សល់លុ.យ ចាប់ឱកា.ស បង្កើនទ្រ.ព្យ! ហេតុផលធំៗ៤ ដែលគួរទិញផ្ទះនៅក្នុងស្ថានភាព សេដ្ឋកិច្ចមិននឹងនរ
SOKLY SONOVEMBER 20 2023444 views

បញ្ហាអាចជាវិបត្តិ តែក៏អាចជាឱកាសសម្រាប់អ្នកដែលបានត្រៀមខ្លួនទុកជាមុន។ នៅក្នុងដំណាក់កាលសេដ្ឋកិច្ចមិននឹងនរ មនុស្សជាច្រើនរងវិបត្តិ អចលនទ្រព្យនិងផ្ទះខ្លះធ្លាក់ថ្លៃ អាចបង្កជាបញ្ហាធ្ងន់ តែក៏អាចផ្ដល់ជាឱកាសល្អ សម្រាប់អ្នកដែលមានលុយសល់ក្នុងដៃច្រើនផងដែរ។​

 

ខាងក្រោមនេះជាមូលហេតុធំៗ៤ ដែលអ្នកមានលុយក្នុងដៃច្រើន គួរចាប់ឱកាសទិញផ្ទះក្នុងស្ថានភាពសេដ្ឋកិច្ចមិនសូវនឹងនរ៖

 

១. តម្លៃផ្ទះទាប៖ ជាទូទៅមិនថានៅក្នុងប្រទេសណាទេ ឱ្យតែសេដ្ឋកិច្ចមិនសូវនឹងនរ ឬធ្លាក់ចុះ តម្លៃអចលនទ្រព្យ ឬតម្លៃផ្ទះនៅលើទីផ្សារ ដឹងតែធ្លាក់ចុះមិនខានឡើយ។ ហេតុនេះវាជាឱកាសល្អសម្រាប់អ្នកដែលមានបំណងចង់ទិញផ្ទះទុក ឬចង់វិនិយោគលើផ្ទះទុកចំណេញពេលក្រោយ។

 

២. លក្ខខណ្ឌកម្ចីល្អ៖ សេដ្ឋកិច្ចបែបនេះធនាគារត្រូវការអតិថិជន បើអ្នកជាមនុស្សដែលមានចំណូលល្អប្រសើរ ឬមានលំហូរសាច់ប្រាក់រឹងមាំ អ្នកប្រាកដជាអាចចរចាជាមួយធនាគារ ដើម្បីបានលក្ខខណ្ឌកម្ចីល្អខុសពីធម្មតា។

 

៣. អំណាចនៃការចរចា៖ សេដ្ឋកិច្ចធ្លាក់ចុះ មនុស្សតិចណាស់ដែលមានលទ្ធភាពទិញផ្ទះដូចអ្នក ដូច្នេះហើយតម្រូវការទីផ្សារមិនសូវជាចង្អៀតទេ អ្នកលក់គ្មានជម្រើសច្រើន គេប្រាកដជាខិតខំបំពេញតាមតម្រូវចិត្តរបស់អ្នក ដើម្បីឱ្យអ្នកព្រមទិញផ្ទះរបស់គេ។ ដូច្នេះមានន័យថាអ្នកមានអំណាចគ្រប់គ្រាន់ នៅក្នុងការចរចាជាមួយម្ចាស់ផ្ទះ ដើម្បីឱ្យគេព្រមលក់នៅក្នុងលក្ខខណ្ឌណាមួយ ដែលផ្ដល់ផលចំណេញច្រើនសម្រាប់អ្នក។

 

៤. វិនិយោគបានចំណេញខ្ពស់៖ ទិញផ្ទះនៅក្នុងតម្លៃទាបលក់ក្នុងតម្លៃខ្ពស់ នេះជាអ្វីដែលអ្នកវិនិយោគជាច្រើនចូលចិត្តធ្វើ។ អ្នកអាចទិញផ្ទះនៅក្នុងពេលមានវិបត្តិ ហើយទុករហូតដល់សេដ្ឋកិច្ចល្អប្រសើរឡើងវិញលក់ចេញក្នុងតម្លៃថ្លៃ បានចំណេញច្រើន ខុសពីការវិនិយោគក្នុងស្ថានភាពសេដ្ឋកិច្ចធម្មតា។

 

យ៉ាងណាមិញការដែលអាចចាប់ឱកាសល្អៗបាន វាតម្រូវឱ្យយើងត្រៀមខ្លួនជានិច្ច។ ជាក់ស្ដែងពេលសេដ្ឋកិច្ចធ្លាក់ចុះ តម្លៃអចលនទ្រព្យធ្លាក់ថ្លៃ បើអ្នកជាមនុស្សដែលធ្លាប់ត្រៀមខ្លួន មានលុយក្នុងដៃស្រាប់ អ្នកប្រាកដជាអាចចាប់ឱកាសនេះបាន។ ផ្ទុយទៅវិញបើអ្នកមិនបានត្រៀមខ្លួនសោះ ពេលសេដ្ឋកិច្ចធ្លាក់ចុះ កុំថាឡើយចាប់ឱកាសល្អៗ គ្រាន់តែរក្សាខ្លួនកុំឱ្យជួបបញ្ហាទៅបានហើយ។ ហេតុនេះហើយទើបបានគេនិយាយថា ការសន្សំគ្រាប់ពូជគឺជារឿងសំខាន់ណាស់ ចង់មានឱកាសបណ្ដុះដើមលុយត្រូវតែចេះសន្សំគ្រាប់ពូជលុយ។

 

សូមជម្រាបផងដែរថាប្រសិនបើអ្នកមានបំណងទិញផ្ទះដើម្បីវិនិយោគយកប្រាក់ចំណេញ គួរកុំភ្លេចសិក្សាពីទីផ្សារឱ្យបានច្បាស់បន្ថែមទៀត ព្រមទាំងពិនិត្យមើលទីតាំងឱ្យបានច្បាស់លាស់ លៃយ៉ាងណាឱ្យចំកន្លែងដែលមានចរាចរណ៍ទីផ្សារខ្ពស់ ដើម្បីប្រាកដថានឹងមានអ្នកចង់ទិញបន្តពីអ្នក៕

 

អត្ថបទដោយ៖ SOKLY SO-កូនផ្កាឈូក