ទូរស័ព្ទ ឬ Smart Phone បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្សារភ្ជាប់មនុស្សម្នាក់ៗទៅកាន់ពិភពខាងក្រៅ ប៉ុន្តែការចំណាយពេលអូសចុះអូសឡើងយូរហួសហេតុ ឬរាប់ម៉ោងក្នុងមួយថ្ងៃ អាចបណ្តាលឲ្យប្រឈមនឹងបញ្ហាធំៗទាំង៥ ខាងក្រោមនេះ៖
១/. ពន្លឿនភាពចាស់៖ ពន្លឺពណ៌ខៀវដែលចេញពីទូរស័ព្ទនឹងធ្វើឱ្យអ័រម៉ូនស្រ្តេសក្នុងខ្លួនកើនឡើងកាន់តែច្រើន ខណៈអ័រម៉ូនមេឡាតូនីនថយចុះ។ ដូច្នេះហើយវានឹងជំរុញឱ្យមនុស្សដែលប្រើប្រាស់ទូរស័ព្ទយូរ ឆាប់ចាស់ ឬចាស់ជាងវ័យ។
២/. ឈឺ /ចុក /ស្រវាំងភ្នែក៖ ការសំឡឹងមើលទៅលើអេក្រង់របស់ទូរស័ព្ទ យូរពេកវានឹងបង្កឲ្យមានផលប៉ះពាល់ដល់ភ្នែក។ តាមការសិក្សារស្រាវជ្រាវដោយ Independent Optitians ឆ្នាំ២០១៤ បានរកឃើញថា រលកពន្លឺដែលបញ្ចេញដោយ Smartphone ផ្ដល់ផលប៉ះពាល់ធ្ងន់ធ្ងរដល់សាច់ដុំភ្នែក។
៣/. ត្រចៀកឆាប់ថ្លង់៖ ការស្ដាប់សំឡេងខ្លាំងចេញពីទូរស័ព្ទ ជាពិសេសប្រើកាស គឺជាបញ្ហាធ្ងន់ធ្ងរមួយ ដែលធ្វើឲ្យសមត្ថភាពនៃការស្ដាប់ធ្លាក់ចុះ ឬមានជំងឺថ្លង់។ តាមរបាយការណ៍របស់វិទ្យាស្ថានជាតិសុខភាព NIH បានបង្ហាញថា ប្រជាជនអាមេរិកប្រមាណ ២៦លាននាក់ ជួបបញ្ហាត្រចៀកស្ដាប់មិនសូវបាន (ថ្លង់) ដែលទទួលរងការប៉ះពាល់ដោយសារសំឡេង។
៤/. រំខានដំណេក៖ វេជ្ជបណ្ឌិត Michael Breus ដែលមានជំនាញផ្នែកនេះបាននិយាយថា នៅពេលដែលយើងសម្លឹង និងដាក់អេក្រង់ Smartphone ឬ Tablet កាន់តែកៀកទៅនឹងផ្ទៃមុខ នោះវានឹងប្រាប់ទៅកាន់រាងកាយឲ្យឈប់ផលិតអរម៉ូនម៉េឡានីន ដែលនឹងធ្វើឲ្យយើងមិនមានអារម្មណ៍ថាងងុយគេង។
៥/. សុខភាពផ្លូវចិត្តរងផលប៉ះពាល់ខ្លាំង៖ តាមការសិក្សាពីសាកលវិទ្យាល័យ Sussex របស់ចក្រភពអង់គ្លេស បានបង្ហាញថា មានអ្នកប្រើប្រាស់មួយចំនួនដែលនិយមប្រើ និង មានការងារច្រើនជាមួយ Smartphone ដូចជាការលេងកម្មវិធីបណ្ដាញសង្គមជាដើមនោះ គឺងាយទទួលរងនូវបញ្ហាសុខភាពផ្លូវចិត្តណាស់ដូចជា ជំងឺថប់អារម្មណ៍ និងជំងឺធ្លាក់ទឹកចិត្ត។
យ៉ាងណាមិញ យោងតាមរបាយការណ៍ ចេញផ្សាយដោយ DATAREPORTAL បានឱ្យដឹងថា មនុស្សម្នាក់ចំណាយពេលជាមធ្យម ៧ម៉ោងក្នុងមួយថ្ងៃជាមួយអេក្រង់ ឬអាចខ្ពស់ជាងនេះ ប្រសិនបើគេត្រូវធ្វើការនៅមុខកុំព្យូទ័រជាប្រចាំ។ ក្នុងនោះ ភាគច្រើននៃមនុស្សសម័យថ្មី ចំណាយពេលជាមួយឧបករណ៍ឌីជីថលច្រើនលើសលុប រហូតដល់មានមនុស្សមួយចំនួន ញៀននឹងទូរស័ព្ទ ថេបប្លេត និងកុំព្យូទ័រ ដល់កម្រិតគ្រោះថ្នាក់ចំពោះសុខភាពផ្លូវកាយ និងផ្លូវចិត្តថែមទៀតផង៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម https://t.me/hangchhengH24