បុគ្គលិកគ្រប់រូបរមែងតែងចង់ក្លាយខ្លួនទៅជាបុគ្គលដែលមានភាពលេចធ្លោ និងការចាប់អារម្មណ៍ពីថ្នាក់ដឹកនាំរបស់ខ្លួន ព្រោះវាជាកត្តាជំរុញមួយឬជាស្ពានចម្លងទៅកាន់ឱកាសនៃភាពរីកចម្រើនផ្សេងៗ។ ខាងក្រោមនេះគឺជា រឿងធំៗ៤ ដែលបុគ្គលិកត្រូវមានជាចាំបាច់ ដើម្បីបណ្តុះខ្លួនក្លាយជាបុប្ផាក្នុងក្រសែភ្នែកថ្នាក់លើ៖
១/. សមត្ថភាពក្នុងការគ្រប់គ្រងពេលវេលា៖ ការឲ្យតម្លៃទៅលើពេលវេលាគឺជាឥរិយាបទវិជ្ជមានមួយដែលបានបង្ហាញពីបុគ្គលិកលក្ខណបុគ្គលមានវិន័យ និងមានភាពច្បាស់លាស់ខ្ពស់។ ការមកបំពេញការងារតួនាទីរបស់ខ្លួនទាន់ពេលវេលាឬមុនម៉ោងធ្វើការ និងប្រើប្រាស់ពេលវេលាឲ្យមានប្រសិទ្ធភាពបំផុត គឺជាកត្តាមួយដែលនាំឲ្យអ្នកមានភាពលេចធ្លោផងដែរ។
ពុំមានថ្នាក់ដឹកនាំណាម្នាក់ពេញចិត្តជាមួយបុគ្គលិកមកធ្វើការយឺត ហើយចេញពីធ្វើការលឿននោះទេ ព្រោះវាអាចសម្គាល់ឲ្យឃើញថាអ្នកមិនយកចិត្តទុកដាក់ ឬស្រលាញ់ការងារដែលកំពុងធ្វើនោះឡើយ ហើយវាក៏ជាចំណុចមួយដែលបង្ហាញថាអ្នកជាមនុស្សខ្ជះខ្ជាយនិងពុំមានវិន័យផងដែរ។
២/. មានភាពច្នៃប្រឌិត៖ កុំព្យាយាមរស់នៅក្នុងរង្វង់ការងារដដែលៗដោយមិនបានច្នៃការងាររបស់ខ្លួន ឬប្រើគំនិតក្នុងការចូលរួមអភិវឌ្ឍស្ថាប័ន ព្រោះអ្នកនឹងមិនមានភាពរីកចម្រើន ហើយសកម្មភាពបែបនេះវានឹងនាំអ្នកឃ្លាតកាន់តែឆ្ងាយពីភាពលេចធ្លោនិងក្រសែភ្នែកអ្នកដឹកនាំ។ ដូច្នេះត្រូវរៀនគិត និងបន្តអភិវឌ្ឍខ្លួនជាប្រចាំ កុំធ្វើការលំៗលេងៗយកតែរួចខ្លួនអ្នកនឹងមិនអាចលូតលាស់រីកចម្រើនទៅមុខនោះទេ។
៣/. ហ៊ានសម្រេចចិត្ត៖ សិទ្ធក្នុងការសម្រេចចិត្តត្រូវបានផ្តល់ទៅកាន់បុគ្គលិកគ្រប់រូបទៅតាមតួនាទី និងដែនទំនួលខុសត្រូវរបស់ខ្លួន។ អ្នកមានលទ្ធភាពគ្រប់គ្រាន់ដើម្បីធ្វើការសម្រេចចិត្ត និងធ្វើការស្នើសុំអ្វីដែលអ្នកយល់ថាវាមានផលប៉ះពាល់ជាវិជ្ជមាន ឬផលប្រយោជន៍រួមដល់ស្ថានប័នទាំងមូល។ វាជាឥរិយាបថដែលបង្ហាញថាអ្នកមានសមត្ថភាព និងភាពក្លាហានឈរលើគោលការណ៍ត្រឹមត្រូវ រួមទាំងភាពច្បាស់លាស់ខ្ពស់ផងដែរ។
៤/. ភាពជាម្ចាស់៖ វាចាំបាច់ណាស់ដែលអ្នកត្រូវមានភាពជាម្ចាស់ការលើការងារ ឬតួនាទីរបស់ខ្លួន រួចទាំងចេះមានផ្នត់គំនិតខ្វល់ខ្វាយពីភាពលូតលាស់របស់ស្ថាប័ន ឬក្រុមហ៊ុន។ កុំគិតថាមកធ្វើការដើម្បីតែក្រុមហ៊ុន ឬផលប្រយោជន៍បុគ្គល ឬក្រុមណាមួយ ត្រូវគិតថាវាជាការងាររបស់អ្នក និងភាពរីកច្រើនទាំងអស់គ្នា នោះថាមពលរបស់អ្នកនឹងបញ្ចេញមកខាងក្រៅតាមរយៈសកម្មភាព ហើយវានឹងនាំអ្នកសម្រេចលទ្ធផលការងារប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់មិនខាន។
យ៉ាងណាមិញ នៅពេលដែលអ្នកមានគ្រឿងផ្សំទាំង៤ជាប់ខ្លួនហើយ ចង់ឬមិនចង់អ្នកនឹងក្លាយទៅជាតារារះក្នុងការបេះដូងថ្នាក់ដឹកនាំជាក់ជាពុំខាន៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)
សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងចំណូលច្រើនប្រភពលើសពីប្រាក់ខែ) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។
បញ្ជាទិញតាម https://t.me/hangchhengH24