អ្នកប្រហែលជាធ្លាប់ឃើញសហគ្រិនល្បីៗទាំងក្នុង និងក្រៅស្រុកភាគច្រើនសុទ្ធសឹងតែមានវ័យពាក់កណ្តាលអាយុមនុស្ស ឬអាចឈានដល់វ័យចំណាស់តែម្តងក៏មានដូចជា លោក Elon Musk, Bill Gates, Jeff Bezos និង Mark Zuckerberg រួមទាំងសហគ្រិនលេចធ្លោជាច្រើនរូបទៀតដែលក្តោបជំនួញធំៗកើបចំណូលបានរាប់ពាន់លានដុល្លាក្នុងមួយឆ្នាំៗ។
ប៉ុន្តែថ្ងៃនេះ Business Cambodia នឹងនាំអ្នកមកមើលរបរកូនក្មេង ៣ អាចកើបចំណូលបានរាប់ម៉ឺនដុល្លារក្នុងមួយឆ្នាំ ចាយទុនក្រោម ៥០០ដុល្លារ៖
១/. ធ្វើទៀនក្រអូប
នៅអាយុ ១៣ឆ្នាំ ក្មេងប្រុស Hart Main បានរកឃើញគំនិតមួយនៃទៀនក្លិនក្រអូបសម្រាប់បុរស បន្ទាប់ពីត្រូវបានគេចំអកឱ្យបងស្រីរបស់គាត់អំពីក្លិនក្រអូបដែលនាងកំពុងលក់សម្រាប់កម្មវិធីរៃអង្គាសប្រាក់របស់សាលា។ ក្មេងជំទង់ Hart និងឪពុកម្តាយ បានរួមគ្នាបង្កើតគំនិតនេះឲ្យក្លាយជាការពិត ដោយការចូលរួមទឹកប្រាក់បន្តិចបន្តួចដើម្បីចាប់ផ្តើមអាជីវកម្ម ហើយបានធ្វើការរួមគ្នាដើម្បីអភិវឌ្ឍទៀនដែលមានឈ្មោះថា ManCan ជាមួយនឹងក្លិនក្រអូបប្លែកៗគ្នាដែលរួមមាន Campfire, Bacon, Sawdust, Fresh Cut Grass, និង Grandpa's Pipe ត្រូវបានផលិតឡើងដោយប្រើកំប៉ុង។
២/. ច្នៃក្រដាសកាតុងធ្វើកេស
ក្មេងប្រុសតូច្រម៉ក់ Caine Monroy មានអាយុត្រឹមតែ ៩ឆ្នាំប៉ុណ្ណោះនៅពេលដែលគាត់បានបើកដំណើរការ Arcade ក្រដាសកាតុងធ្វើកេសផ្ទាល់ខ្លួនរបស់គាត់នៅក្នុងហាងលក់គ្រឿងបន្លាស់រថយន្ត East LA ឪពុករបស់គាត់។ គាត់បានបង្ហោះខ្សែវីឌីអូខ្លីមួយទៅកាន់បណ្តាញសង្គម ហើយមិនយូរប៉ុន្មាន អាជីវកម្ម Arcade របស់ Caine ត្រូវបានគេស្គាល់ជាអន្តរជាតិ ដោយបានចុះផ្សាយនៅលើបណ្តាញសារព័ត៌មានដូចជា ABC World News, Good Morning America និង MSNBC ។
សកម្មភាបនេះបានស្រូបទាញអតិថិជនច្រើនជាងអ្វីដែលហាងលក់គ្រឿងបន្លាស់រថយន្តអាចគ្រប់គ្រងបាន ដោយមានអតិថិជនរង់ចាំរយៈពេល ៤ម៉ោង ឬច្រើនជាងនេះ។ អាជីវកម្មច្នៃក្រដាសកាតុងធ្វើកេស Arcade របស់ Caine បានបង្កើតចលនាមួយ ដែលនាំទៅដល់ការបង្កើតមូលនិធិ Imagination Foundation ដែលជាអង្គការមិនរកប្រាក់ចំណេញដែលបង្កើតឡើងដើម្បីលើកទឹកចិត្តដល់ភាពច្នៃប្រឌិត និងសហគ្រិនភាពក្នុងចំណោមកុមារ។ សំខាន់បំផុត មូលនិធិរបស់ Caine បានបញ្ឆេះស្មារតីច្នៃប្រឌិតនៅសម្រាប់កុមារជុំវិញពិភពលោក។
៣/. ប្រើជំនាញធ្វើ Jam ដាក់លក់
ក្មេងប្រុសជំទង់ Doherty គឺជាសហគ្រិនដ៏អស្ចារ្យម្នាក់ទៀតដែលបានក្លាយជាសេដ្ឋីតាំងពីអាយុ ១៤ឆ្នាំ។ ដោយប្រើជំនាញរបស់គាត់ក្នុងការធ្វើ Jam ដែលគាត់បានរៀនពីជីដូនរបស់គាត់លោក Fraser បានចាប់ផ្តើមលក់ Jam ដែលផលិតដោយខ្លួនគាត់ទៅហាង Waitrose។ ក្នុងឆ្នាំ២០០៧ ផ្សារទំនើបរបស់ចក្រភពអង់គ្លេសលំដាប់ខ្ពស់មួយបានចរចាជាមួយ Doherty អំពីការលក់ Jam ដែលនាំឱ្យផលិតផលរបស់គាត់ទទួលបានកន្លែងដាក់លក់ក្នុងហាងចំនួន ១៨៤ទីតាំង។ ក្នុងឆ្នាំដដែល ក្រុមហ៊ុនរបស់គាត់មាន ៧៥០,០០០ ដុល្លារក្នុងការលក់។ ចាប់តាំងពីពេលនោះមក ក្រុមហ៊ុន Super Jam បានបន្តរីកចម្រើនពេញទ្វីបអឺរ៉ុប។
យ៉ាងណាមិញ ខាងលើនេះគឺជាគំនិតមួយចំនួននៃការចាប់ផ្តើមអាជីវកម្ម និងបង្ហាញថាសហគ្រិនភាពមិនបានកំណត់លើវ័យនោះទេ។ បើអ្នកយល់ថា អ្នកមានគំនិតមួយដ៏អស្ចារ្យនិងចង់រំលេចវាឲ្យចេញជារូបរាង ចូរចាប់ផ្តើមជាមួយធនធានដែលអ្នកកំពុងមានក្នុងដៃនិងមានចក្ខុវិស័យច្បាស់លាស់ នោះថ្ងៃរបស់អ្នកនឹងមកដល់៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម https://t.me/BusinessCambodiaBook