ថាប័ន ​​ អាចបណ្តាលមកពី ក្រុមហ៊ុនមើលរំលងតម្រូវការចាំបាច់ណាមួយក្នុងប្រព័ន្ធការងារ ដែលបុគ្គលិកស្នើសុំហើយសុំទៀត តែឱ្យបុគ្គលិករង់ចាំពេលនេះពេលនោះ ឬមិនគោរពសន្យាថានឹងផ្តល់ឱ្យជាដើម។

ហេតុផលទី២. មិនអាចធ្វើការក្រោមច្បាប់តឹងរឹង៖ ​ក្រុមហ៊ុនមួយចំនួនអាចនឹងបង្កើតច្បាប់តឹងរឹងខ្លាំង ផ្លាស់ប្តូរទម្រង់ការងារ ដែលបណ្តាលឱ្យបង្កទៅជាសម្ពាធចំពោះស្ថានភាពបុគ្គលិកមួយចំនួន ធ្វើឱ្យគាត់មិនអាចធ្វើការនៅក្រោមលក្ខខណ្ឌការងារទាំងនោះបាន ឬស្ថានភាពការងារដែលបានផ្លាស់ប្តូរថ្មីខុសពីសមត្ថភាព ឬអ្វីដែលជាទេពកោសល្យរបស់ពួកគាត់។

ហេតុផលទី៣. មិនដោះស្រាយជម្លោះ៖ ការប៉ះទង្គិចគ្នា រវាងបុគ្គលិកនិងបុគ្គលិកបង្កើតជាជម្លោះ បែងជើងគ្នា គឺតែងកើតមាននៅតាមក្រុមហ៊ុនមួយចំនួន​ ហើយការបន្តជម្លោះ បែកបាក់សាមគ្គីទាំងនេះ នឹងក្លាយបញ្ហាដែលធ្វើឱ្យបុគ្គលិកល្អៗ មិនអាចទ្រាំទ្រ ហើយដាក់ពាក្យលាឈប់ ប្រសិនបើអ្នកដឹកនាំមិនមានសមត្ថភាពអាចដោះស្រាយជម្លោះឬចាត់វិធានការណាមួយទាន់ពេលវេលា និងមានតម្លាភាព។

ហេតុផលទី៤. រកភាពរីកចម្រើនមិនឃើញ៖ ជាទូទៅនៅពេលដែលបុគ្គលិកធ្វើការយូរឆ្នាំ បរិយាកាសការងារនឹងលែងមានអ្វីថ្មីសម្រាប់គាត់។ ប៉ុន្តែបើបុគ្គលិក មិនយូរវស្សា យល់ថាក្រុមហ៊ុនមិនមានបរិយាកាសការងារថ្មី ការអភិវឌ្ឍន៍ថ្មីៗលើប្រព័ន្ធការងារ ខ្វះការបំប៉នជំនាញ អារម្មណ៍នៃភាពអន់ថយសម្រាប់បុគ្គលិកនឹងកើតមាន ពេលនោះពួកគាត់នឹងអស់អារម្មណ៍ អស់ភាពច្នៃប្រឌិត ធ្លាក់សមត្ថភាព​ ហើយមិនយូរមិនឆាប់ក៏លាឈប់់។

ហេតុផលទី៥. កម្រៃទាបជាងទីផ្សារ៖ បុគ្គលិកធ្វើការតែងប្រាថ្នាប្រាក់ខែដែលអាច​ឱ្យខ្លួនគេរស់នៅបានសមរម្យ ក៏ប៉ុន្តែប្រសិនបើក្រុមហ៊ុនឱ្យប្រាក់កម្រៃទាបជាងទីផ្សារការងារនោះ ពួកគាត់ក៏ពិបាកនឹងទ្រាំនៅធ្វើជាបុគ្គលិកល្អស្មោះសរនឹងស្ថាប័នអ្នកទៀតដែរ ព្រោះបើពួកគេមានជំនាញរឹងមាំ មានសមត្ថភាព ការងារល្អនោះពួកគេនឹងពិចារណារកកន្លែងថ្មីហើយ។

ដូច្នេះដើម្បីរក្សាបាននូវបុគ្គលិកល្អ មានទេពកោសល្យ ជាបុគ្គលិកទ្រព្យរបស់ក្រុមហ៊ុនបានយូរ ការផ្តល់ឱកាសរីកចម្រើន ការដោះស្រាយតម្រូវការការងារ ការប្រាស្រ័យទាក់ទងទៀងទាត់ ការស្តាប់មតិយោបល់របស់បុគ្គលិក គឺជារឿងដែលអ្នកដឹកនាំគួរធ្វើឱ្យបានល្អប្រសើរ​ ដើម្បីឱ្យក្រុមហ៊ុនកាន់តែរីកចម្រើន ព្រោះគ្មានមេណាចង់បាត់បង់បុគ្គលិកល្អឡើយ៕

អត្ថបទដោយ៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia