សេពគប់ត្រូវនាំលាភ! បើអ្នករកបានមិត្ត៤ប្រភេទនេះ ជីវិតជួយតែសំណាង រីកចម្រើនលឿនបំផុត
Kan DaraDECEMBER 7 2023481 views

 “ដើរតាមរុយជួបលាមក ដើរតាមឃ្មុំជួបផ្កា ដើរតាមបុគ្គលអស្ចារ្យ ដូចរើសបានមាសប៉ុនដូងទុំ មនុស្សខ្លះអូសយើងទៅរករឿងចង្រៃ ឯមនុស្សខ្លះទៀតអូសយើងទៅរករឿងចម្រើន។ ជីវិតយើងចង្រៃឬចម្រើនមើលទៅលើការសេពគប់នេះឯង គប់ត្រូវដើរផ្លូវត្រូវ គប់ខុសនាំអន្តរាយឧបទ្រប់ដាក់ខ្លួន។ ខាងក្រោមនេះគឺជាមិត្ត៤ប្រភេទ ដែលអ្នកគួររាប់រកជាគ្នា៖

 

/. មិត្តជួយដឹកនាំទំនុកបម្រុង ឲ្យឆ្ពោះទៅរកសេចក្តីចម្រើន៖ ជាមិត្តរក្សាមិត្ត កាលបើមិត្តធ្វេសប្រហែលបាត់បង់ស្មារតីនៅក្នុងរឿងអ្វីមួយ ដូចជានៅក្នុងរឿងការងារ ឬក៏ក្នុងការសិក្សាជាដើម ហើយធ្លោយខ្លួនប្រព្រឹត្តអបាយមុខផ្សេងៗ ក៏ជួយការពារ ឬក៏ជួយនិយាយដាស់តឿនមិត្ត។ មិត្តជាទីពឹងពិតប្រាកដ នៅពេលដែលមិត្តមានគ្រោះភ័យ មិត្តប្រភេទនេះតែងតែជួយអារកាត់នូវបញ្ហារបស់មិត្ត ឬក៏ជួយការពារមិត្តជានិច្ច ពេលមិត្តមានបញ្ហា តែងយកខ្លួនពាំងរួចពោលថា “មានខ្ញុំនៅហើយ សូមមិត្តកុំព្រួយ”

 

/. មិត្តរួមសុខរួមទុក្ខជាមួយគ្នាក្នុងគ្រាអាសន្នអន្ធក្រ៖ ជាមិត្តដែលចេះជួយលាក់អាថ៌កំបាំងរបស់មិត្ត មិត្តប្រភេទនេះប្រៀបបីដូចជាមាតាបិតាអ៊ីចឹងឯង មិនចេះតែនិយាយពីអាថ៌កំបាំងមិត្តប្រាប់គេឯងនោះទេ មានតែជួយការពារកិត្តិយសរបស់មិត្តទៀតផង។ ជាមិត្តដែលមិនបោះបង់មិត្ត នៅពេលដែលមិត្តមានវិបត្តិក្នុងជីវិតប្រចាំថ្ងៃ។ ឬមិត្តមានកូនឈឺ ត្រូវការប្រាក់ ២០ម៉ឺនរៀល ដើម្បីព្យាបាលកូន ក៏ឲ្យដល់ទៅ ៣០ម៉ឺន ឬ ៤០ម៉ឺនរៀល ដោយចិត្តអនុគ្រោះព្រោះខ្លាចក្រែងមិនគ្រប់។

 

/. មិត្តប្រាប់នូវប្រយោជន៍៖ ជាមិត្តដែលចេះដឹកនាំមិត្តឲ្យធ្វើនូវអំពើល្អ ប្រៀបបីដូចជានាំមិត្តទៅជីកយកទ្រព្យដូច្នោះដែរ។ ជាមិត្តដែលចេះណែនាំមិត្តឲ្យបានស្ដាប់នូវពាក្យដែលមិនធ្លាប់បានស្ដាប់ ពោលគឺពាក្យណែនាំដើរទៅរកផ្លូវត្រូវ។

 

/. មិត្តចេះមានចិត្តឈឺឆ្អាល៖ ជាមិត្តសប្បាយចិត្តពេលឃើញមិត្តចម្រើនរុងរឿង តែមិនត្រេកអរនៅពេលមិត្តមានសេចក្ដីវិនាស សេចក្ដីវិនាសមាន៥យ៉ាងគឺ វិនាសញាតិ១ វិនាសទ្រព្យ១ វិនាសសុខភាព១ វិនាសសីល១ និងវិនាសទិដ្ឋិ១។ មិត្តប្រភេទនេះតែងមានចិត្តករុណាអាណិតដល់មិត្ត នៅពេលមិត្តមានបញ្ហាដូចខាងលើ ព្រមទាំងជួយរកវិធីដោះស្រាយទៀតផង។

 

សង្គមឥឡូវយើងពិបាករកមិត្តមានលក្ខណសម្បត្តិ ៤ប្រការខាងលើណាស់ តែបើមាន ហើយកំពុងសេពគប់គ្នាទៀតនោះ ចាត់ទុកថាអ្នកគឺជាមនុស្សមានសំណាង ដូច្នេះចូរចេះថែរក្សាគ្នា រាប់រកគ្នាជាបងជាប្អូនជាអមតចុះ។ ត្បិតបើតាមសម្តេចព្រះសង្ឃរាជ ជោតញ្ញាណោ ជួន​ ណាត បានមានសង្ឃដីកាយ៉ាងដូច្នេះថា៖ «គប់ពាលរែងរាលទៅរកខុស គប់ប្រាជ្ញស្រីប្រុសរែងបានត្រូវ គប់មិត្តអបលក្ខណ៍រែងអាស្រូវ ខុសត្រូវកើតពីការសេពគប់»

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) 

សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងចំណូលច្រើនប្រភពលើសពីប្រាក់ខែ) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។

បញ្ជាទិញតាម👇  https://t.me/hangchhengH24

 

ាា Large

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia