ខេត្ត៣ របស់កម្ពុជាគឺខេត្តតាកែវ រតនគិរី និងមណ្ឌលគិរី កំពុងតែមានលាភធំដោយសារតែមានក្រុមហ៊ុនដែលមកពីបរទេសបានបង្ហាញចំណាប់អារម្មណ៍ចង់មកវិនិយោគនៅវិស័យកសិកម្ម។
ជាក់ស្តែង កាលពីថ្មីៗនេះ ក្រុមហ៊ុន Zhongjiao Tongli ដែលមានមូលដ្ឋាននៅក្រុងស៊ីអាន (Xi'an) បានបង្ហាញចំណាប់អារម្មណ៍ចង់វិនិយោគលើវិស័យកសិកម្មនៅកម្ពុជា ជាពិសេសគឺចង់វិនិយោគក្នុងខេត្តរតនគិរី និងខេត្តមណ្ឌលគិរី បន្ថែមទៀតផងដែរ។
ចំពោះក្រុមហ៊ុន Zhongjiao Tongli គឺមានប្រតិបត្តិការអាជីវកម្មលើវិស័យពាណិជ្ជកម្ម កសិកម្ម ថាលពលស្អាត និងប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃ។ ក្រុមហ៊ុនក៏បាននិងកំពុងវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា ដែលមានដូចជា ដំណាំចេក និងស្វាយ នៅតាមបណ្ដាខេត្តមួយចំនួន ដូចជា ខេត្តរតនគិរី ខេត្តមណ្ឌលគិរី និងខេត្តស្ទឹងត្រែងផងដែរ
ជាមួយគ្នានោះដែរ ថ្មីៗនេះក្រុមហ៊ុន Danong Development Group ដែលមកពីប្រទេសចិន ក៏បានសម្រេចជ្រើសរើសខេត្តតាកែវ ដើម្បីវិនិយោគនៅក្នុងវិស័យកសិកម្ម នាពេលឆាប់ៗខាងមុខនេះផងដែរ។
នៅក្នុងជំនួបជាមួយ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ និង លោក Zhao Shujie ប្រធានក្រុមហ៊ុន Danong Development Group ក៏បានជម្រាបជូនអំពីគោលបំណង និងទិសដៅនៃគម្រោងវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា ដែលក្នុងនោះក្រុមហ៊ុនមានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងវិនិយោគនៅក្នុងខេត្តតាកែវ ដែលជាខេត្តដ៏មានសក្តានុពលមួយ លើវិស័យកម្ម នៅក្នុងចំណោមបណ្ដាខេត្តផ្សេងៗ របស់ប្រទេសកម្ពុជា ។
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត ក៏បានសម្ដែងការសាទរ និងស្វាគមន៍យ៉ាងកក់ក្ដៅបំផុត ចំពោះ ក្រុមហ៊ុន Danong Development Group ដែលជាក្រុមហ៊ុនមានបទពិសោធន៍ និងជំនាញច្បាស់លាស់ ក្នុងវិស័យកសិឧស្សាហកម្មបែបទំនើប និងឆ្លាតវៃ ដែលមានមូលដ្ឋាននៅខេត្តសាន់តុងរបស់ចិន មានគំរោងវិនិយោគទុន លើវិស័យកសិកម្ម នៅខេត្តតាកែវ៕