ដោយសារតែចង់ឱ្យជីវិតរស់នៅមានស្ថិរភាព ទើបមនុស្សយើងម្នាក់ៗខិតខំទាំងយប់ទាំងថ្ងៃ ដើម្បីរកផ្លូវបង្កើតចំណូលយកមកទប់ទល់ជាមួយនឹងជីវភាព។ ថ្ងៃនេះដែរ Business Cambodia សូមលើកយកនូវប្រភពចំណូល៣ប្រភេទធំៗ ដែលមនុស្សគ្រប់រូបគួរមាន បើចង់កើនទ្រព្យ រស់នៅសុខស្រួល និងមានជីវភាពធូរធារតកូនតចៅ។
១. ចំណូលសកម្ម
ចំណូលមួយនេះកើតឡើងតាមរយៈការធ្វើការរកស៊ីដោយប្រើកម្លាំងកាយកម្លាំងប្រាជ្ញាដែលអ្នកមាន គេចាត់ទុកចំណូលប្រភេទនេះថាជា ចំណូលចម្បង។ ចំណូលសកម្មអាចជាប្រាក់ខែ ឬប្រាក់ចំណេញពីអាជីវកម្មផ្ទាល់ខ្លួន។ ហើយវ័យដែលអាចបង្កើតចំណូលប្រភេទនេះបានច្រើនបំផុតគឺជាមនុស្សវ័យកណ្ដាល ដូច្នេះបើអ្នកស្ថិតក្នុងវ័យនេះគួរដាក់ខ្លួនឱ្យសកម្មដើម្បីប្រមូលចំណូលឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។
២. ចំណូលផលបត្រ
ក្រោយពីធ្វើការបានប្រាក់ខែ ឬបានប្រាក់ចំណេញ អ្នកគួរដកប្រាក់មួយចំណែកសម្រាប់វិនិយោគ ឬបណ្ដាក់ទុនលើអាជីវកម្មផ្សេង ដើម្បីបង្កើតប្រាក់ចំណេញ ដែលជាប្រភពចំណូលពិសេសមួយទៀត។ ចំណូលប្រភេទជា តម្រូវឱ្យអ្នកមានចំណេះដឹងគ្រប់គ្រាន់ល្មមទៅលើវិស័យដែលអ្នកចង់វិនិយោគ ដើម្បីបង្ការការខាតបង់ខ្ពស់។ អាចជាការវិនិយោគលើភាគហ៊ុនទុកលក់យកចំណេញពេលឡើងថ្លៃ ឬវិនិយោគលើគម្រោងអាជីវកម្មផ្សេងៗជាដើម។
៣. ចំណូលអកម្ម
ចំណូលមួយនេះ វាប្រហាក់ប្រហែលទៅនឹងចំណូលផលបត្រដែរ ព្រោះថាវាជាការចាយទុនដើម្បីទាញយកប្រាក់ចំណេញដូចគ្នា។ ខុសគ្នាត្រង់ថានៅក្នុងចំណូលអកម្ម មិនមែនជាការទិញទុកលក់ពេលឡើងថ្លៃទេ តែជាការចំណេញថ្លៃជួល ចំណេញលើការប្រាក់ ឬចំណេញភាគលាភជាដើម។ ឧទាហរណ៍ដូចជាការ ទិញផ្ទះ ឬខុនដូដាក់ជួលយកជាចំណូលប្រចាំខែឬប្រចាំឆ្នាំ។ មួយវិញទៀតអាចជាការចំណាយលុយទិញភាគហ៊ុន ហើយទុកដល់រយៈពេលមួយដែលម្ចាស់ក្រុមហ៊ុនធ្វើការបែងចែកភាគលាភ ឬភាគរយប្រាក់ចំណេញ។
គួរជម្រាបផងដែរថា ដើម្បីអាចបង្កើតប្រភពចំណូលធំៗទាំង២ចុងក្រោយបាន គឺតម្រូវឱ្យអ្នកចេះចាត់ចែង សន្សំទុកដាក់លុយកាក់ឱ្យបានត្រឹមត្រូវពេលដែលកំពុងមានប្រភពចំណូលទី១។ បន្ទាប់មកស្វែងរកឱកាសវិនិយោគដើម្បីទទួលបានផលចំណេញបន្ថែម ទុកធ្វើជាដើមទុន ទិញទ្រព្យធំៗ ក៏ដូចជាចាប់ឱកាសវិនិយោគធំៗដើម្បីយកចំណេញជាប្រចាំ ដែលហៅថាចំណូលអកម្ម ទោះកំពុងគេងលក់ក៏វាបង្កើតចំណូលឱ្យអ្នកជានិច្ច៕
អត្ថបទដោយ៖ សូ សុខលី