នៅក្នុងការងារប្រសិនបើមេនិងបុគ្គលិកមិនត្រូវគ្នា ការងារក៏មិនសូវរីកចម្រើនដែរ។ តាមការស្រាវជ្រាវរបស់ Employer Centre បានឱ្យដឹងថាមេដែលមានអត្តចរិត៣ប្រភេទដូចខាងក្រោមនេះ បុគ្គលិ.កមិនចូលចិត្តធ្វើការជាមួយ និងពិបាកចុះសម្រុងគ្នាបំផុត។
ទី១. ដឹកនាំបែប Micro៖ តែងតែចាំមើលលើលទ្ធផលបុគ្គលិក ត្រួតពិនិត្យជាប្រចាំ តាមដានបុគ្គលិកជ្រុលលើសព្រំដែនការងារ ផ្តល់ការណែនាំលម្អិតហួសហេតុ តម្រូវឱ្យធ្វើតាមការបញ្ជា រហូតរារាំងការច្នៃប្រឌិត ធ្វើឱ្យបុគ្គលិកមានអារម្មណ៍ថាពួកគេមិនមានសមត្ថភាពគួរឱ្យទុកចិត្ត និងមិនសូវរីកចម្រើន។
ទី២. មិនមានទំនាក់ទំនងល្អ៖ តែងតែខ្សោយលើការប្រាស្រ័យទាក់ទង កង្វះតម្លាភាពអំពីការសម្រេចចិត្តជាមួយបុគ្គលិក ខ្វះព្រំដែននៃភាពស្និតស្នាល ដែលជាហេតុដែលអាចបង្កើតឱ្យភាពច្របូកច្របល់ និងការខកចិត្តជាច្រើនរវាងបុគ្គលិកនិងមេ ហើយមិនសូវចុះសម្រុងគ្នា។
ទី៣. ការរំពឹងទុកមិនច្បាស់លាស់៖ តែងតែមិនបានបង្ហាញពីការរំពឹងទុក របស់គាត់ចំពោះការងារបុគ្គលិក ឱ្យបានច្បាស់លាស់ ធ្វើឱ្យបុគ្គលិកមិនយល់ពីអ្វីដែលមេរំពឹងទុកពីពួកគេ នាំឱ្យបុគ្គលិកមានការថប់បារម្ភ និងខ្ជះខ្ជាយកម្លាំងលើការខិតខំប្រឹងប្រែង ធ្វើឱ្យពួកគេមានអារម្មណ៍ថាពិបាកធ្វើការជាមួយ។
ជាការពិតណាស់ការដោះស្រាយតម្រូវការការងារ ការប្រាស្រ័យទាក់ទងគ្នាទៀងទាត់ ការស្តាប់មតិយោបល់របស់បុគ្គលិក គឺជារឿងដែលអ្នកដឹកនាំគួរធ្វើឱ្យបានល្អប្រសើរ ដើម្បីឱ្យក្រុមហ៊ុនកាន់តែរីកចម្រើន៕
អត្ថបទដោយ៖ ពីង ជូអេង