ប្រយ័ត្នខកចិត្ត! រឿង៣យ៉ាងត្រូវជៀសវាង ពេលចូលតុចរចា ជាមួយមេ សុំតំឡើងប្រាក់ខែ
Ping Chou EngFEBRUARY 19 20251.2 K views

ការចរចាប្រាក់ខែមិនមែនជាការបំភ័យមេនោះទេ ប៉ុន្តែការចរចានឹងធ្វើឱ្យអ្នកភ័យប្រសិនបើអ្នកមិនប្រយ័ត្នប្រយែងចំពោះវិធីសាស្រ្តសន្ទនា។ បើយោងតាមអ្នកជំនាញរបស់ទស្សនាវដ្តី Forbes បានឱ្យដឹងថាមានរឿង៣យ៉ាងដែលអ្នកត្រូវជៀសវាងពេលចូលតុចរចារជាមួយមេសុំតំឡើងប្រាក់ខែ ហើយក៏អាចជួយពង្រឹងការចរចាឱ្យមានប្រសិទ្ធិភាពខ្ពស់។

 

. ជៀសវាងសម្តីក្រអឺតក្រទម៖ ការចរចាគន្លឹះសំខាន់គឺការប្រើពាក្យសម្តី។ ​ដូច្នេះដើម្បីបង្កើតទំនុកចិត្តលើការចរចាប្រាក់ខែ បុគ្គលិកត្រូវរៀនប្រើពាក្យសម្តី ឱ្យមានវិជ្ជាជីវៈមិនថាអ្នកកំពុងអង្គុយជាមួយមេចាស់ឬមេនៅកន្លែងធ្វើការថ្មីនោះទេ។

 

អ្នកត្រូវតែមានលក្ខណៈវិជ្ជាជីវៈ និងបង្ហាញអាប្បកិរិយាសហការ ទោះ​បីស្ថានភាព​មិនអំណាយផលច្រើន​ ចូរកុំ​ធ្វើឱ្យការសន្ទនាមាន ភាពតានតឹងដូចការជជែក​ប្រកែក​គ្នា។

 

ឧទាហណ៍៖ អ្នកនិងមេរបស់អ្នកកំពុងចរចាប្រាក់ខែ ហើយចំនួនដែលគេនិយាយថានឹងផ្តល់ជូន ធ្វើឱ្យអ្នកមានអារម្មណ៍ថាទាប។ ជៀសវាងការនិយាយខ្ទាស់សម្តី “តម្លៃនេះមិនអាចទទួលយកបានទេ” ចូរនិយាយថា៖ "ដោយផ្អែកលើបទពិសោធន៍របស់ខ្ញុំៗកំពុងសម្លឹងមើលការងារដែលមានប្រាក់ខែជិត១០០០ដុល្លារ ដូច្នេះតើ​មានកន្លែងទំនេរសម្រាប់តម្លៃនេះទេ?”​ ពាក្យនេះនឹងជួយឱ្យការចរចាររបស់អ្នកមើលទៅសហការ មេនឹងពិចារណា ហើយធ្វើឱ្យអ្នកមើលទៅ​រស់​រវើក​និងមានវិជ្ជាជីវៈខ្ពស់។

 

. ជៀសវាងទាមទារទាំងទទឹសទិស៖ ការទាមទារតំឡើងប្រាក់ខែដែលបរាជ័យ គឺការទាមទារដោយគ្មានហេតុផល។ ដូច្នេះនៅពេលចូលខ្លួនចរចាប្រាក់ខែ បុគ្គលិកត្រូវចេះត្រៀមខ្លួនឱ្យបានត្រឹមត្រូវថាតើលទ្ធផលអ្វីដែលអ្នកបាននាំយកមកដាក់លើតុចរចា? សូមរៀបចំរំលេចអំពីរបៀបធ្វើការនិងលទ្ធផលដែលអ្នកសម្រេចបាន ព្រមទាំងការរួមចំណែករបស់អ្នកស្របតាមគោលដៅរបស់ក្រុមហ៊ុនឬភាពជោគជ័យថ្មីៗនេះទៅមេរបស់អ្នក។

 

ឧទាហរណ៍៖ អ្នកអាចនិយាយថា “ការងារនេះត្រូវការបទពិសោធន៍ពី ៣ទៅ៥ឆ្នាំ ទើបបានលទ្ធផលបែបនេះ បូករួមទាំងតិចនិច​និងភាពជាអ្នកដឹកនាំមួយចំនួនទៀត ផ្អែកលើប្រវត្តិរូបនិងសមិទ្ធផលរបស់ខ្ញុំៗកំពុងកំណត់គោលដៅប្រាក់ខែចន្លោះ១០០០ទៅ១៥០០ដុល្លារ តើតម្លៃនេះសមស្របនឹងថវិការបស់ក្រុមហ៊ុនអ្នកទេ? ពាក្យនេះជាការសន្ទនាដោយមានហេតុផលនិងធ្វើឱ្យមេពិចារណា។

 

. ជៀសវាងរមិលគុណ៖ ការផ្តល់ឱ្យប្រាក់ខែដំបូងអាចមិនមែនជាអ្វីដែលអ្នករំពឹងទុកពេញមួយអាជីពទេ តែចូរចាប់ផ្តើមចរចារដោយការទទួលស្គាល់និងកោតសរសើរតួលេខដំបូង។ ស្រមៃថានរណាម្នាក់ផ្តល់ឱ្យអ្នកនូវកាដូមួយ ហើយជំនួសឱ្យការអរគុណពួកគេ អ្នកបែរជាចង្អុលបង្ហាញភ្លាមៗអំពីកំហុសរបស់កាដូនោះ។ ដូច្នេះចូរបង្ហាញ​សេចក្តីដឹងគុណដើម្បីកំណត់​សំឡេង​វិជ្ជមាន​ សម្រាប់​ការ​ចរចារនោះ។

 

ឧទាហរណ៍៖ អ្នកអាចនិយាយថា “ខ្ញុំពិតជាដឹងគុណចំពោះប្រាក់ខែបច្ចុប្បន្ន ហើយខ្ញុំពិតជាពេញចិត្តឱកាសនេះ ប៉ុន្តែ…..” ពាក្យនេះបង្ហាញថាអ្នកមានការស្រឡាញ់ងប់ងល់នឹងតួនាទីការងារបច្ចុប្បន្ន ឱ្យតម្លៃលើទំនាក់ទំនងជាមួយមេ តែអ្នកគ្រាន់តែតស៊ូមតិដើម្បីទាមទារការផ្តល់តម្លៃមួយសមរម្យប៉ុណ្ណោះ។  

 

ជាការពិតណាស់ការ​ចរចា​ប្រាក់​ខែរវាងថៅកែនិងបុគ្គលិក គួរតែជាការសន្ទនាប្រកបដោយសុជីវធម៌ ទំនុកចិត្ត ហើយភាគីទាំងសងខាងអាចទទួលបានភាពស្មើគ្នា មិនមែនជាអារម្មណ៍គួរឱ្យអសុវត្ថិភាព ភ័យខ្លាចគេបញ្ឈប់ការងារក្រោយចរចានោះទេ។ ការគេចវេសមិនក្លាហាន បើកការចរចាសន្ទនាទៅវិញទេដែលធ្វើឱ្យអ្នកខាតបង់ធំក្នុងរយៈពេលវែង៕

 

អត្ថបទដោយ៖ ពីង ជូអេង​

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia