គេថាពេលវេលាគឺជាលុយ តែជាក់ស្ដែង ពេលវេលាគឺជាជីវិត។ ត្បិតថាបើមនុស្សម្នាក់ៗចំណាយពេលវេលាខុស នោះជីវិតរបស់គេក៏ធ្លាក់ចុះ តែបើចេះពីរបៀបចាយពេលវេលាឱ្យត្រឹមត្រូវជីវិតក៏ប្រសើរតាមហ្នឹងដែរ។ ហេតុនេះហើយទើបការធ្វើសកម្មភាពផ្សេងៗប្រចាំថ្ងៃពិតជាមានសារៈសំខាន់សម្រាប់ជីវិតរបស់អ្នក ថ្ងៃនេះ Business Cambodia សូមលើកយករឿងសំខាន់៥ ដែលអ្នកគួរធ្វើឱ្យបាន ដើម្បីឱ្យឆ្នាំ២០២៤ មិនខាតជីវិត កាបូបលែងស្វិត បំណុលអាក្រក់លែងមាន៖
១. ឈប់ជឿរឿងដែលមិនសមហេតុផល៖ ចាប់ពីពេលនេះទៅមុននឹងជឿលើរឿងអ្វីមួយ សូមធ្វើការពិចារណា គិតពីហេតុនិងផលឱ្យបានច្បាស់ ទើបជីវិតមិនសូវចាញ់បោកគេជាពិសេសរឿងលុយកាក់។ ឧទាហរណ៍ថាបើមាននរណាមកបបួលអ្នកឱ្យចូលលុយវិនិយោគជាមួយនឹងគេ ដើម្បីបានផលចំណេញច្រើនៗ កុំទាន់ជឿគេ គិតមើលឱ្យច្បាស់សិនថាគេនិយាយពិតទេ? អាចទៅរួចដែរទេ ដែលក្រុមហ៊ុន១អាចផ្ដល់ផលចំណេញឱ្យអ្នក ១០០%លើ ១០០%នៃលុយវិនិយោគ? មិនអាចទៅរួចឡើយ។
២. ឈប់ចំណាយលុយលើរឿងអត់ប្រយោជន៍៖ ស្វែងយល់ឱ្យច្បាស់ ពីរបស់ណាជាទ្រព្យ របស់ណាជាបំណុល ហើយសម្រេចចិត្តចាយលុយតែលើរបស់ណាមួយ ដែលចម្រើនដល់ជីវិត។ ចាប់ពីពេលនេះទៅដាក់គោលដៅចាយលុយឱ្យកើនលុយ កុំចាយលុយបង្កើនបំណុល។
៣. ឈប់ប្រើបំណុលខុស៖ ចាប់ពីពេលនេះទៅចូលធ្វើការសម្រេចចិត្តឲ្យបានត្រឹមត្រូវពាក់ព័ន្ធជាមួយនឹងបំណុល ជាពិសេសត្រូវចៀសវាងឲ្យបានចំពោះបំណុលណាដែលមិនចាំបាច់ព្រោះវាអាចអូសទាញអ្នកឲ្យធ្លាក់ទៅក្នុងស្ថានភាពកាន់តែអាក្រក់ទៅៗនៃផ្នែកហិរញ្ញវត្ថុ។
៤. ឈប់កុហកខ្លួនឯងរឿងលុយ៖ ចាប់ពីពេលនេះទៅត្រូវ តាមដានរាល់ការចាយវាយលុយកាក់ដោយការធ្វើផែនការហិរញ្ញវត្ថុប្រចាំខែ។ ការកត់ត្រានូវរាល់ប្រភពចំណូល និងការចំណាយ អាចធ្វើឱ្យយើងដឹងពីចរន្តលំហូរសាច់ប្រាក់ និងសុខភាពហិរញ្ញវត្ថុរបស់យើងបានច្បាស់លាស់។ ម្យ៉ាងវិញទៀត វាជួយឲ្យអ្នកដឹងថាការចំណាយប្រភេទណាដែលមានភាពចាំបាច់ និងការចំណាយប្រភេទណាដែលមិនមានភាពចាំបាច់។ ដូច្នេះអ្នកមានលទ្ធភាពគ្រប់គ្រាន់ក្នុងការកាត់បន្ថយនូវរាល់ការចំណាយទាំងឡាយដែលមិនមានភាពចាំបាច់សម្រាប់អ្នក ហើយពេលនោះអ្នកនឹងមានឱកាសសល់ប្រាក់កាន់តែច្រើនជាងមុនបន្ថែមទៀត។
៥. ឈប់គេចពីការសន្សំ៖ វាមិនមែនជាពេលវេលាដែលអ្នកគិតថាខ្លួនឯងនៅក្មេងពេកសម្រាប់ការសន្សំនោះទេ អ្នកត្រូវដឹងថាអ្នកកាន់តែឆាប់ចាប់ផ្តើមសន្សំអ្នកនឹងមានលទ្ធភាពសល់លុយរឹតតែលឿន។ នៅពេលដែលអ្នកសល់លុយជាប់ខ្លួនមួយចំនួនហើយ វានឹងធ្វើឲ្យអ្នកមានអារម្មណ៍ថាមានសុវត្ថិភាព និងកាន់តែមានកម្លាំងចិត្តក្នុងការខិតខំប្រឹងប្រែងស្វែងរកប្រាក់ចំណូលបន្ថែមទៀត។ លើសពីនេះ ការសន្សំគឺជាមូលដ្ឋានគ្រឹះនៃទ្រព្យសម្បិត្ត ប្រសិនបើអ្នកមានគ្រាប់ពូជនេះហើយឱកាសនៃការកសាងភាពមានបានក៏មានកាន់តែខ្ពស់ដូចគ្នា៕
អត្ថបទដោយ៖ SOKLY SO-កូនផ្កាឈូក