លោក Ramit Sethi បង្ហើបជំនឿរឿងលុយយ៉ាប់ៗទាំង៣ គួរកាត់ចេញឱ្យលឿនបំផុត បើចង់ស្គាល់ជីវិតធូរធារ
SOKLY SOAPRIL 20 20231.1 K views

ដើម្បីកសាងជីវភាពឱ្យធូរធារបាន គឺត្រូវការពេលវេលាច្រើន ហើយផ្នត់គំនិតអំពីរឿងលុយកាក់ក៏ជាកត្តាជម្រុញដ៏សំខាន់មួយនៅក្នុងនោះដែរ។ ទន្ទឹមនឹងនោះដែរ មហាសេដ្ឋីបង្កើតទ្រព្យសម្បត្តិដោយខ្លួនឯងលោក Ramit Sethi បានបង្ហាញពី ជំនឿរឿងលុយយ៉ាប់ៗ៣ ដែលមនុស្សគ្រប់គ្នាត្រូវតែចៀសឱ្យបានឆាប់ បើមិនចង់លំបាករឿងលុយកាក់ពេញមួយជីវិត។ ជំនឿរឿងលុយយ៉ាប់ៗទាំង៣នោះរួមមាន៖

១. មិនជជែករឿងលុយ

ជំនឿលុយយ៉ាប់ទី១​ គឺ ការមិនហ៊ាននិយាយពីបញ្ហាលុយកាក់។ លោក Sethi បានប្រាប់ CNBC ថា៖ «លុយគឺជាប្រធានបទដ៏សំខាន់មួយ ដែលគ្រួសាររបស់មហាសេដ្ឋីភាគច្រើន សុទ្ធតែលើកយកមកនិយាយ ឬពិភាក្សាគ្នា»។ ប៉ុន្តែមនុស្សមួយចំនួនបន្តសាងកំហុសឱ្យខ្លួនឯង ដោយការគិតថាការនិយាយអំពីលុយជាប្រធានបទមិនធម្មតា ឬមិនគួរនិយាយជាដើម។

លោក Sethi លើកទឹកចិត្តឱ្យ មនុស្សគ្រប់គ្នាបើកការពិភាក្សាអំពីបញ្ហាលុយនៅក្នុងគ្រួសារ ហើយចាត់ទុកវាជាប្រធានបទធម្មតាមួយ។ បើអ្នកមិននិយាយពីលុយអ្នកនឹងមិនដឹងទេថា តើអ្នករកចំណូលបានប៉ុន្មាន? តើអ្វីដែលគួរប្រឹងប្រែងបន្ថែម? តើមានអ្វីខ្លះដែលកំពុងខ្វះចន្លោះ និងគួរកែប្រែ?

២. មិនបង្រៀនចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ជំនឿលុយយ៉ាប់ទី២ គឺការមើលរំលងការអប់រំហិរញ្ញវត្ថុនៅក្នុងគ្រួសារ។​ លោក Sethi បានលើកឡើងថា របៀបនៃការប្រើប្រាស់លុយដែលឪពុកម្ដាយបង្រៀននៅកុមារភាព ពិតជាអាចជួយឱ្យមនុស្សម្នាក់មានទម្លាប់ចាត់ចែងលុយល្អនៅពេលដែលពួកគេពេញវ័យ។ ប៉ុន្តែបើសិនជាតាំងពីអ្នកនៅក្មេង ម្ដាយឪពុករបស់អ្នកមិនដែលបានបង្រៀន ឬសួរនាំពីរឿងហិរញ្ញវត្ថុទាល់តែសោះ អ្នកអាចនឹងមានបញ្ហាលុយកាក់ពេលពេញវ័យ ឬមានគ្រួសារជារបស់ខ្លួនឯង។

ដូច្នេះហើយដើម្បីការពារកុំឱ្យក្រុមគ្រួសាររបស់អ្នកជួបប្រទះនូវបញ្ហាបែបនេះ លោក Sethi លើកទឹកចិត្ត ឱ្យអ្នកព្យាយាមទាញយកចំណេះដឹងហិរញ្ញវត្ថុមកដាក់ក្នុងផ្ទះឱ្យបានច្រើន។ ជាពិសេសត្រូវផ្ដោតទៅលើក្មេងៗ ដូចជាកូនក្មួយរបស់អ្នក ដើម្បីជួយឱ្យពួកគេមានទម្លាប់ចាយលុយល្អ គេចផុតពីបញ្ហានៅថ្ងៃខាងមុខ។

៣. គិតថាការវិនិយោគសម្រាប់តែអ្នកមាន

ជំនឿរឿងលុយដែលយ៉ាប់បំផុតទី៣នោះគឺ ការយល់ច្រឡំថាទាល់តែជាអ្នកមានលុយច្រើនទើបអាចធ្វើការវិនិយោគបាន។ ការពិតទៅការវិនិយោគគឺគេធ្វើទៅតាមលទ្ធភាព ក៏ដូចជាសមត្ថភាព មានតិចធ្វើតាមតិច មានច្រើនធ្វើតាមច្រើន។

ជាក់ស្ដែងការដែលអ្នក យកលុយដែលសន្សំបានតិចតួចយកទៅទិញកូនមាន់កូនទាមកចិញ្ចឹម យកស៊ុតលក់ ដើម្បីបង្កើតចំណូលបន្ថែម ក៏គេហៅថាការវិនិយោគដែរ។ ដូច្នេះហើយឈប់យល់ច្រឡំទៀតទៅ ទុកពេលមកគិតវិធីអ្វីដែលអាចបង្កើនចំណូលបន្ថែមឱ្យខ្លួនឯងវិញប្រសើរជាង។

អត្ថបទដោយ៖ សូ​ សុខលី (កូនស្មេរចល័តចរ)
លោកអ្នកអាចទំនាក់ទំនងផ្សព្វផ្សាយអាជីវកម្មរបស់អ្នកតាមរយៈទូរស័ព្ទលេខ៖ ០១៥២០២៥៤២

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia