ពេលនិយាយដល់ការកសាងទ្រព្យសម្បត្តិមនុស្សភាគច្រើនតែងតែលើកឡើងដល់ការវិនិយោគ ព្រោះមានតែការវិនិយោគទេដែលអាចបង្កើតទ្រព្យបានច្រើន និងរយៈពេលយូរ។ ប៉ុន្តែទន្ទឹមនឹងភាពរីកចម្រើន ការវិនិយោគក៏អាចធ្វើឱ្យយើងបាត់បង់លុយកាក់ ធ្លាក់ចូលទៅក្នុងរណ្ដៅបំណុលដែរ ប្រសិនបើយើងដើរខុស។
ពាក់ព័ន្ធនឹងការវិនិយោគនេះដែរ លោក Dave Ramsey ជាអ្នកជំនាញហិរញ្ញវត្ថុ បានប្រាប់ឱ្យធ្វើរឿង៤ឱ្យបានសិនចាំចំណាយលុយវិនិយោគ បើមិនចង់ដើរខុសធ្លាក់ក្នុងបំណុល៖
១. ដាច់បំណុលសិន៖ ត្រូវប្រាកដថាអ្នកបានដោះបំណុលផ្សេងៗអស់សិន ចាំសម្រេចចិត្តវិនិយោគ។ កុំបណ្ដោយឱ្យខ្លួនឯងធ្វើការវិនិយោគបង្កើនទ្រព្យ ទាំងដែលកំពុងមានបំណុល ជាពិសេសបំណុលមិនល្អ ដូចជាបំណុលផ្ទាល់ខ្លួនជាដើម។ ប៉ុន្តែក្នុងករណីនេះគឺលោក Ramsey ណែនាំឱ្យលើកលែងចំពោះកម្ចីទិញផ្ទះ ព្រោះវាជាកម្ចីខ្នាតធំមនុស្សភាគច្រើនសុទ្ធតែចៀសមិនផុត។
២. មានគោលដៅច្បាស់លាស់៖ សូមធ្វើការវិនិយោគដោយមានការកំណត់គោលដៅ និងរៀបផែនការច្បាស់លាស់ជាមុនសិន។ ហើយទន្ទឹមនឹងនោះក៏ត្រូវតែច្បាស់លាស់ជាមួយខ្លួនឯង កំណត់ឱ្យច្បាស់ថាអ្វីជាការចង់បានពិតប្រាកដ ដែលនាំឱ្យអ្នកសម្រេចចិត្តធ្វើការវិនិយោគ ដើម្បីការពារភាពលោភលន់។ ឧទាហរណ៍ថា អ្នកវិនិយោគដើម្បីបានសេរីភាពហិរញ្ញវត្ថុ មានពេលវេលាគ្រប់គ្រាន់សម្រាប់ចំណាយជាមួយគ្រួសារ ពេលទទួលបានរឿងទាំងនោះហើយ កុំច្រឡំលោភលន់នឹងភាពចំណេញ ព្រោះវាអាចធ្វើឱ្យអ្នកងប់ងល់នឹងចំណាយពេលវេលាកាន់តែច្រើនទៅលើគម្រោងផ្សេងៗដោយសារតែចង់ចំណេញ រហូតភ្លេចគ្រួសារទៅវិញ។
៣. ស្វែងយល់ពីអ្វីដែលអ្នកចង់វិនិយោគ៖ ការវិនិយោគមួយអាចមានឱកាសចំណេញខ្ពស់បាន លុះត្រាតែអ្នកមានចំណេះដឹងគ្រប់គ្រាន់ទៅលើរឿងអ្វីដែលអ្នកចង់វិនិយោគលើ។ មិនមែនគ្រាន់តែឮតាមគេ ឬជឿតាមគេ គេថាចំណេញក៏បណ្ដាក់ទុនតាម ធ្វើបែបនេះក្រៅពីមិនចំណេញហើយ អាចនាំឱ្យត្រូវគេបោកថែមទៀត។
៤. ធ្វើការជាមួយអ្នកជំនាញ៖ ប្រសិនបើអ្នកចង់វិនិយោគតែខ្វះជំនាញ អ្នកគួរតែពឹងពាក់អ្នកជំនាញ រៀនពីអ្នកជំនាញ។ បើអាចគួរសហការជាមួយនឹងអ្នកជំនាញ ដើម្បីកាត់បន្ថយហានិភ័យនៃការខាតបង់ក្នុងការវិនិយោគ៕
អត្ថបទដោយ៖ សូ សុខលី