មេខ្លា កូនខ្លា! បុគ្គលិកម្នាក់ៗនឹងមកធ្វើការ មុខរីកដូចផ្សិត បើសិនអ្នកជា HR ៣ប្រភេទនេះ
Ping Chou EngOCTOBER 2 2023465 views

ផលិតផលមួយខ្លាំងព្រោះមានអ្នកផលិតអស្ចារ្យម្នាក់ ​ស្ថាប័នមួយរឹងមាំព្រោះមានបុគ្គលិកខ្លាំង។ បុគ្គលិកម្នាក់ខ្លាំងព្រោះមានមេអ្នកដឹកនាំដ៏ពូកែម្នាក់។ យ៉ាងណាមិញបើបុគ្គលិកមកធ្វើការរាល់ថ្ងៃមុខមិនរីកទេ ជាអ្នកដឹកឬជា HR ( ប្រធានធនធានមនុស្ស) ម្នាក់គួរតែមាន៣ចំណុចធំៗនេះគួបផ្សំ ទើបបុគ្គលិកព្រមរួមគ្នា រីករាយ មានស្មារតីក្រុម និងរីកចម្រើនបាន៖

 

១. ផ្តល់ឱ្យចិញ្ចឹមក្រពះបាន រស់នៅសមរម្យ

 

និយាយដល់រឿងការងារ ​ចង់មិនចង់គេនឹងនឹករឿងប្រាក់ខែ ដូច្នេះរឿងដំបូងគឺប្រាក់ខែដែលយើងត្រូវគិតដល់បុគ្គលិកមុនគេ គឺប្រាក់ខែដែលយើងផ្តល់ឱ្យពួកគាត់បានសមរម្យឬទេ? សមនឹងសមត្ថភាពនិងទំហំការងាររបស់ពួកគាត់ដែលបានធ្វើឬទេ? មួយវិញទៀតប្រាក់ខែដែលយើងផ្តល់ឱ្យពួកគាត់សមល្មមមិនរស់នៅលំបាក មិនស្វិតក្រពះ ឬប្រាក់ខែមិនក្រោមទីផ្សារទេ?

 

អាស្រ័យហេតុនេះដើម្បីឱ្យពួកគាត់អាចសប្បាយចិត្តនឹងការងារបាន ជាអ្នកដឹកនាំម្នាក់គឺត្រូវចេះផ្តល់ឱ្យសាកសមនឹងការងារ សមត្ថភាព​ ស្គាល់ចិត្តគំនិតនិងអត្តចរិតរបស់ពួកគាត់បានច្បាស់ ទើបពួកគាត់មានកម្លាំងកាយនិងចិត្តបន្តការងារដោយឥតនឿយហត់។

 

២. ជួយឱ្យពួកគាត់មើលឃើញអនាគត

 

បើតាមលោក Steve Jobs ដែលជាបិតា Apple ផលិតទូរស័ព្ទ iphone ដែលជាផលិតផលផ្លាស់ប្តូរពិភពលោកនិងការរស់នៅល្អបំផុតមួយដល់មនុស្សបាន ព្រោះលោកអាចដឹកនាំខ្លួនឯង​និងអ្នកធ្វើការជាមួយស្រមៃនឹងមើលឃើញពីអនាគតដែល Apple មាននឹងអាចធ្វើឱ្យមនុស្សមួយក្រុមមានគោលដៅតែមួយ បេសកកម្មតែ១។​​​ មួយវិញទៀតលោកក៏ពូកែរើសមនុស្សមកធ្វើការ និងអាចធ្វើឱ្យបុគ្គលិកមើលឃើញថាអនាគតរបស់ពួកគេនឹងក្លាយទៅជាអ្វី។

 

ត្រង់ចំណុចនេះយើងអាចសង្កេតឃើញថាដើម្បីឱ្យមនុស្សមួយក្រុមដែលធ្វើការឱ្យស្ថាប័​នឬក្រុមហ៊ុនណាមួយរីកចម្រើនបាន គឺយើងត្រូវជួយឱ្យពួកគាត់ស្វែងរកគោលដៅខ្លួនឯង រួមទាំងគោលដៅការងារឱ្យឃើញ និងមានទិសដៅស្របគ្នាជាមួយក្រុមហ៊ុនរបស់យើង ទើ់បអាចឱ្យពួកគាត់មានឆន្ទៈរីកចម្រើនបាន ។

 

៣. បណ្តុះវប្បធម៌

 

បន្ថែមពីនោះក្រោយអំពីការជួយឱ្យពួកគាត់មើលឃើញពីអនាគតរបស់ខ្លួនឯង រួមទាំងគោលដៅក្នុងការងារហើយផងនោះ ជាអ្នកដឹកនាំម្នាក់គឺត្រូវបណ្តុះវប្បធម៌ដែលមាននៅក្នុងក្រុមហ៊ុន ពោលគឺត្រូវបណ្តុះវប្បធម៌ដែលរីកចម្រើន ដូចជាការបង្វឹកផ្នត់គំនិត របៀបក្នុងការធ្វើការងារដែលមានផលិតភាព ការធ្វើទំនាក់ទំនង សុខភាពផ្លួវចិត្ត ឬរបៀបធ្វើឱ្យជីវិត រួមទាំងជីវភាពប្រសើរឡើងជាដើម។

 

យ៉ាងណាមិញកត្តា៣ខាងលើនេះអាចជារឿងសំខាន់សម្រាប់សុខភាពការងារបស់បុគ្គលិកនិងថៅកែ។ ជាអ្នកដឹកនាំត្រូវធ្វើរឿងដែលត្រឹមត្រូវផង និងធ្វើរឿងដែលត្រូវធ្វើផង ទើបការដឹកនាំមានភាពរីកចម្រើនហើយបុគ្គលិកសប្បាយចិត្ត៕

 

អត្ថបទដោយ៖ ពីង ជូអេង

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia