នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu គឺជាបុគ្គលដែលបានកាន់តំណែងយូរបំផុតនិងវ័យក្មេងជាងគេក្នុងប្រវត្តិសាស្រ្តអ៊ីស្រាអែលក្រោយបម្រើការងារអស់រយៈពេល១៦ឆ្នាំ និងកា្លយជាអ្នកដឹកនាំប្រទេសចំនួន៣លើក ដោយលើកទី១កាន់តំណែងពីឆ្នាំ ១៩៩៦ ដល់ឆ្នាំ ១៩៩៩ និងម្តងទៀតពីឆ្នាំ២០០៩ ដល់ឆ្នាំ២០២១ និងឆ្នាំ២០២២រហូតដល់បច្ចុប្បន្ន។
ជានាយករដ្ឋមន្ត្រីដំបូងគេដែលបានកើតនៅក្នុងប្រទេសអ៊ីស្រាអែល នៅឆ្នាំ១៩៤៩ បន្ទាប់ពីការប្រកាសឯករាជ្យនៃរដ្ឋអ៊ីស្រាអែលបាន១ឆ្នាំ ដោយមានឪពុកម្តាយជាជនជាតិជីហ្វ លោកក៏ត្រូវបានចិញ្ចឹមបីបាច់ ធំធាត់និងឱ្យរៀនសូត្រនៅសហរដ្ឋអាមេរិក។
លោកបានបញ្ចប់ការសិក្សាពីវិទ្យាស្ថានបច្ចេកវិទ្យា Massachusetts និងបានក្លាយជាទីប្រឹក្សាសេដ្ឋកិច្ចសម្រាប់ Boston Consulting Group។ រហូតដល់ឆ្នាំ១៩៦៧ លោកក៏បានត្រឡប់ទៅអ៊ីស្រាអែលវិញដើម្បីបម្រើមាតុភូមិជាកងទ័ពពិសេស។
ក្រៅពីការងារជាអ្នកដឹកនាំរដ្ឋាភិបាល លោកក៏ធ្លាប់ជារដ្ឋមន្រ្តីការបរទេសរបស់អ៊ីស្រាអែល និងជាអ្នកជំនួញផងដែរ។ លោក Benjamin មានទ្រព្យសម្បត្តិ១៣លានដុល្លារ យោងតាមការចេញផ្សាយរបស់ Forbes នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣ ។ ក្នុងនោះបុរសវ័យ៧៣ឆ្នាំ ដែលមានឈ្មោះក្រៅហៅថា bibi រូបនេះមានចំណុច៣ដែលគួរដឹងគឺ៖
ទី១. លោកពូកែធ្វើទំនាក់ទំនងការទូត លោកមានសម្ព័ន្ធមិត្តល្អជាមួយមេដឹកនាំប្រទេសមហាអំណាចជាច្រើន ដូចជារុស្ស៊ីជាដើម ជាពិសេសទំនាក់ទំនងឯកជន លោកគឺជាមិត្តជិតស្និទ្នរបស់លោកដូណាល់ត្រាំ អតីតប្រធានាធិបតីអាមេរិក។ លោកជាមនុស្សដំបូងដែលសាកល្បងជិះឡាន Cyber Truck មិនទាន់ចេញលក់ បើកដោយមហាសេដ្ឋី Elon Musk អំឡុងពេលទស្សនៈកិច្ចទៅអាមេរិកកាលពីប៉ុន្មានសប្តាហ៍មុន។
ទី២. លោកបានជាប់ឆ្នោតជានាយករដ្ឋមន្ត្រីដំបូងរបស់អ៊ីស្រាអែលនៅថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ១៩៩៦ ដោយយកប្រៀប១%ប៉ុណ្ណោះលើគូប្រកួតគឺ លោក Shimon Peres ។ លោក Netanyahu បានក្លាយជាបុរសវ័យក្មេងបំផុតមិនធ្លាប់មានក្នុងតំណែងជានាយករដ្ឋមន្ត្រីរបស់អ៊ីស្រាអែលនៅពេលដែលលោកបានបង្កើតរដ្ឋាភិបាលនៅថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ១៩៩៦។
ទី៣. ជាមេដឹកនាំដែលកាន់តំណែងយូរបំផុតក្នុងប្រវត្តិសាស្ត្ររបស់ប្រទេស និងជាមេដឹកនាំទី១ដែលកើតនៅក្នុងប្រទេសអ៊ីស្រាអែលបន្ទាប់ពីការប្រកាសឯករាជ្យពេញលេញបាន១ឆ្នាំ ពោលគឺការប្រកាសឯករាជ្យរបស់អ៊ីស្រាអែលនៅឆ្នាំ១៩៤៨ លោកនាយករដ្ឋមន្រ្តីកើតនៅឆ្នាំ១៩៤៩។
គួរជម្រាបផងដែរថា អ៊ីស្រាអែលជារដ្ឋមួយដែលមានសមត្ថភាពខ្លាំងមួយលើវិស័យបច្ចេកវិទ្យា ការធ្វើកសិកម្មដ៏ទំនើបលើវាលខ្សាច់ ការនិយោគ អាជីវកម្ម និងការអប់រំ អ៊ីស្រាអែល គឺជាប្រទេសតូចមួយស្ថិតនៅតំបន់អាស៊ីខាងលិច ដែលមានទំហំសេដ្ឋកិច្ចធំបំផុត ប្រទេសនេះមានភាពល្បីល្បាញ ថាមានមហាសេដ្ឋីច្រើនជាងគេនៅមជ្ឈិមបូព៌ាដែលជាប់ចំណាត់ថ្នាក់ទី១៨ នៅលើពិភពលោក៕
អត្ថបទដោយ៖ ពីង ជូអេង