ចង់ឱ្យចំណូលលើសប្រាក់ខែ មិនបាច់ធ្វើការក្រៅម៉ោងទេ នេះជាជំនាញទាំង៤ ដែលអ្នកគួរមានបើចង់ឱ្យលុយកើន
ធី ស្រីល័ក្ខDECEMBER 8 20226.7 K views

បច្ចុប្បន្ននេះ មានមនុស្សមិនតិចទេដែលបានធ្វើការយូរៗទៅចាយលុយសល់ថ្ងៃ ដូច្នេះហើយនៅពេលដែលចាយលុយសល់ថ្ងៃញឹកញាប់ពេកគាត់តែងតែទៅធ្វើការក្រៅម៉ោងបន្ថែមទៀតដើម្បីរកចំណូលបន្ថែម ប៉ុន្តែការធ្វើការបន្ថែមដល់ទៅ២វេនបែបនេះមិនងាយស្រួលទេ ព្រោះត្រូវការប្រើកម្លាំងច្រើនធ្វើការយូរៗទៅអាចធ្លាក់ខ្លូនឈឺក៏ថាបានដែរ។ ដូច្នេះហើយ ដើម្បីកុំបើកប្រាក់ខែមកចាយសល់ថ្ងៃ នេះជាជំនាញសំខាន់ដែលអ្នកគួរមាន៖

១. ជំនាញសរសេរសៀវភៅ

មែនទែនទៅ ចំពោះជំនាញសៀវភៅនេះពិតជាល្អខ្លាំងណាស់ព្រោះកាលណាដែលយើងមានជំនាញមួយនេះវានឹងធ្វើឱ្យយើងកើនទាំងចំណេះបានទាំងចំណូលហើយការសរសេរសៀវភៅនេះដែរ យើងអាចឆ្លៀតសរសេរបានបន្ទាប់ពីទំនេរការងារ។ ប៉ុន្តែ មុននឹងយើងចង់សរសេរសៀវភៅទាក់ទងជាមួយដំណោះស្រាយពីបញ្ហាជីវិត ឬបទពិសោធន៍ទាក់ទងជាមួយការរកស៊ី ត្រូវតែដុសខាត់ជំនាញសរសេរឱ្យបានច្បាស់សិន ដោយយើងត្រូវអភិវឌ្ឍន៍ខ្លួនពីការអានឱ្យច្រើន អភិវឌ្ឍន៍លើអក្សរសាស្រ្តខ្មែរឱ្យខ្លាំង ឬបន្ថែមការ Reseacrh ឱ្យបានច្រើនបំផុត បន្ទាប់ពីពង្រឹងជំនាញទាំងនេះឱ្យខ្លាំងហើយយើងត្រូវតែឧស្សាហ៍ចេញវីដេអូផ្សេងៗទាក់ទងជាមួយការអានដើម្បីបង្ហាញឱ្យគេដឹងថាយើងជាអ្នកនិពន្ធសៀវភៅ ។

អ្វីដែលពិសេសចំណូលពីការលក់សៀវភៅគឺជាចំណូលអកម្ម បងប្អូនអាចសរសេរួចរកដៃគូរសហការមកបោះពុម្ភនិងឱ្យគេលក់ឱ្យ ហេតុនេះទោះបងប្អូនមិនលក់ខ្លួនឯងក៏នៅតែបានលុយ។

២. ជំនាញពូកែខាងសន្សំ

ជាការពិតណាស់ បើទោះបីជាយើងទៅធ្វើការដល់ទៅ ២កន្លែងហើយបានប្រាក់ខែខ្ទង់ពាន់ដុល្លារក៏នៅតែចាយសល់ថ្ងៃក៏នៅតែដាច់លុយដែរ ប្រសិនជាអ្នកជាមនុស្សម្នាក់ដែលគ្មានជំនាញពូកែខាងសន្សំ។ បែបនេះហើយទោះបីជាអ្នកធ្វើការតែ១កន្លែង ក៏អាចសល់លុយបានដែរ​ឱ្យតែអ្នកជាមនុស្សដកសន្សំមុននឹងដកចំណាយ នៅត្រង់ចំណុចនេះមានន័យថានៅពេលដែលអ្នកចូលធ្វើការភ្លាមអ្វីដែលយើងគួរតែមានគឺកុងសន្សំលុយ។ ឧទាហរណ៍ថា នៅពេលយើងធ្វើការបានប្រាក់ខែ ២០០ដុល្លារ យើងត្រូវតែឆ្លៀតសន្សំឱ្យបាន១ខែ២៥ដុល្លារ យ៉ាងហោចណាស់ក្នុង១ឆ្នាំយើងអាចសល់បាន ៣០០ដុល្លារដែរ។

ប៉ុន្តែក្នុងការសន្សំនេះ វាទាមទារឱ្យអ្នកជាមនុស្សម្នាក់ដែលរស់នៅក្នុងជីវភាពសាមញ្ញាបំផុត មិនមែនជាមនុស្សដែលឃើញដំរីជុះទៅជុះតាមដំរីឡើយ ហើយមុននឹងចាយយើងត្រូវគិតឱ្យច្បាស់ថាវាចំបាច់ឬក៏គ្រាន់តែចង់បានមួយឆាវយើងត្រូវរក្សាការចំណាយឱ្យទាបជាងចំណូលរបស់អ្នក ។

៣. មានជំនាញវិនិយោគលើភាគហ៊ុន ឬវិនិយោគលើអចលទ្រព្យ

ចំពោះការវិនិយោគលើអចលទ្រព្យវាជាការវិនិយោគដែលឱ្យផលនៅរយៈពេលយូរនិងទាមទារឱ្យបងប្អូនមានដើមទុនច្រើនដែរ ប៉ុន្តែការវិនិយោគនេះអាចធ្វើឱ្យបងប្អូនទទួលបានជីវិតដែលបងប្អូនប្រាថ្នា។ វិនិយោគទៅលើអចលនទ្រព្យ ដូចជាវិនិយោគជាមួយនឹងក្រុមហ៊ុនអចលនទ្រព្យ ឬក៏ការវិនិយោគលើទ្រព្យដូចជាដី ឬផ្ទះ វាតម្រូវឱ្យបងប្អូនសិក្សាពីក្រុមហ៊ុន ពីស្ថានភាពតំបន់ឱ្យបានល្អិតល្អន់មុនពេលធ្វើការវិនិយោគ។ ចំពោះការការវិនិយោគទៅលើផ្សារហ៊ុនគឺជារឿងដែលបងប្អូនត្រូវចេះនិងធ្វើវា ព្រោះថាវាជាប្រភពចំណូលរយៈពេលយូរ។ គួរបញ្ជាក់ថាមុននឹងធ្វើការទិញដូរលើផ្សាហ៊ុនបងប្អូនគួរតែឆ្លងកាត់ការសិក្សាឱ្យបានច្បាស់លាស់ជាមុនសិន ដែលបងប្អូនអាចរៀនពីអ្នកជំនាញ ឬរកកន្លែងចុះឈ្មោះរៀន។

៤. លក់ជំនាញ

ក្រៅពីធ្វើការអ្នកក៏អាចឆ្លៀតពេលលក់ជំនាញនិងបទពិសោធន៍ដែលអ្នកកំពុងតែមាន តាមរយៈការ បើកវគ្គបណ្ដុះបណ្ដាលជាដើម។ ចំណេះដឹងនិងបទពិសោធន៍គឺជាទុនសំខាន់ណាស់ ពេលដែលអ្នកមានវាហើយត្រូវប្រើវាឱ្យអស់លទ្ធភាព កុំទុកចោលឱ្យសោះ ព្រោះថា សមត្ថភាពដូចជាលុយ បើទុកចោលមិនចេះចាយឱ្យត្រូវ វាក៏គ្មានថ្ងៃកើនឡើយ៕

អត្ថបទ៖ ធី ស្រីល័ក្ខ

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia