វាជារឿងធម្មតាទេដែលអ្នកណាៗក៏អាចជួបប្រទះនឹងភាពតានតឹងឬបញ្ហាស្ត្រេស ព្រោះថាអារម្មណ៍ស្រ្តេសគឺជាធម្មជាតិដែលមនុស្សឆ្លើយតបទៅនឹងស្ថានភាព ឬកាលៈទេសៈលំបាកដែលកើតឡើង។ តែប្រសិនបើភាពតានតឹង អារម្មណ៍ស្រ្តេសក្លាយជារ៉ាំរ៉ៃ ឬច្រើនហួសប្រមាណ វាអាចជះឥទ្ធិពលយ៉ាងខ្លាំងទៅលើសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់អ្នក រួមទាំងសមត្ថភាពរកលុយ និងទុកដាក់លុយផងដែរ។
ខាងក្រោមនេះជាបញ្ហាប្រឈមធំៗ៥ ដែលអាចនាំឱ្យចំណូលធ្លាក់ចុះព្រោះតែបញ្ហាស្រ្តេស៖
១. កាត់បន្ថយផលិតភាព៖ នៅពេលដែលអ្នកមានភាពតានតឹងរ៉ាំរ៉ៃ សមត្ថភាពក្នុងការផ្តោតអារម្មណ៍ និងការសម្រេចចិត្តត្រឹមត្រូវអាចចុះខ្សោយ។ វាអាចនាំឱ្យមានកំហុស បំពេញតួនាទីមិនទាន់ពេល និងការថយចុះផលិតភាពនៅកន្លែងធ្វើការ ហើយនៅទីបំផុតអាចបណ្តាលឱ្យបាត់បង់ការងារ ឬប្រាក់ចំណូលបានតិចជាងមុន។
២. អវត្តមាន៖ ស្ត្រេសជាប់រហូតពេកអាចនាំឱ្យមានបញ្ហាសុខភាពផ្លូវកាយ និងផ្លូវចិត្ត ដូចជាឈឺក្បាល អស់កម្លាំង ធ្លាក់ទឹកចិត្ត និងថប់បារម្ភ។ លក្ខខណ្ឌទាំងនេះអាចធ្វើឱ្យពិបាកក្នុងការទៅធ្វើការ និងមិនអាចបំពេញភារកិច្ចការងាររបស់អ្នកឱ្យមានប្រសិទ្ធភាពខ្ពស់ ដែលនាំឱ្យមានការអវត្តមានកាន់តែច្រើន និងអាចបាត់បង់ការងារ។
៣. ការសម្រេចចិត្តមិនល្អ៖ ភាពតានតឹងអាចធ្វើអោយខួរក្បាលរបស់អ្នកពិបាកក្នុងការវិនិច្ឆ័យ ឬសម្រេចចិត្តលើរឿងអ្វីមួយ។ វាអាចនាំឱ្យមានកំហុសផ្នែកហិរញ្ញវត្ថុ ដូចជាការជំពាក់បំណុលគេច្រើនពេក ការវិនិយោគដោយអន្ទះអន្ទែង ឬឈានដល់ការសម្រេចចិត្តធ្វើរឿងសំខាន់អ្វីមួយដោយប្រថុយប្រថានដែលអាចប៉ះពាល់ដល់ការងារ ឬសកម្មភាពបង្កើតប្រាក់ចំណូលរបស់អ្នក។
៤. បញ្ហាទំនាក់ទំនង៖ ស្រេ្តសអាចបង្កភាពតានតឹងរវាងទំនាក់ទំនងរបស់អ្នកជាមួយនឹងមនុស្សជុំវិញខ្លួន រាប់បញ្ចូលទាំងមនុស្សសំខាន់ដូចជា ប្ដីប្រពន្ធ ដៃគូ ឬសមាជិកគ្រួសារជាដើម។ កត្តានេះអាចបណ្ដាលឱ្យមានភាពរកាំរកូសពាក្យសម្ដី ទង្វើ ឬឈានដល់មានជម្លោះធ្ងន់ធ្ងរ ដល់ថ្នាក់លែងលះ ដែលអាចជះឥទ្ធិពលយ៉ាងខ្លាំងដល់ស្ថិរភាពហិរញ្ញវត្ថុ និងសមត្ថភាពក្នុងការរក្សាប្រាក់ចំណូល។
៥. ទង្វើបំផ្លិចបំផ្លាញខ្លួនឯង៖ មនុស្សដែលស្ត្រេសរ៉ាំរ៉ៃអាចងាកទៅរកយន្តការដោះស្រាយមិនល្អ ដូចជាការប្រើប្រាស់សារធាតុញៀន ល្បែងស៊ីសង ឬការញ៉ាំច្រើនពេក។ អាកប្បកិរិយាទាំងនេះអាចបំផ្លាញសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់អ្នក ក៏ដូចជាហិរញ្ញវត្ថុរបស់អ្នក ដែលនាំឱ្យបាត់បង់ផលិតភាព អវត្តមាន និងការសម្រេចចិត្តមិនល្អដែលអាចបង្កគ្រោះថ្នាក់ដល់ប្រាក់ចំណូលរបស់អ្នក។
ដើម្បីគ្រប់គ្រងភាពតានតឹង និងការពារសុខុមាលភាពហិរញ្ញវត្ថុរបស់អ្នក អាចសាកប្រើគន្លឹះខាងក្រោម៖
១. កំណត់អត្តសញ្ញាណស្រ្តេសរបស់អ្នក៖ ការទទួលស្គាល់ប្រភពនៃភាពតានតឹងរបស់អ្នកគឺជាជំហានដំបូងក្នុងការគ្រប់គ្រងវា។ នៅពេលដែលអ្នកដឹងពីអ្វីដែលបង្កឱ្យមានភាពតានតឹងរបស់អ្នក អ្នកអាចចាប់ផ្តើមបង្កើតយុទ្ធសាស្រ្តដើម្បីជៀសវាង ឬទប់ទល់នឹងពួកគេ។
២. អនុវត្តបច្ចេកទេសគ្រប់គ្រងស្ត្រេស៖ ដូចជាការហាត់ប្រាណ បច្ចេកទេសបន្ធូរអារម្មណ៍ ចំណាយពេលនៅក្នុងធម្មជាតិ ឬចូលរួមក្នុងសកម្មភាពដែលអ្នកចូលចិត្ត។
៣. ស្វែងរកជំនួយដែលមានជំនាញវិជ្ជាជីវៈ៖ ប្រសិនបើអ្នកពិបាកគ្រប់គ្រងភាពតានតឹងដោយខ្លួនឯង សូមកុំស្ទាក់ស្ទើរក្នុងការស្វែងរកជំនួយដែលមានជំនាញវិជ្ជាជីវៈពីអ្នកព្យាបាលរោគ ឬអ្នកប្រឹក្សា។ ពួកគេអាចផ្តល់ការណែនាំ និងការគាំទ្រក្នុងការបង្កើតយុទ្ធសាស្រ្តគ្រប់គ្រងភាពតានតឹងប្រកបដោយប្រសិទ្ធភាព។
៤. យកចិត្តទុកដាក់លើរបៀបរស់នៅ៖ ការផ្តល់អាទិភាពដល់សុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់អ្នកអាចជួយកាត់បន្ថយកម្រិតស្ត្រេស។ គេងឱ្យបានគ្រប់គ្រាន់ ទទួលទានអាហារមានតុល្យភាព និងលំហាត់ប្រាណទៀងទាត់។
៥. ស្វែងរកការណែនាំផ្នែកហិរញ្ញវត្ថុ៖ ប្រសិនបើអ្នកកំពុងជួបប្រទះការលំបាកផ្នែកហិរញ្ញវត្ថុ សូមពិចារណាស្វែងរកដំបូន្មានពីទីប្រឹក្សាហិរញ្ញវត្ថុ ឬអ្នកប្រឹក្សាយោបល់។ ពួកគេអាចជួយអ្នកបង្កើតផែនការគ្រប់គ្រងហិរញ្ញវត្ថុ និងកាត់បន្ថយភាពតានតឹងទាក់ទងនឹងបញ្ហាលុយកាក់។
សូមចងចាំថា ការគ្រប់គ្រងស្រ្តេសគឺជាដំណើរការសំខាន់មួយដែលទាមទារការខិតខំប្រឹងប្រែងជាប់លាប់ និងការយល់ដឹងពីខ្លួនឯង។ តាមរយៈការចាត់វិធានការដើម្បីគ្រប់គ្រងភាពតានតឹង និងផ្តល់អាទិភាពដល់សុខភាពផ្លូវចិត្ត និងផ្លូវកាយ អ្នកប្រាកដជាអាចការពារស្ថិរភាពហិរញ្ញវត្ថុ និងកែលម្អគុណភាពជីវិតទាំងមូលឱ្យមានភាពប្រសើរឡើង៕
អត្ថបទដោយ៖ SOKLY SO-កូនផ្កាឈូក