ធ្លាប់រកស៊ីខាតស្ទើរខ្សោះខ្លួន តែបុគ្គលទាំង៣រូបនេះ អាចរំដោះខ្លួនពីភាពបរាជ័យតាមវិធីទាំងនេះ
ធី ស្រីល័ក្ខJUNE 17 2024118 views

ការរកស៊ីមានខាតមានចំណេញគឺជារឿងធម្មតា ប៉ុន្តែអាចរក្សាអាយុជីវិតអាជីវកម្មឲ្យឈរជើងរស់នៅបានយូរអង្វែង ជាពិសេសឆ្លងកាត់ដំណាក់កាលខាតដំបូង បញ្ហាលំបាកលំបិនរុកកួនទាញដៃទាញជើងចុះទឹកក្រពើឡើងលើខ្លា នៅតែអាចរក្សាដង្ហើមអាជីវកម្មបានមិនមែនជារឿងងាយស្រួលនោះទេ។

ខាងក្រោមនេះគឺជាសហគ្រិន ៣រូប ដែលធ្លាប់រកស៊ីខាតស្ទើរខ្សោះខ្លួន តែបុគ្គលទាំង៣រូបនេះ អាចរំដោះខ្លួនពីភាពបរាជ័យតាមវិធីរៀងៗខ្លួនទាំងនេះ៖

១. លោក Elon Musk

ត្បិតពេលនេះលោក Elon Musk ជោគជ័យខ្លាំងក្នុងការធ្វើជំនួញ និងបានគ្រងតំណែងជាមហាសេដ្ឋីលេខមួយលើលោកក៏ពិតមែន ប៉ុន្តែលោកក៏បានរងការបរាជ័យដួលងើបៗជាច្រើនសារផងដែរ។ ជាក់ស្តែង ក្នុងឆ្នាំ ២០០២ លោកបានបើកក្រុមហ៊ុន SpaceX ជាមួយលុយ ក្នុងទំហំ ១០០លានដុល្លារ។ រឿងរ៉ាវដ៏ជូរចត់នៅពីក្រោយភាពជោគជ័យនៃក្រុមហ៊ុន SpaceX ដែលជាក្រុមហ៊ុនឯកជនដំបូងគេបង្អស់ក្នុងវិស័យអវកាស គឺដើមឡើយ លោក Elon Musk បានផលិតរ៉ុកកែតម៉ាស៊ីនមួយ (Falcon 1) ចំនួន៣គ្រឿងជាមួយទឹកលុយដែលលោកបានត្រៀម ហើយការសាកល្បងទាំង៣លើក សុទ្ធតែបរាជ័យ ។ នៅពេលនោះ ក្រុមហ៊ុនលោកបានប្រឈមនឹងវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ ស្ទើរតែក្ស័យធនទៅហើយ។ រឿងដែលលោកបានធ្វើ​ ដើម្បីស្រោចស្រង់ស្ថានភាពឲ្យល្អប្រសើរឡើងវិញនោះគឺ៖

១/. កុំចាប់ផ្តើមដោយផលិតផល ប៉ុន្តែត្រូវចាប់ផ្តើមដោយបញ្ហា៖ ក្រុមហ៊ុនSpaceX មិនបានចាប់ផ្តើមឡើងដោយការបង្កើតគ្រាប់រ៉ុកកែតសម្រាប់បង្ហោះដោយខ្លួនឯងទេ។ ក្នុងពេលដំបូងៗលោក Elon Musk និងក្រុមអ្នកផ្តល់ប្រឹក្សាធ្វើដំណើរទៅប្រទេសរុស្ស៊ីពីរដងដើម្បីទិញគ្រាប់រ៉ុកគែតឆ្លងទ្វីប។ បញ្ហាស្ថិតនៅត្រង់ថាពួករុស្ស៊ីទាំងនោះមិនគោរពលោក ពីរបីឆ្នាំក្រោយមក លោក Elon Musk និងក្រុមហ៊ុនSpaceX ក៏បង្កើតគ្រាប់រ៉ុកគែតដោយខ្លួនឯងបាន។   

២/. ស្រាវជ្រាវជាមុន៖ លោក Elon Musk អានសៀវភៅគ្រប់ប្រភេទទាក់ទងនឹងការផលិតគ្រាប់រ៉ុកកែតដែលអាចរកបានទាំងចាស់ទាំងថ្មី។ ជាងនេះទៅទៀត លោក Elon Musk ដឹងច្បាស់ថា មានសហគ្រិនផ្សេងទៀតដែរធ្លាប់សាកល្បងក្នុងវិទ្យាសាស្រ្តរ៉ុកកែតនេះនិងបរាជ័យ។ ដូច្នេះលោកសិក្សាអំពីអ្វីដែលគេបានធ្វើ រៀនពីកំហុសរបស់គេដើម្បីជៀសវាងកំហុសដដែលៗ។  

៣/. ទទួលយកបញ្ហាប្រឈម៖ ផែនការដំបូងរបស់លោក Elon Musk គឺចង់លើកទឹកចិត្តសាធារណជន និងប្រមូលដើមទុនកាន់តែច្រើនទៀតសសម្រាប់អង្គការNASA។ ប៉ុន្តែនៅពេលលោក Elon Musk ស្រាវជ្រាវកាន់តែច្រើន លោកក៏កាន់តែដឹងអង្គការNASA មានបញ្ហាផ្ទាល់ខ្លួនលើពីដើមទុនទៅទៀត។ លោកចាប់ផ្តើមយល់មូលហេតុដែលអ្វីៗទាក់ទងនឹងការធ្វើដំណើរទៅក្នុងលំហមានតម្លៃខ្ពស់ខ្លាំង។ ដូច្នេះលោក Elon Musk ក៏ចាប់ផ្តើមគិតកាន់តែធំ។ បើលោកអាចទម្លាក់តម្លៃធ្វើដំណើរទៅក្នុងលំហ លោកនឹងមានឱកាសកាន់តែច្រើន។  

៤/. ធ្វើឱ្យមនុស្សគ្រប់គ្នាក្លាយជាម្ចាស់៖ ក្នុងពេលដែលបុគ្គលិកក្រុមហ៊ុនSpaceX មានចំនួនកាន់តែច្រើន លោក Elon Musk ចង់លើកទឹកចិត្តបុគ្កលិកទាំងនោះឱ្យមានភាពម្ចាស់ការកាន់តែខ្លាំងដែរ។ ដោយសារបុគ្គលិកទាំងនោះចាយលុយរបស់លោក លោកក៏បង្កើតគំនិតឱ្យបុគ្គលិកទាំងនេះចេះសន្សំសំចៃខ្លះ។ ក្រុមបុគ្គលិកដំបូងៗទទួលបានចំណែកហ៊ុនធំៗ។ ជាលទ្ធផល ក្រុមការងារធ្វើកិច្ចការធំដោយចំណាយធនធានអស់កាន់តែតិច។ 

៣. លោក  Jeff Bezos

ក្នុង​ដំណើរ​ជីវិតលើវិស័យជំនួញ​របស់​លោក Jeff Bezos ក្រោយឆ្លងកាត់ការបរាជ័យជាច្រើនលើកច្រើនសារទម្រាំតែអាចកសាងក្រុមហ៊ុនយក្ស Amazon មានតម្លៃរាប់ពាន់លានដុល្លារបានដូចនាពេលបច្ចុប្បន្ននេះ ត្រូវពើបប្រទះនូវរឿងជាច្រើន។ លោកបានរៀនសូត្រនូវមេរៀនធំៗមួយចំនួនពីបទពិសោធន៍កន្លងមក និងព្យាយាមអនុវត្តតាមរហូតទទួលបានលទ្ធផលគួរជាទីគាប់ចិត្ត។ រឿងដែលលោកបានធ្វើនោះគឺ៖

១/. ផ្តោតការយកចិត្តទុកដាក់ ស្រលាញ់អាជីវកម្មប្រៀបដូចជាគូជីវិត៖ លោក​បាន​និយាយ​កាលពី​ថ្ងៃ​ទី​៦ ខែមិថុនា កន្លង​មក​ថា «​អ្នក​ត្រូវ​តែ​មាន​ចំណូលចិត្ត​ខ្លះ​ៗ​លើ​អ្វី​ដែល​អ្នក​ចង់​អភិវឌ្ឍន៍ និង​ធ្វើការ​ព្រោះ បើ​មិន​ដូច្នេះ​ទេ​អ្នក​នឹង​ប្រកួតប្រជែង​ជាមួយ​អ្នក​ដែល​មាន​ចំណូលចិត្ត​ច្រើន​ជាង​អ្នក ហើយ​ពួក​គេ​នឹង​អាច​ចេញ​ផលិតផល និង​សេវាកម្ម​ដែល​ល្អ​ជាង​អ្នក​»។ លោក​បាន​បន្ថែម​ថា សហគ្រិន​គួរតែ​ធ្វើ​អ្វី​ដែល​មានការ​ជំរុញ​ពី​គោលដៅ​ច្បាស់លាស់ មិនមែន​គិតពី​លុយ​តែ​មួយមុខ​ទេ ។

២/. ទទួលយក​ហានិភ័យ និង​រៀនពីការ​បរាជ័យ៖ លោក Bezos បាន​និយាយ​ថា «ប្រសិនបើ​អ្នករក​ឃើញ​គំនិត​អាជីវកម្ម​មួយ​ហើយ​វា​មិន​មាន​ហានិភ័យ​ទេ​… នោះ​វា​ប្រហែលជា​មាន​ន័យ​ថា​មាន​អ្នក​ធ្វើ​វា​ហើយ​… ដូច្នេះ​អ្នក​ត្រូវ​តែ​មាន​អ្វី​ដែល​មាន​ហានិភ័យ​ខ្ពស់ ហើយ​អ្នក​ត្រូវ​តែ​ទទួលស្គាល់​ថា មាន​ផ្លូវ​ជា​ច្រើន​ដែល​អាជីវកម្ម​របស់​អ្នក​អាច​នឹង​បរាជ័យ​»។ លោក​បាន​បន្ថែម​ថា ទំហំ​នៃ​ហានិភ័យ និង​ការ​បរាជ័យ​ត្រូវ​តែ​កើនឡើង​តាម​ទំហំ​ក្រុមហ៊ុន ។

៣/. ងាយ​ផ្លាស់​ប្តូរ​គំនិត​៖ លោក Bezos បាន​រៀនសូត្រ​ច្រើន​ពី​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយនឹង​មនុស្ស​ដែល​មាន​ឥទ្ធិពល​ធំ​ៗ​ជុំវិញ​ពិភពលោក​ថា មនុស្ស​ដែល​ជោគជ័យ គឺជា​មនុស្ស​ដែល​ពូកែ​ស្តាប់ និង​ពូកែ​ផ្លាស់​ប្តូរ​គំនិត ។ សម្រាប់​លោក​មនុស្ស​ដែល​តែងតែ​ឈ្នះ គឺជា​មនុស្ស​ដែល​ព្យាយាម​ស្វែងរក​ជំនឿ​របស់​ពួក​គេ ហើយ​ព្យាយាម​ស្វែងរក​ភស្តុ​តាង ដើម្បី​រុញច្រាន​គំនិត​នោះ​ចោល។

៣. លោក Jack Ma

Jack Ma (Ma Yun) គឺជាស្ថាបនិកម្នាក់របស់ក្រុមហ៊ុនយក្ស Alibaba ដែលជាទីផ្សារលក់ទំនិញអនឡាញមួយដែលធំនៅក្នុងប្រទេសចិន។ Jack Ma ក៏ជាមហាសេដ្ឋីប្រាក់ពាន់លានម្នាក់ដែលពិភពលោកទទួលស្គាល់ ហើយគាត់ក៏ជាមនុស្សដែលចូលចិត្តចែករំលែកចំណេះដឹងដល់អ្នកដទៃជាហូរហែរផងដែរ នាពេលកន្លងមកពីបទពិសោធន៍ដែលលោកធ្លាប់ឆ្លងកាត់ ជាពិសេសកំហុសឆ្លងក្នុងការធ្វើអាជីវកម្មរហូតដល់លោកហៅក្រុមហ៊ុន Alibaba ថា ១០០១ កំហុស។ រឿងដែលលោកបានធ្វើ​ ដើម្បីស្រោចស្រង់ស្ថានភាពឲ្យល្អប្រសើរឡើងវិញនោះគឺ៖

១/. ទទួលការបដិសេធ តែមិនទទួលការបរាជ័យ៖ ក្តីបំណងរបស់មនុស្សគ្រប់រូបសំរេចទៅបានរមែងតែងតែត្រូវការ ការពឹងពាក់ពីអ្នកដទៃ តែការពឹងពាក់ទាំងនោះរមែងតែងទទួលបានការបដិសេធច្រើនរាប់មិនអស់។ ដូច្នេះ អ្នកត្រូវតែត្រៀមខ្លួនជានិច្ច ដើម្បីទទួលយកការបដិសេធទាំងនោះមកធ្វើជាមេរៀន និងអភិវឌ្ឍន៍ខ្លួនអោយកាន់តែប្រសើរជាងមុន។ ពោល គឺមានន័យថា អ្នកព្រមទទួលយកការបដិសេធពីអ្នកដទៃ តែមិនមែនមានន័យថា អ្នកទទួលយកការបរាជ័យទៅលើគោលដៅ ដែលអ្នកចង់បានសម្រាប់ជីវិតនៅថ្ងៃអនាគតនោះឡើយ។

២/. រៀនពីដៃគូប្រកួតប្រជែង មិនមែនចម្លងទេ៖ ការចម្លងពីអ្នកដទៃ គឺដូចជាការសំលាប់ខ្លួនឯងដែរ ព្រោះអ្នកកំពុងតែយកក្តីប្រាថ្នារបស់អ្នកដទៃមកអនុវត្តន៍ ដែលមិនមែនជាក្តីបំណងរបស់អ្នក។ ប៉ុន្តែ អ្នកគួរតែរៀនសូត្រពីអ្នកទាំងនោះអោយបានច្រើនវិញ និងរក្សាជំហររបស់អ្នកអោយនៅដដែល ហើយព្រមទាំងធ្វើការប្រកួតប្រជែងដោយប្រើប្រាស់ប្រាជ្ញា ស្មារតី មិនមែនកំលាំងនោះទេ។

រៀនពីកំហុសអ្នកដទៃ៖ មនុស្សគ្រប់រូបសុទ្ធតែធ្លាប់បានធ្វើខុស ហើយកំហុសរបស់ពួកគេក៏ជាមេរៀនដ៏ល្អសម្រាប់អ្នកយកមកពិចារណា និងជៀសវាងកុំឲ្យធ្វើខុសម្តងទៀត។ ដូច្នេះ អ្នកគួរតែរៀនសូត្រពីកំហុសរបស់បុគ្គលបរាជ័យ ព្រោះពួកគេតែងតែចែករំលែកនូវបទពិសោធន៍បរាជ័យ ដែលសុទ្ធសឹងតែជាមេរៀនដ៏ល្អបំផុត ដើម្បីជៀសវាងការមានកំហុសឆ្គងច្រើន មុនឈានទៅដល់ភាពជោគជ័យ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia