ស្ទើរតែ១/៣ នៃជីវិតរបស់មនុស្សបានចំណាយទៅលើការធ្វើការងារ ហើយវាពិតជាគួរឱ្យអាសូរបំផុតប្រសិនបើអ្នកកំពុងធ្វើការងារដែលអ្នកមិនចូលចិត្ត។ មិនត្រឹមតែប៉ុណ្ណោះ វារឹតតែគួរឱ្យសោកស្ដាយបំផុត បើអ្នកកំពុងធ្វើការហើយ តែអ្នកមិនចេះជីកកំណប់ទ្រព្យដ៏មានតម្លៃនៅកន្លែងការងារដែលអ្នកកំពុងធ្វើ។ ខាងក្រោមនេះគឺជា កំណប់ទ្រព្យដ៏មានតម្លៃ៤ ថ្លៃជាងប្រាក់ខែទ្វេដង ដែលបុគ្គលិកល្មមៗមើលរំលងមិនខ្វល់ ប៉ុន្តែវាជាគ្រឹះដ៏សំខាន់ជួយឱ្យអ្នកជោគជ័យនាគ្រាអនាគត។
កំណប់ទ្រព្យទី១. ភាពរីកចម្រើនគ្រាចុងក្រោយនៅចំណុចកំពូល
កុំធ្វើការដោយសម្លឹងតែប្រាក់ខែបច្ចុប្បន្ន រហូតភ្លេចភាពរីកចម្រើនដល់ចំណុចកំពូលនាគោលដៅចុងក្រោយ។ បើសិនជាអ្នកកំពុងបំពេញតួនាទីណាមួយ អ្នកត្រូវរកឱ្យឃើញថាគោលដៅចុងក្រោយនៅក្នុងការងារអ្នកនោះគឺជាអ្វី អ្នកអាចរីកចម្រើនដល់ចំណុចកំពូលណាមួយ និងត្រូវអត់ធ្មត់តស៊ូ រហូតអ្នកអាចសម្រេចវាបាននៅគ្រាចុងក្រោយ។ មានមនុស្សច្រើនណាស់ សម្លឹងតែប្រាក់ខែបច្ចុប្បន្ន ហើយបើប្រាក់ខែតិច ក៏លាឈប់ពីការងារ រហូតដល់របូតកំណប់ទ្រព្យនៅគ្រាចុងក្រោយ។
កំណប់ទ្រព្យទី២. បណ្ដាញទំនាក់ទំនង
អ្នកមិនគួរគិតថាកន្លែងការងារជាសមរភូមិសង្គ្រាម សម្រាប់ច្បាំងដណ្ដើមតំណែង តួនាទី ប្រាក់រង្វាន់ ឬមុខមាត់នោះទេ ប៉ុន្តែអ្នកគួរគិតថា វាជាកន្លែងដែលអ្នកអាចកសាងបណ្ដាញទំនាក់ទំនងល្អៗជាច្រើន ជាមួយអ្នកជំនាញមកពីផ្នែកផ្សេងៗគ្នាជាច្រើន។ ការកសាងបណ្ដាញទំនាក់ទំនងជាមួយមនុស្សពូកែៗ អ្នកនឹងរុញអ្នកឱ្យក្លាយជាមនុស្សពូកែបន្ទាប់ និងអាចប្រើវាជាឱកាសក្នុងការចាប់ផ្ដើមអាជីវកម្មជាមួយគ្នាផងដែរ បើសិនជាអ្នកមានឈាមជ័រជាអ្នករកស៊ី។
កំណប់ទ្រព្យទី៣. ពហុជំនាញ
គេថាកន្លែងធ្វើការ ប្រៀបបីដូចជាសាលាបង្រៀនអ្នកឱ្យចេះធ្វើការ រកស៊ី ហើយឱ្យលុយអ្នកថែមទៀតផង។ ជាក់ស្ដែងកន្លែងធ្វើការអាចបណ្ដុះសមត្ថភាពអ្នកឱ្យកើនទ្វេដង រហូតក្លាយជាអ្នកជំនាញលើវិស័យណាមួយ ជួយឱ្យអ្នកអាចជោគជ័យដល់កំពូលលើអាជីពការងារ និងអាចប្រើវាសម្រាប់ការចេញរកស៊ីទៀតផង។ ជំនាញដែលអ្នកខំប្រឹងកសាងឱ្យលេចធ្លោ វានឹងអាចជួយបង្កើតចំណូលជាច្រើនមកឱ្យអ្នក។
កំណប់ទ្រព្យទី៤. គន្លឹះគ្រប់គ្រងអាជីវកម្ម
បើសិនជាអ្នកចេះជ្រើសរើសក្រុមហ៊ុនបានត្រឹមត្រូវ គឺមានន័យថាអ្នកបានរៀនពីគន្លឹះរកស៊ីីល្អៗជាច្រើនពីមេ ពីមិត្តរួមការងារ និងពីកិច្ចការងារប្រចាំថ្ងៃដែលអ្នកធ្វើផងដែរ បើសិនជាអ្នកពូកែក្នុងការសង្កេត និងរៀនពីមនុស្សជុំវិញខ្លួនឱ្យបានច្រើន។ អ្វីដែលមេរបស់អ្នកធ្វើបានល្អ វាជាមេរៀនដែលអ្នកគួរធ្វើតាម រីឯកំហុសឆ្គងដែលមេអ្នកធ្វើខុស វាជាកំហុសដែលអ្នកគួរតែជៀសវាង។ ត្រូវចាំថាការរើសបានមេ និងក្រុមហ៊ុនត្រឹមត្រូវ អាចជួយឱ្យអ្នករៀនចេះច្រើនមិនចាញ់នៅសាកលវិទ្យាល័យនោះទេ។
ជាមួយមកវិញ ទីណាក៏ជាសាលារៀននោះដែរ បើសិនជាអ្នកតាំងខ្លួនធ្វើជាសិស្ស ធ្វើជាទឹកកន្លះកែវសម្រាប់ទទួលយកគំនិត និងចំណេះដឹងល្អៗពីមនុស្សជុំវិញខ្លួន។ ដូច្នេះអ្នកទៅដល់ទៅណាក៏មិនគួរមើលរំលងកំណប់ទ្រព្យធំៗនៅកន្លែងការងារអ្នកនោះទេ។
ជាចុងក្រោយ បើសិនជាអ្នកចង់រៀនគំនិតរកស៊ីល្អៗឥតគិតថ្លៃ រៀនគន្លឹះដឹកនាំជីវិត និងអាជីវកម្ម អ្នកអាចចុចទីនេះបាន ( https://t.me/LongVathanak777 )