ជិតដាច់ឆ្នាំហើយ រកស៊ីអ្វីល្អ? នេះជាមុខរបរទាំង៣ រកចំណូលបានច្រើននៅថៃ អ្នករកស៊ីនៅខ្មែរគួរពិចារណា
ធី ស្រីល័ក្ខDECEMBER 22 20221.5 K views

កាលពីកន្លងទៅនេះ​ លោក សំ កុសល ជាមួយក្រុមការងារ Business Cambodia បានធ្វើដំណើរទៅកាន់ប្រទេសថៃ ដើម្បីមើលអាជីវកម្មថ្មីៗប្លែកៗនៅទីនោះ។ បន្ទាប់ពីចំណាយពេលអស់ ៣ថ្ងៃ លោកបានឃើញមុខរបរធំៗទាំង៣ ដែលល្បីនិងរកចំណូលបានច្រើននៅថៃ មិនតែប៉ុណ្ណោះមុខរបរទាំងនោះនៅខ្មែរពុំមានអ្នកធ្វើច្រើនឡើយ ដូច្នេះវាជាឱកាសល្អមួយសម្រាប់អ្នកចង់មានមុខរបរផ្ទាល់ខ្លួន អាចពិចារណាចាប់ផ្តើមក្នុងឆ្នាំ ២០២៣។

១. រោងចក្រផលិតស្បែកជើងនិច្ចា

ចំពោះមុខរបរដែលថៃកំពុងតែរកស៊ីកាក់កបគឺមុខរបរ ផលិតស្បែកជើងនិច្ចា ហើយរបរមួយនេះពិតជាឡូយខ្លាំងមែនទែន ដោយពួកគាត់បានផលិតស្បែកជើងនេះសម្រាប់ពាក់ទៅចម្ការ ក៏ដូចជាផលិតពាក់ប្រចាំថ្ងៃ ដោយស្បែកជើងនេះទៀតសោតគាត់ផលិតចេញពីក្រណាត់ ហើយបាតស្បែកជើងវិញគឺផលិតចេញពីកៅស៊ូ។ ហើយបើក្រឡេកមកមើលប្រទេសកម្ពុជាវិញក៏មានកសិករយើងជាច្រើនបានដាំដំណាំកៅស៊ូផងដែរ ហើយសម្រាប់អ្នកមានដើមទុននិងចង់មានមុខរបរសម្រាប់ឆ្នាំ២០២៣ ខាងមុខនេះ អាចពិចារណាបាន ហើយបើមិនទាន់មានជំនាញក្នុងការធ្វើបាតស្បែកជើងចេញពីជ័រកៅស៊ូទេយើងអាចស្វែងរកកន្លែងបណ្តុះបណ្តាលណាមួយដែលគេបានបង្រៀនពីចំណុចនេះបានផងដែរ។

សម្រាប់កន្លែងផលិតស្បែកជើងនិច្ចានៅប្រទេសថៃនេះវិញ ជំហ៊ានដំបូងដែលពួកគាត់បានចាប់ផ្តើមគឺតូចទេ ដោយផ្តើមផលិតដំបូងត្រឹមតែ ៤នាក់ប៉ុណ្ណោះ ប៉ុន្តែពេលនេះគាត់អាចពង្រីកបានធំរហូតក្នុង១ខែគាត់អាចផលិតបាន១ម៉ឺន៤ពាន់គូសម្រាប់លក់ទៅលើទីផ្សារ។

. រោងចក្រផលិតខ្ទិះដូង

ចំពោះមុខរបរផលិតខ្ទិះដូងគឺមានតម្លៃខ្លាំងណាស់សម្រាប់ប្រទេសថៃ ព្រោះជាទូទៅនៅពេលដែលយើងបានធ្វើដំណើរកំសាន្តទៅលេងប្រទេសថៃហើយយើងបានភ្លក់នៅមុខម្ហូបគេនោះ យើងសង្កេតឃើញថាម្ហូបនីមួយៗរបស់គេគឺប្រើខ្ទិះដូងច្រើន ដូច្នេះហើយទើបប្រជាជនថៃមួយចំនួននាំគ្នាសម្រុកដាំដូង រហូតធ្វើឱ្យរោងចក្រមួយកន្លែងក្នុងប្រទេសថៃ គាត់បានទិញដូងយកមកកែច្នៃធ្វើជាខ្ទិះរហូតក្នុង១ឆ្នាំអាចផលិតបាន ១៥ម៉ឺនតោនឯណោះ។​

លើសពីនេះទៅទៀត ក្រៅពីពួកគាត់បានយកដូងធ្វើជាខ្ទិះសម្រាប់លក់ពួកគាត់បាន យកខ្ទិះដូងជាមួយទឹកដូងធ្វើជាភេសជ្ជៈសម្រាប់ផឹកទៀតផង ដែលការកែច្នៃនេះមើលទៅពិតជាល្អខ្លាំងមែនទែនព្រោះត្រឹមតែផ្លែដូងធម្មតាមួយកសិករថៃអាចច្នៃចេញជាផលិតផលបានជាច្រើនមុខ។ ហើយបើក្រឡេកមកមើលប្រទេសយើងវិញក៏មានកសិករដាំដូងច្រើនដូចគ្នា ដែលវាឱកាសល្អសម្រាប់អ្នកដែលមានដើមទុនច្រើនហើយគាត់ចង់កែច្នៃផលិតផលខ្មែរគួរតែចាប់ឱកាសនេះ ព្រោះផ្លែដូងពិតជាមានគុណតម្លៃនិងអត្ថប្រយោជន៍ច្រើនណាស់។

៣. ចម្ការផ្កាអ័រគីដេ

ក្រោយពីក្រុមការងារចាបក្រហម បានចុះទៅមើលដល់ចម្ការផ្កាអ័រគីដេនៅប្រទេសថៃ យើងបានសង្កេតឃើញថាពួកគាត់ដាំបានផលល្អណាស់រហូតធ្វើឱ្យក្នុង១ថ្ងៃ គាត់អាចរកចំណូលបានខ្ទង់ពាន់ដុល្លារឯណោះ ហើយសម្រាប់បច្ចេកទេសថែទាំងផ្កាអ័រគីដេក៏ងាយស្រួលដែរ ពោលគឺមិនចំណាយពេលយូរដែរ ដោយយើងអាចរៀនបច្ចេកទេស៥០% ហើយ៥០% ទៀតអាចស្រាវជ្រាវបន្ថែមបានពីការថែទាំផ្កាអ័រគីដេ៕ ទសន្សាវីដេអូពេញនៅទីនេះ៖

អត្ថបទ៖ ធី ស្រីល័ក្ខ

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia